ភ្នំពេញ៖ អាជីពបុរាណវិទ្យា មិនមែនធ្វើការក្នុងការិយាល័យមានម៉ាស៊ីនត្រជាក់នោះទេ តែអ្នកស្រាវជ្រាវបុរាណវិទ្យា តែងតែចុះទៅស្ថានីយស្រាវជ្រាវញឹកញាប់ ដែលស្ថិតនៅព្រៃភ្នំ ទាំងហាលខ្យល់ ហាលភ្លៀង។ ទោះអាជីពនេះ មានភាពហត់នឿយមែន តែអ្នកជំនាញបុរាណវិទ្យា មានទីផ្សារការងារច្រើនគួរសម និងមានតម្លៃណាស់សម្រាប់ប្រទេសជាតិ។ លោក ធុយ ចាន់ធួន បណ្ឌិតបុរាណវិទ្យា កំពុងបារម្ភពីការបាត់បង់ធនធានមនុស្សផ្នែកបុរាណវិទ្យា ស្របពេលដែលមុខវិជ្ជាដ៏សំខាន់មួយនេះ មាននិស្សិតចូលរៀនតិចទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាបន្តសូមអញ្ជើញស្តាប់ជីវព័ត៌មានដែលរៀបចំដោយ លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖
ខុសពីមុខវិជ្ជា គណនេយ្យ វិស្វកម្ម ស្ថាបត្យកម្ម និងព័ត៌មានវិទ្យាជាដើម ដែលកំពុងតែមានប្រជាប្រិយភាព ដោយបានទាក់ទាញនិស្សិតរាប់ពាន់នាក់ឲ្យចូលរៀន នៅក្នុងមួយឆ្នាំៗនោះ មុខវិជ្ជាបុរាណវិទ្យាឯណោះវិញ មាននិស្សិតខ្មែររៀន ប្រមាណ១០នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ តួលេខ ដ៏ស្តួចស្តើងនេះ បានធ្វើឲ្យ លោក ធុយ ចាន់ធួន បណ្ឌិតបុរាណវិទ្យាផ្នែកបុរេប្រវត្តិសាស្ត្រ និងជាអ្នកស្រាវជ្រាវដ៏សកម្មម្នាក់ ព្រួយបារម្ភយ៉ាងខ្លាំង ពីភាពកាន់តែខ្សត់នៃធនធានមនុស្សផ្នែកបុរាណវិទ្យា នៅថ្ងៃអនាគត។
រូបថតពីហ្វេសប៊ុកលោក ធុយ ចាន់ធួន
លោក ធុយ ចាន់ធួន បច្ចុប្បន្នជាសាស្ត្រាចារ្យ និងជាអនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ។ លោក បានពន្យល់យ៉ាងដូច្នេះថា៖«បុរាណវិទ្យា គឺជាការសិក្សាកេរដំណែលដែលបន្សល់ដោយមនុស្ស។ ស្អីទៅកេរដំណែល គឺរបស់របរដូនតា ដែលបន្សល់ទុកឲ្យយើងរហូតមកដល់សព្វថ្ងៃ។ អ្នកប្រវត្តិសាស្ត្រតែងនិយាយថា បុរាណវិទ្យា ជាបិតានៃប្រវត្តិសាស្ត្រ ព្រោះអ្នកបុរាណវិទ្យា ជាអ្នកទៅបើក ជីកកកាយ និងបង្ហាញវត្ថុទាំងអស់ហ្នឹង។ ចំណែកអ្នកប្រវត្តិសាស្ត្រ យករបស់ហ្នឹងទៅអាន និងបកស្រាយបន្តទៀត។ អ្វីដែលសំខាន់សម្រាប់កិច្ចការបុរាណវិទ្យា និងប្រវត្តិសាស្ត្រនេះ គឺជាតិសាសន៍ណាក៏ដោយ ត្រូវតែរៀនផ្នែកប្រវត្តិសាស្ត្រ ឬបុរាណវិទ្យា ឲ្យបានយល់ច្បាស់។ មូលហេតុអ្វី? បើសិនអត់ដឹងប្រវត្តិសាស្ត្រខ្លួន មិនដឹងថាខ្លួនឯងជាជាតិសាសន៍ស្អីទេ»។
