សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រៅពី​កាកសំណល់​អាហារ លាមក​មនុស្ស​មាន​ផ្ទុក​អ្វី​ទៀត​?
22, Sep 2019 , 1:34 pm        
រូបភាព
​សំណល់​មនុស្ស​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​រា​ង្គ​កាយ​ដែល​អាច​បង្ហាញ​ពី​សុខភាព​របស់ខ្លួន​យើង​ច្រើនណាស់ ជាពិសេស​គឺ​សុខភាព​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ភាគច្រើន​មនុស្ស​ដឹងថា លាមក​គឺជា​កាកសំណល់​អាហារ​ដែល​បាន​ហូប និង​ចម្រាញ់​យក​សារធាតុចិញ្ចឹម​ហើយ​។ តែ​អ្វីដែល​មនុស្ស​មួយចំនួន​មិនបាន​ដឹង​នោះ​គឺ លា​មកជា​កាកសំណល់​នៃ​សារពាង្គកាយ​មានជីវិត​ជាច្រើន​ទៀត​ដែល​រស់នៅក្នុង​ខ្លួនប្រាណ​យើង​។ ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​ដោយ​គេហទំព័រ​ព័ត៌មាន vox.com

​ពី​៥០​ភាគរយ ទៅដល់​៨០​ភាគរយ​នៃ​បរិមាណ​លាមក​មនុស្ស (​បើ​ដក​បរិ​មាណទឹក​ចេញ​) មាន​ផ្ទុក​នូវ​បាក់តេរី​ជាច្រើន​ប្រភេទ​ដែលជា​អ្នក​ជួយ​ជំរុញ​ការរំលាយ​អាហារ​។ បាក់តេរី​ខ្លះ​នៅមាន​ជីវិត ចំណែកឯ​ខ្លះទៀត​បាន​ងាប់​ទៅហើយ​។ វា​ក៏បាន​ផ្ទុក​នូវ​សរសៃ​សែលុយឡូស​ដែល​ទទួល​បានមកពី​ការបរិភោគ​បន្លែ​ផ្លែឈើ​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កោសិកា​ពោះវៀន និង​ក្រពះ ក៏បាន​វត្តមាន​ក្នុង​លាមក​ផងដែរ ដោយសារ​ចលនា​នៃ​ការ​កិន​អាហារ​។

​លាមក​មាន​ពណ៌​ក្រ​ម៉ៅ​ពី​ព្រោះតែ​សារធាតុ Stercobilin និង​សារ​ធាតុទឹក​រំលាយ​អាហារ​ដូចជា​ទឹក​ប្រ​ម៉ាត់​ជាដើម​។ Stercobilin កើតឡើង​ពី​កាកសំណល់​នៃ​ឈាមក្រហម​ដែល​បាន​ងាប់​ទៅ​។ បើ​វា​គ្មាន​សារធាតុ Stercobilin នោះទេ លាមក​របស់​មនុ​ស្សនឹង​មាន​ពណ៌​ប្រផេះ ឬ​ពណ៌​ក្បែរ ស​។

​ប្រព័ន្ធ​បញ្ចេញ​កាកសំណល់​រវាង​បុរស និង​ស្ត្រី​ក៏បាន​លក្ខណៈ​ខុសគ្នា​បន្តិច​បន្តួច​ផងដែរ​។ នេះ​គឺ​ដោយសារតែ​ទំហំ​ឆ្អឹងត្រគាក និង​សារី​រា​ង្គ​នៅ​ខាងក្នុង​ឆ្អឹងត្រគាក​នោះ​មាន​លក្ខណៈ​ខុសគ្នា​។ ដោយហេតុនេះ ពោះវៀនធំ​របស់​ស្ត្រី​មាន​ប្រវែង​ប្រមាណ​១០​សង់ទីម៉ែត្រ​វែង​ជាង​ពោះវៀនធំ​របស់​បុរស​។ ហេតុដូចនេះ បុរស​ភាគច្រើន​មាន​ភាពងាយស្រួល​ក្នុងការ​បត់ជើង​ជាង​ស្ត្រី ដោយសារតែ​កាកសំណល់​ក្នុង​ពោះវៀនធំ​ស្ត្រី​ត្រូវការ​រយៈពេល​យូរ​ជាង​ក្នុងការ​ធ្វើដំណើរ​។

​លាមក​ដែល​គ្មាន​បញ្ហា គួរ​លិច​ចូលទៅក្នុង​ទឹក​ក្រោយពេល​បត់ជើង​។ បើ​លាមក​នោះ​អណ្តែត ភាគច្រើន​វា​អាចមកពី ការ​ស្រូបយក​សារធាតុចិញ្ចឹម​មិនសូវ​បាន​ប្រសើរ ឬ​ដោយសារ​មាន​សារធាតុ​ឧស្ម័ន​ច្រើន​នៅ​ខាងក្នុង​៕ 


Tag:
 ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com