អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន អះអាងថា ម៉ាល់ឌីវមិនជាប់ផុងក្នុង«អន្ទាក់បំណុល»ខ្លួនឡើយ រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ Abdulla Shahid (ឆ្វេង) និង លោក វ៉ាង យី (Wang Yi) ក្នុងទីក្រុងប៉េកាំង ថ្ងៃ ២០ កញ្ញា ២០១៩។ ប្រភពរូប៖ Xinhua
× «ម៉ាល់ឌីវ មិនជាប់ផុងក្នុងអន្ទាក់បំណុលចិនទេ» ។ ប្រមុខការទូតចិន ប្រាប់សមភាគីម៉ាល់ឌីវ បែបនេះ ខណៈកង្វល់ទាក់ទងនឹងបំណុលកើនឡើងខ្លាំង ដ្បិតប្រទេសក្នុងមហាសមុទ្រឥណ្ឌាដែលមាន ផលិតផលក្នុងស្រុកសរុបត្រឹម ៤,៥៩ពាន់លានដុល្លារ (២០១៧) នេះ ត្រូវបានរាយការណ៍ថា ជំពាក់លុយចិនដល់ទៅ ៣ពាន់លានដុល្លារ។
ទើបឈ្នះការបោះឆ្នោតសភា កាលពីខែមេសា គណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ ព្រួយបារម្ភថា បំណុលរបស់ប្រទេសខ្លួនជំពាក់ចិន អាចស្មើដល់ ៣ពាន់លានដុល្លារ ។ ការណ៍នេះ អាចបង្កហានិភ័យដល់សេដ្ឋកិច្ចម៉ាល់ឌីវ ។
អំឡុងការដឹកនាំរបស់អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Adbulla Yameen ដែលមានទំនោររកចិន ក្រុងប៉េកាំងបានវិនិយោគលុយរាប់រយលានដុល្លារ ក្រោមផែនការគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងវិថី របស់ចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ Abdulla Shahid ក្នុងទីក្រុងប៉េកាំង លោក វ៉ាង យី (Wang Yi) គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយម៉ាល់ឌីវ នឹងមិនប្រែប្រួលឡើយ ទោះមានការផ្លាស់ប្តូររដ្ឋាភិបាលថ្មីក្តី។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ ទី២០ កញ្ញា ប្រមុខការទូតចិនរូបនេះ កត់សម្គាល់ថា៖«កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយម៉ាល់ឌីវ មានគោលដៅលើកកម្ពស់សុខមាលភាពរបស់ប្រជាជនម៉ាល់ឌីវ ដោយគ្មានបំណងនយោបាយ និងចង់បានប្រយោជន៍ភូមិសាស្ត្រនយោបាយអ្វីឡើយ»។ លោក សង្កត់ធ្ងន់ថា ការលើកឡើងថា «ម៉ាល់ឌីវជាប់ផុងក្នុងអន្ទាក់បំណុលចិន» គឺជាការចោទប្រកាន់ដោយខ្វះមូលដ្ឋានទាំងស្រុង។
តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោករដ្ឋមន្ត្រី Shahid បញ្ជាក់ថា គ្មានប្រទេសណាមួយក្នុងពិភពលោក មានចិត្តល្អដូចចិនជួយអភិវឌ្ឍម៉ាល់ឌីវ ។ ត្រង់នេះ លោក និយាយដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្វាត់ខ្វែងក្នុងប្រទេសនេះ ក្រោមការផ្តល់កម្ចី និងជំនួយជាច្រើនរបស់ក្រុងប៉េកាំង។
គួរកត់សម្គាល់ថា ចិន ទទួលរងការរិះគន់ជាខ្លាំង ជាពិសេសពីសំណាក់បណ្តាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងរឿងផ្តល់លុយកម្ចីដល់ប្រទេសក្រីក្រ ជាមួយបំណុលដែលគ្មាននិរន្តរភាព ដ្បិតពួកគេគ្មានលទ្ធភាពសងលុយវិញរួច ។ អ្នកជំនាញ អះអាងថា ក្រុងប៉េកាំងចង់ប្រើប្រាស់បំណុលទាំងនេះដើម្បីពង្រីកឥទ្ធិពលនយោបាយរបស់ខ្លួន៕
Tag:
ម៉ាល់ឌីវ
ចិន
អន្ទាក់បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com