បើតាម លោក ធុយ ចាន់ធួន ការថមថយចំនួននិស្សិតសិក្សាមុខវិជ្ជានេះ ក៏ព្រោះ អាជីពជាអ្នកស្រាវជ្រាវបុរាណវិទ្យា មិនមែនជាអាជីពដែលធ្វើការក្នុងម៉ាស៊ីនត្រជាក់ ដូចអាជីពមួយចំនួននោះទេ។ អ្នកសិក្សាមុខវិជ្ជានេះ ត្រូវតែមានឆន្ទៈខ្ពស់ និងបេះដូងស្រឡាញ់ជាតិ ពិតប្រាកដ ព្រោះអាជីពនេះ មិនមែនងាយស្រួលឡើយ ពោលគឺត្រូវតែចុះទៅស្ថានីយប្រវត្តិសាស្ត្រ នៅព្រៃភ្នំ ដើម្បីគាស់កកាយរកវត្ថុតាងផ្សេងៗ ដែលដូនតាបានបន្សល់ទុក។
តាមពិតទៅ ដ្បិតជាមុខវិជ្ជាមិនសូវល្បី តែជំនាញបុរាណវិទ្យា ពិតជាសម្បូរការងារធ្វើ និងប្រាក់ខែខ្ពស់ផងដែរ។ បើតាមលោក ធុយ ចាន់ធួន និស្សិតបុរាណវិទ្យានៅពេលបញ្ចប់សិក្សា ពួកគេអាចកិច្ចការជាអ្នកអភិរក្សប្រាសាទ ក្នុងតំបន់អង្គរ និងតាមខេត្តនានា ជាមន្ត្រីរាជការ មគ្គទេ្ទសក៍ប្រាសាទ និងជាអ្នកសិក្សាស្រាវជ្រាវ។
ហេតុអ្វីលោក ធុយ ចាន់ធួន ចាប់ចិត្តអាជីពបុរាណវិទ្យា?
មានស្រុកកំណើតនៅខេត្តក្រចេះ លោក ធុយ ចាន់ធួន បានចាប់ចិត្តរៀនជំនាញបុរាណវិទ្យានេះតាំងពីថ្នាក់វិទ្យាល័យ ពោលគឺគ្រាដែលលោកបានឃើញសិលាចារឹក នៅភ្នំសំបុកខេត្តក្រចេះ ប៉ុន្តែលោកអានអក្សរនោះមិនដាច់។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅការិ ល័យរបស់លោក ក្នុងរាជបណ្ឌិត្យសភាកម្ពុជា បុរសរាងខ្ពស់ សម្បុរសណ្តែកបាយ និងសក់ស្កូវរូបនេះ បានអះអាងយ៉ាងដូច្នេះ៖«កាលគ្រូនៅខេត្តក្រចេះហ្នឹង គ្រូឡើងទៅភ្នំសំបុក ឃើញប្រាសាទ ឃើញសិលាចារឹក ចេះតែឆ្ងល់ ហើយគេថាហ្នឹងអក្សរខ្មែរ តែខ្មែរឥឡូវអានមិនដាច់ខ្លួនផង មកអួតថា ខ្លួនជាខ្មែរស្អី! អាហ្នឹងជាចម្ងល់។ អ៊ីចឹងហើយ ទើបធ្វើខ្ញុំមករៀនមហាវិទ្យាល័យអក្សរសាស្ត្រ មនុស្សសាស្ត្រ និងមហាវិទ្យាល័យបុរាណវិទ្យា»។
