ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ ហុក ឈាង​គីម​៖ អ្នក​ហាត់គុន​ពូកែ តែបើ​គ្មាន​គុណធម៌ មិន​ហៅ​អ្នក​ពូកែ​នោះទេ​
22, Sep 2019 , 11:02 am        
រូបភាព
អ្នក​ហាត់គុន ឬ​កីឡាករ​ខ្លាំង ឬ​ពូកែ មាន​សមត្ថ​ភាពខ្លាំង​តែមួយ​មុខ​គ្រប់គ្រាន់​នោះទេ ពោលគឺ​ពួកគេ​ត្រូវមាន​វិន័យ ក្រមសីលធម៌ និង​គុណធម៌​។ «​អ្នក​ហាត់​ក្បាច់គុន ចាំបាច់​ត្រូវ​ចេះ​ក្បាច់គុន​ពូកែ តែបើ​គ្មាន​គុណធម៌ គឺ​មិន​ហៅ​អ្នកខ្លាំង​នោះទេ​» នេះ​ជាការ​លើកឡើង​របស់លោក​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ ហុក ឈាង​គីម និង​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។ សម្រាប់​លោក​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម សត្រូវ​ធំ​បំផុត​សម្រាប់​អ្នក​ហាត់គុន​មិនមែន​គូប្រកួត​នោះទេ ពោលគឺ​សត្រូវ​ដែល​ធំ​បំផុត​នោះ គឺ​ចិត្ត​។












​អនុប្រធាន​សហព័ន្ធ​រូបនេះ​បាន​បន្ថែមថា គុន​ល្បុក្កតោ​ជា​ក្បាច់គុន​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក​ស្រលាញ់ និង​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​។ គុន​ល្បុក្កតោ ស្ទើរតែ​បាត់បង់​ទាំងស្រុង​ក្នុងសម័យ​អាណានិគម​បារាំង និង​ក្រោយ​សម័យ​ប្រល័យពូជសាសន៍ ប៉ុល ពត ដោយ​ក្នុងសម័យ​នោះ​គុន​ល្បុក្កតោ​បាន​ទៅ​ជ្រក​ពួន​នៅតាម​ទីវ​ត្ត​អារាម​។ នៅ​ឆ្នាំ​២០២៣ ខាងមុខ​គុន​ល្បុក្កតោ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។



​ដើម្បី​ត្រៀម​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​នឹង​បញ្ជូន​មន្ត្រី​ជំនាញ គ្រូបង្វឹក ឲ្យ​ទៅ​បណ្តុះបណ្តាល​ដល់​កីឡាករ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​។ ជាគោលការណ៍ ម្ចាស់ផ្ទះ​អាចដាក់​កីឡា​មួយ​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​បាន លុះត្រា​ប្រទេស​ចូលរួម​យ៉ាងតិច​ចំនួន​៤​ប្រទេស​៕ 



Tag:
 គុន​ល្បុក្កតោ​
  ហុក ឈាង​គីម​
© រក្សាសិទ្ធិដោយ thmeythmey.com