ជាតិ
សេដ្ឋកិច្ច
ចិនសន្យាជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ដល់កម្ពុជា ស្របពេលដែលចំនួនភ្ញៀវទេសចរធ្លាក់ចុះ រូបពីក្រសួងទេសចរណ៍
× ចិននឹងជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្សលើវិស័យទេសចរណ៍ដល់កម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍសមត្ថភាពដល់អ្នកជំនាញ និងប្រតិបត្តិករទេសចរណ៍ឲ្យកាន់តែប្រសើឡើង ខណៈពេលដែលចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានធ្លាក់ចុះ ជាពិសេសក្នុងខេត្តសៀមរាប។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ពិតជាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីឆ្លើយតបចំពោះកំណើនទេសចរណ៍នៅកម្ពុជា ពោលគឺទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយមើលឃើញពីចំណុចនេះលោក ថោង ខុន ស្នើឲ្យភាគីចិនជួយដល់កម្ពុជា ទាំងការផ្តល់អាហារូបករណ៍ ទាំងការវិនិយោគបង្កើតសាលាបណ្តុះបណ្តាលនៅកម្ពុជាឲ្យបានច្រើន។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បាននិយាយដូច្នេះថា៖ «វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចមួយដែលត្រូវការជំនាញច្បាស់លាស់ ទើបអាចអភិវឌ្ឍន៍ប្រកបដោយគុណភាព និងនិរន្តរភាពបាន។ កម្ពុជា មានផែនការបំពាក់បំប៉ន និងបណ្តុះបណ្តាលផ្តល់ជំនាញវិជ្ជាជីវៈដល់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ឲ្យបានប្រមាណ ៥០ភាគរយ នៅ ឆ្នាំ២០២០ និង ១០០ភាគរយ នៅឆ្នាំ ២០២៥»។
បើតាមលោក ថោង ខុន កម្ពុជា ត្រូវការបំពាក់បំប៉នផ្នែកជំនាញវិជ្ជាវៈទេសចរណ៍ដល់បុគ្គលិកបម្រើការក្នុងវិស័យនេះប្រមាណ ១លាន២សែននាក់ ដើម្បីឆ្លីយតបនឹងចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១១លាននាក់ និងភ្ញៀវក្នុងស្រុក រាប់លាននាក់ នាឆ្នាំ២០២៥។ជាការឆ្លើយតប ភាគីចិនបានយល់ស្របចំពោះការលើកឡើងរស់លោករដ្ឋមន្ត្រីកម្ពុជា ហើយសន្យាជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នានេះឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្រសួងទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាមួយសាកលវិទ្យាល័យ ហេណានណកម៉ល (Henan Normal University) និងសាលាបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហកម្មធុនស្រាលគ័ងស៊ីទី០២ (Guangxi Second Light Industry Senior Technical School) និងក្រុមហ៊ុនវិនិយោគការអប់រំហានស៊ីខ្វាងស៊ី (Guangxi Hansi Education Investment Co. Ltd.) របស់ចិន កាលពីថ្ងៃទី ២១ ខែកញ្ញា។
គួរបញ្ជាក់ថា ភ្ញៀវទេសចរបរទេសដែលបានចូលទស្សនាតំបន់អង្គរ នៅចន្លោះខែមករាដល់ខែសីហាមានត្រឹមចំនួន ១លាន ៥៥ម៉ឺននាក់ ដែលបានធ្លាក់ចុះប្រហែល ១១ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៨ ហើយចំណូលពីការលក់សំបុត្រ ធ្លាក់ចុះអស់ជិត ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ គ្រឹះស្ថានអង្គរដែលជាក្រុមហ៊ុនរដ្ឋគ្រប់គ្រងលើការលក់សំបុត្រចូលទស្សនាតំបន់អង្គរ។
© រក្សាសិទ្ធិដោយ thmeythmey.com