លោក ធុយ ចាន់ធួន អ្នកស្រាវជ្រាវខ្មែរលេចធ្លោម្នាក់ ដែលបង្កើតស្នាដៃសំខាន់ៗសម្រាប់ប្រទេសជាតិ
លោក ធុយ ចាន់ធួន គឺជាអ្នកបុរាណវិទ្យាដ៏សកម្មម្នាក់ ដែលប្រឡូកការងារស្រាវជ្រាវបុរាណវិទ្យាជាច្រើន ទាំងក្នុងស្រុក និងក្រៅប្រទេស។ ប៉ុន្តែអ្វីដែលធ្វើឲ្យលោក ធុយ ចាន់ធួន ល្បីល្បាញខ្លាំងនោះ គឺលោកជាអ្នករកឃើញឡស្លដែកបុរាណខ្មែ រចំនួន៧៩ទីតាំង នៅបែកខាងជើងនៃប្រទេសកម្ពុជា ដែលវាជាមូលហេតុមួយ ក្នុងចំណោមមូលហេតុផ្សេងទៀត នៃភាពរុងរឿងនាសម័យអង្គរ។
លោកបានរៀបរាប់បែបនេះថា៖«កាលពីឆ្នាំ២០១០ គ្រូជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យបុរាណវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ថ្ងៃមួយ ក៏ជិះឡានខ្លួនឯង ទៅស្ថានីយម្លូព្រៃ នៅស្រុកឆែប។ អូ! ផ្លូវលំបាកណាស់ មានន័យថា អត់មានផ្លូវ ផ្លូវចាស់ ផ្លូវបុរាណ ផ្លូវរទេះគោហ្នឹង គ្រូមានឡានមួយ ក៏ជិះទៅតាមផ្លូវហ្នឹង សល់៤គីឡូម៉ែត្រដល់ឆែប ក៏ឃើញការដ្ឋាន រដ្ឋាភិបាល កំពុងតែកាប់ពង្រីកផ្លូវ ក៏ប្រទះឃើញបំពង់ធំៗ នៅពេលឃើញអាអិចគេកាប់ ឃើញស្អីហ្នឹងខ្មៅម្ល៉េះ។ ពេលហ្នឹង គ្រូ និងកូនសិស្ស៥នាក់ ក៏បានឈប់ ហើយប្រាប់អ្នកធ្វើផ្លូវឲ្យឈប់ធ្វើកន្លែងហ្នឹង ក្រោយមក គ្រូក៏ជូនដំណឹងទៅមេភូមិស្រុក រហូតដល់រដ្ឋាភិបាល ពេលហ្នឹងក៏ល្បីរឿងហ្នឹងភ្លាម ថាគ្រូ រកឃើញឡស្លដែកសម័យបុរាណ»។
ក្រោយមក លោកបានស្នើទៅរដ្ឋាភិបាល សុំដីនៅស្រុកឆែបខេត្តព្រះវិហារ ដែលបច្ចុប្បន្នជាឧទ្យាជាតិរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប ដើម្បីស្រាវជ្រាវលម្អិត រហូតមកដល់បច្ចុប្បន្ន។
បើតាមលោកសាស្ត្រាចារ្យ ឡស្លដែកបុរាណ ដែលលោកបានរកឃើញមានចំនួន ១៩៥ ស្ថិតនៅចំនួន៧៩ទីតាំង នៅភាគខាងជើងប្រទេស គឺជាដើមចមនៃភាពរុងរឿង នៃអាណាចក្រខ្មែរ។ លោកបានពន្យល់យ៉ាងដូច្នេះ៖ «គ្រូបានធ្វើកាលបរិច្ឆេទ គឺមុនសម័យអង្គរទៀត។ មានតាំងពីឆ្នាំ៦៣៧ នៃគ្រិស្តសករាជ នៅក្នុងសម័យចេនឡា។ ដោយសារមានដែក ទើបគេអាចកាប់ថ្មបាន។ ការអភិវឌ្ឍន៍នាសម័យអង្គរបានលុះត្រាតែ ប្រាកដហើយ មានបាយញ៉ាំ កសិកម្ម អ្នកដឹកនាំល្អ ឈ្លាសវៃ ពូកែ ក្លាហានខ្លាំងក្លា។ បន្ទាប់ពីហ្នឹង គឺបដិវត្តន៍បច្ចេកទេស។ ខ្មែរយើងចេះស្លដែក ចេះចម្រាញ់ដែក ចេះទាញយកដែកពីរ៉ែធម្មជាតិ តាំងពីសម័យមុនអង្គរបន្តិចមកម្ល៉េះ។ ខ្មែរយើងយកដែក ទៅកាប់ដុំថ្មធ្វើជាប្រាសាទ។ គេតែងច្រើនថា ដាវអើយដាវដែក ដាវល្អចម្លែក ដែកកំពង់ស្វាយ ពីមុនមិនមែនខេត្តព្រះវិហារទេ គឺខេត្តកំពង់ស្វាយ។ ហើយកំពង់ធំ ជាខេត្តអាសន្ទុក»។
ក្រៅពីស្រាវជ្រាវរកឃើញឧស្សាហដែកសម័យបុរាណ នាពេលថ្មីៗនេះ បណ្ឌិត ធុយ ចាន់ធួន បានស្រាវជ្រាវរកឃើញប្រាសាទ ៤៣ នៅស្រុកសំបូរ ខេត្តក្រចេះ ដែលជាអតីតរាជធានីខ្មែរនៅសម័យចេនឡា។ បើតាមសាស្ត្រាចារ្យ ដែលមានអត្តចរិតម៉ត់ចត់រូបនេះ ប្រាសាទដែលរកឃើញទាំងនេះ បច្ចុប្បន្នសល់តែគ្រឹះ ប៉ុន្តែមានផ្តែរ ហោជាង ជញ្ជាំង រូបសំណាកខ្លះ និងលិង្គខ្លះជាដើម។ លោកសង្កត់ធ្ងន់ថា ទីនេះ គឺទីក្រុងសម្ភុបុរៈ ដែលជាអតីតរាជធានីខ្មែរសម័យចេនឡានទឹក ខណៈរាជធានីនគរចេនឡាគោក ស្ថិតនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ បច្ចុប្បន្ន។
ក្នុងវ័យ៤៧ឆ្នាំ លោក ធុយ ចាន់ធួន មានបំណងស្រាវជ្រាវរបកគំហើញថ្មីៗទៀត ដើម្បីបណ្តុះស្នារតីយុវជន ឲ្យមានមោទកភាពចំពោះដូនតារបស់ខ្លួន ដែលបានបន្សល់ទុកនូវកេរដំណែលយ៉ាងសម្បើម សម្រាប់ជាប្រយោជន៍ខ្មែរជំនាន់ក្រោយ។ លើសពីនេះ លោកជំរុញឲ្យនិស្សិតខ្មែរ ដែលចូលចិត្តលើការស្រាវជ្រាវបុរាណវិទ្យា គួរតែចូលរៀនមុខវិជ្ជាបុរាណវិទ្យា ដោយកុំបារម្ភពីទីផ្សារការងារ ព្រោះបច្ចុប្បន្នធនធានមនុស្សផ្នែកបុរាណវិទ្យា កំពុងតែមានតិច ស្របពេលដែលកម្ពុជា សម្បូរប្រាសាទ និងតំបន់អភិរក្សជាច្រើន។ បើតាមបណ្ឌិតបុរាណវិទ្យារូបនេះ ក្រៅពីសម្បូរការងារ ការសិក្សាមុខវិជ្ជាបុរាណវិទ្យា ពិតជាមានតម្លៃដ៏មហិមា ក្នុងការបណ្តុះស្មារតីជាតិនិយម និងមោទកភាពជាតិផងដែរ៕