ជាតិ
ពីនេះ ពីនោះ
សុភាសិត​«​ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ​»​ត្រឹមត្រូវ​១០០%​ឬទេ​?
26, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាធម្មតា ក្នុងការ​ជួញដូរ កា​រកស៊ី ឬ​ការប្រកប​របរ​អ្វីមួយ គេ​តែង​គិតគូរ ថ្លឹងថ្លែង ឬ​ពិចារណា​គ្រប់​ជ្រុងជ្រោយ​រាប់​ចាប់តាំងពី​ការចំណាយ​ដើមទុន កម្លាំងកាយ សមត្ថភាព​ជំនាញ ពេលវេលា ទីកន្លែង ទំហំ​ការងារ ភាពស្មុគស្មាញ ភាពងាយស្រួល​និង​ការលំបាក គ្រោះថ្នាក់ បញ្ហា​ប្រឈម ផលចំណេញ ព្រមទាំង​ឱកាស​និង​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើតមាន​ក្នុងពេល​បំពេញការងារ​នោះ​ផងដែរ​។ ហេតុនេះហើយ បាន​ជាមាន​សុភាសិត​មួយ​លើកឡើងថា «​ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​គោលបំណង​អប់រំ​យ៉ាងណាដែរ​?



​មុននឹង​បកស្រាយ​សុភាសិត​នេះ យើង​គួរ​យល់ដឹង​ពី​ពាក្យ​គន្លឹះ​ជាមុនសិន​។ ក្នុង​សុភាសិត​នេះ មាន​ពាក្យ​គន្លឹះ​ចំនួន​ពីរ គឺ​«​ជួញ​» និង​«​ជាជាង​»​។ តាមន័យ​ចង្អៀត​«​ជួញ​» សំដៅយក​សកម្មភាព​នៃ​ការទិញ និង​ការលក់ដូរ​ទំនិញ ផលិតផល ឬ​សេវាកម្ម​អ្វីមួយ​។ ក្នុងន័យ​ទូលាយ ពាក្យ​«​ជួញ​» ក៏​អាច​សំដៅយក​ការបំពេញ​ការងារ ឬ​ការប្រកបមុខរបរ​ផ្សេងៗ​ដើម្បី​ទទួលបាន​ប្រាក់កម្រៃ ឬ​ផលចំណេញ​ផ្សេងៗ​ផងដែរ ដូចជា ធ្វើ​ការងាររាជការ ការងារ​ក្នុង​វិស័យ​ឯកជន​(​សិប្បកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុន សាជីវកម្ម​...) ការងារ​សង្គម​ស៊ីវិល ឬ​ការងារ​កសិកម្ម ជាដើម​។ «​ជាជាង​» សំដៅយក​ន័យ​ថា ប្រសើរ​ជាង គ្រាន់បើ​ជាង ល្អ​ជាង គួរ​ធ្វើ​ជាង ត្រឹមត្រូវ​ជាង​។ វា​ជា​ទម្រង់​នៃ​ពាក្យ​ដែល​ផ្ដល់យោបល់​ឱ្យ​អ្នកអាន អ្នក​ស្ដាប់​យកទៅ​ពិចារណា ថ្លឹងថ្លែង មិនមែនជា​បទបញ្ជា​ដាច់ខាត​នោះទេ​។   

​តាមន័យ​ត្រង់​«​ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ​» មានន័យថា ក្នុងការ​ជួញដូរ ការលក់ដូរ​ទំនិញ​ឬ​សេវា ការរកស៊ី ការប្រកបមុខរបរ ឬ​ការបំពេញ​ការងារ​អ្វីមួយ គួរតែ​ជ្រើស​រើសយក​ទីតាំង​ណាមួយ​ដែល​នៅ​ជិត​ផ្ទះសម្បែង​ឬ​ស្រុកកំណើត​របស់​យើង​ទើប​ប្រសើរ​។ ក្នុងន័យនេះ ប្រហែលជា​បុព្វបុរស​ខ្មែរ​ចង់​ផ្ដល់​ដំបូន្មាន​និង​បទពិសោធន៍​ថា ការជួញដូរ​ឬ​ការប្រកប​របរ​នៅ​ទីកន្លែង​ឆ្ងាយ​អាច​ជួបនឹង​ឧបសគ្គ​ច្រើន ការ​ចំណា​ច​ក៏​ច្រើន ហើយ​ហានិភ័យ​ក៏​ច្រើនជាង​ការជួញដូរ​ឬ​ការប្រកប​ការ​រងារ​នៅ​កន្លែង​ជិត​ដែរ​។ ជា​ការណ៍​ពិតណាស់ ការជួញដូរ ឬ​ការប្រកប​របរ​នៅ​កន្លែង​ឆ្ងាយ អាច​ប្រឈមមុខ​នឹង​ការមិន​ស្គាល់​ច្បាស់​នូវ​លក្ខណៈ​ភូមិសាស្ត្រ អាកាសធាតុ ស្ថានភាព​សង្គម ឥរិយាបថ​សង្គម វប្បធម៌ ភាសា សាសនា បរិបទ​នយោបាយ ច្បាប់ ជាដើម​។ ចំណែកឯ​ការ​ចំណា​ច​ដើមទុន ការចំណាយ​ប្រតិបត្តិការ និង​ការចំណាយ​ប្រចាំថ្ងៃ ក៏​ច្រើន​ដែរ​។ លក្ខណៈ​ទាំងអស់​នេះហើយ ដែល​អាច​នាំឱ្យ​យើង​ងាយ​ជួប​ឧបសគ្គ ការខាតបង់ និង​អាច​ជួបនឹង​ហានិភ័យ​ផ្សេងៗ ជាយថាហេតុ​។ ឧទាហរណ៍ មាន​បងប្អូន​ពលករ​ខ្មែរ​មួយចំនួន​ដែល​បាន​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចិន ម៉ាឡេស៊ី កូរ៉េ ជាដើម បានទទួល​រងគ្រោះ​ដោយ​ត្រូវបាន​គេ​រំលោភ​ផ្លូវភេទ ប្រើ​ឱ្យ​ធ្វើការ​ស្ទើរ​គ្មាន​ពេល​សម្រាក ប្រើ​អំពើហិង្សា​លើ​រាងកាយ និង​បង្ខំ​ឱ្យធ្វើ​ការដែល​ខ្លួន​មិន​ចង់​ធ្វើ ជាដើម​។ 
       
​តាមន័យ​ធៀប «​ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ​» ក៏​អាច​មានន័យថា ក្នុងការ​ជ្រើសរើស​គូស្រករ​ក៏​គួរ​ជ្រើស​រើសយក​អ្នក​ជិត​ដែរ​។ ពីព្រោះ ការជ្រើសរើស​យក​អ្នក​ជិត​មក​ធ្វើជា​គូស្រករ​វា​មាន​ភាពងាយស្រួល​ក្នុង​តាមដាន ការសិក្សា​ពី​សាវតា អត្តចរិត ចំណង់​ចំណូលចិត្ត​របស់​អ្នក​ដែលជា​អនាគត​ភរិយា​ឬ​ស្វាមី និង​ព័ត៌មាន​ពាក់ព័ន្ធ​សំខាន់ៗ​ដទៃទៀត​ពី​សាច់ញាតិ ដែល​ទាំងអស់នេះ យើង​គួរតែ​ដឹង​មុនពេល​យើង​ធ្វើការ​សម្រេចចិត្ត​ចាប់ដៃគ្នា​ជា​ប្ដី​ប្រពន្ធ​។ ប៉ុន្តែ បើ​យើង​ជ្រើស​រើសយក​អ្នក​ឆ្ងាយ​មក​ធ្វើជា​គូស្រករ វា​នាំឱ្យ​យើង​ពិបាក​ក្នុងការ​ចំណាយពេល​វេលា​ទៅតាម​ដាន សិក្សា​ពី​សាវតា និង​ព័ត៌មាន​សំខាន់ៗ​ដទៃទៀត ដូច​បាន​រៀបរាប់​ខាងលើ​។​
 
​ដោយសារ​ហេតុផល​ទាំងអស់​នេះហើយ ទើប​បុព្វ​បរុស​ខ្មែរ​បានផ្ដល់​ដំបូន្មាន​ឱ្យ​ប្រជាជន​ខ្មែរ​គួរតែ​ជួញដូរ រកស៊ី ធ្វើ​ការងារ ឬ​ជ្រើស​រើសយក​គូស្រករ​នៅ​កន្លែង​ជិត​ផ្ទះសម្បែង ស្រុកកំណើត ឬ​ក្នុងប្រទេស​របស់ខ្លួន ទើប​ប្រសើរ​។

​បើ​ពិនិត្យ​ឱ្យ​ហ្មត់ចត់​ពី​គោលបំណង​នៃ​សុភាសិត​នេះ យើង​អាច​មើលឃើញថា បុព្វបុរស​របស់​យើង អប់រំ​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ថ្លែង​អំពី​ព័ត៌មាន​ចាំបាច់​ផ្សេងៗ​មុននឹង​សម្រេចចិត្ត​ជ្រើសរើស​ការជួញដូរ ការរកស៊ី ការងារ ឬ​គូស្រករ ជាពិសេស សង្កត់ធ្ងន់​លើ​ចម្ងាយ​នៃ​ទីតាំង​ការងារ​របស់​យើង​។

​ប៉ុន្តែ អត្ថន័យ​នៃ​សុភាសិត​នេះ ក៏​មិនបាន​ហាម​ដាច់ខាត​មិនឱ្យ​អ្នកណាម្នាក់​ធ្វើការ​ជួញដូរ ការរកស៊ី ការងារ ឬ​ជ្រើសរើស​គូស្រករ​នៅ​ស្រុក​ឆ្ងាយ​ដែរ​។ ជាក់ស្ដែង នៅក្នុង​សុភាសិត​នេះ​បាន​រំលេច​នូវ​ពាក្យ​គន្លឹះ​មួយ​គឺ «​ជាជាង​» ដែល​ខ្លឹមសារ​នៃ​ពាក្យ​នេះ មិន​សំដៅយក​ការហាម​ដាច់ខាត​ទេ ប៉ុន្តែ វា​មានន័យ​ត្រឹមតែ​ការផ្ដល់​យោបល់​ឬ​អនុសាសន៍​ប៉ុណ្ណោះ​។ ការប្រើ​ពាក្យ​«​ជាជាង​»​នេះ គឺជា​ការផ្ដល់​គំនិត​ឱ្យ​យើង​ពិចារណា និង​ផ្ដល់​បទពិសោធន៍​ដែល​បុព្វបុរស​របស់​យើង​ធ្លាប់បាន​ជួបប្រទះ​តែប៉ុណ្ណោះ វា​មិនមែនជា​បទបញ្ជា​ដាច់ខាត ឬ​គំនិត​មួយ​ដែលមាន​សច្ចភាព​ដាច់ខាត​មួយរយ​ភាគរយ​នោះទេ​។​
     
​ដូច្នេះ ប្រសិនបើ​នរណាម្នាក់​ឬ​ក្រុម​ណាមួយ ចង់ទៅ​ជួញដូរ រកស៊ី ធ្វើការ ឬ​ជ្រើស​រើ​គូស្រករ​នៅ​ស្រុក​ឆ្ងាយ ឬ​ក្រៅប្រទេស ក៏​សុភាសិត​នេះ​មិនបាន​រារាំង​ដែរ​។ ប៉ុន្តែ ពួកគេ​ត្រូវតែ​ប្រាកដថា បានរៀបចំ​ខ្លួន​រួចរាល់​ទាំង​ការសិក្សា​ពី​លក្ខណៈ​ភូមិសាស្ត្រ អាកាសធាតុ ស្ថានភាព​សង្គម ឥរិយាបថ​សង្គម វប្បធម៌ ភាសា សាសនា បរិបទ​នយោបាយ ច្បាប់ ជាដើម និង​ទទួលបាន​ព័ត៌មាន​មូលដ្ឋាន​គ្រប់គ្រាន់​ទាក់ទង​នឹង​កម្មវត្ថុ ឬ​គោលដៅ​របស់ខ្លួន​។ ក្រៅពីនេះ ពួកគេ​ក៏​គួរតែមាន​សមត្ថភាព​និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ ការគ្រប់គ្រង​អាជីវកម្ម ការកំណត់​ទំហំ​ទីផ្សារ អតិថិជន និង​ការកំណត់​ហានិភ័យ​។ លើសពីនេះ​ទៀត ពួកគេ​ក៏​ត្រូវមាន​សមត្ថភាព​ក្នុង​ប៉ាន់ស្មាន​ពី​លទ្ធភាព​នៃ​ទទួលបាន​ផលចំណេញ និង​ភាពជោគជ័យ​ក្នុង​អាជីព​របស់ខ្លួន​ផងដែរ​៕   
  
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង​

© រក្សាសិទ្ធិដោយ thmeythmey.com