ONE Championship
កីឡាជាតិ
ជាតិ
ជ័យជម្នះ មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់ Bibiano Fernandes នៅ​សង្វៀន ONE: CENTURY
22, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
Bibiano Fernandes ឬ ហៅថា «The Flash» ទទួលបាន​ការលើកទឹកចិត្ត​ចំពោះ​ការប្រកួត​លើក​ទី​៤​ទល់នឹង Kevin Belingon រហស្សនាម «The Silencer» ពី​សំណាក់​អ្នកគាំទ្រ​នៅ ONE Championship​។  បើ​ទោះ​ឈ្នះ​ខ្សែក្រវាត់​ក្រោយ​ផ្តួល​គូប្រជែង​ហ្វីលីពីន​នៅ​សង្វៀន ONE: A NEW ERA ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ មិនទាន់​ពេញចិត្ត​ចំពោះ​ការប្រកួត​កន្លង​នោះឡើយ​។

 
​កីឡាករ​មកពី​ក្លិប Team Lakay បាន​យល់ព្រម​ជួប​Belingon ជាថ្មី​ម្ដងទៀត​នៅ​សង្វៀន ONE: CENTURY នា​ថ្ងៃអាទិត្យ​ទី ១៣ ខែ តុលា ខាងមុខ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ដោយ​បញ្ជាក់ថា​រូបគេ​ពិតជា​ស្ដេច​ពិតប្រាកដ​លើស​ង្វៀន​ក្នុង​ប្រភេទ​ទម្ងន់​ខាងលើ​ជា​ប្រវត្តិសាស្ត្រ​នៅ​សង្វៀន ONE​។ 
 
«The Flash» បាន​ថ្លែងថា ៖«​មាន​មនុស្ស​ជាច្រើន​ចង់ឃើញ​ការប្រកួត​នេះ​។ នេះ​ជា​ហេតុផល​មួយ​។ ការប្រកួត​នេះ​មិនមែន​សម្រាប់​ខ្ញុំ​ទេ ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​។ ខ្ញុំ​ផ្ដល់​ការប្រកួត​នេះ​ដល់​អ្នកគាំទ្រ​ទាំងអស់គ្នា​»​។ Fernandes គូសបញ្ជាក់​ទៀតថា​៖«​បើសិន​ការប្រកួត​លើក​ទី​៣ មិន​បញ្ចប់​ដោយ​ភាពមន្ទិលសង្ស័យ​ទេ ខ្ញុំ​មិន​ទទួល​ការប្រកួត​ជាមួយ Kevin ទៀតឡើយ ប៉ុន្តែ ខ្ញុំ​ជឿថា ជនជាតិ​ហ្វីលីពីន​ជាច្រើន​មិន​សប្បាយចិត្ត និង ចង់ឃើញ​ការប្រកួត​ម្ដងទៀត​។ អូ​ខេ មនុស្ស​ជាច្រើន​ចង់ឃើញ ខ្ញុំ​សុខចិត្ត​ស្របតាម​»​។ 
 
​អតីត​ម្ចាស់​ជើងឯក​ជី​ជិត​ស៊ូ​ពិភពលោក​សញ្ជាតិ​ប្រេ​ស៊ី​ល បាន​ផ្ដួល «The Silencer» ត្រឹម​ទឹក​ទី​១ ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​កាល​ឆ្នាំ ២០១៦ ប៉ុន្តែ រង​បរាជ័យ​វិញ​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៨​។  យ៉ាងណាក្ដី កាល​ខែ មីនាឆ្នាំ ២០១៩ កីឡាករ​ហ្វីលីពីន​របូត​ខ្សែក្រវាត់​លើ​កីឡាករ​មកពី​ប្រេ​ស៊ី​ល​។ ដូច្នេះ​ទើប​មានការ​ប្រកួត​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​ក្នុង​គោលបំណង​អបអរ​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​លើក​ទី​១០០ របស់​ស្ថាប័ន​ពិភពលោក​ONE Championship​។ 
 
«Kevin ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​។ គេ​មាន​ជំនាញ​ល្អ ជាពិសេស​ដៃស្ដាំ និង ការ​ទាត់​លឿនៗ ដែលមាន​ស្រាប់​។ ខ្ញុំ​ត្រូវតែ​វ៉ៃ​ឲ្យ​មាន​ភាព​វ័យឆ្លាត ព្រោះ​គេ​ពូកែ​ចាប់ និង រត់​បានល្អ​។ គេ​រង់ចាំ​ឱកាស ដើម្បី​ឆក់​កណ្ដាប់ដៃ និង ជើងបាន​លឿន​។ យ៉ាងណាក្ដី ខ្ញុំ​ជឿជាក់ថា ខ្ញុំ​ច្បាស់​ជា​ល្អ​ជាង​មិន​ខាន​»​។ បុរស​វ័យ ៣៩ ឆ្នាំ​មកពី​ប្រេ​ស៊ី​ល​បញ្ជាក់​បែបនេះ​។ 
 
​កីឡាករ​ដដែល​រៀបរាប់​ទៀតថា ៖«​ខ្ញុំ​សប្បាយចិត្ត​ដែល​អាច​ប្រកួត​លើក​ទី​៤​។ ខ្ញុំ​បាន​និយាយ​ខ្លួន ឯង​ថា ខ្ញុំ​ត្រូវ​អត់ធ្មត់ និង អាច​បញ្ចប់​រូបគេ​បាន​»​។ ទោះជា​យ៉ាងណា Fernandes ត្រូវតែ​រៀបចំ​គម្រោង​ដើម្បី​ការប្រកួត​ដ៏​ធំ​នេះ​នៅឯ​ទីលាន Ryogoku Kokugikan​។ 
 
 

«​ហេតុផល​ដែល​អ្នក និង​ខ្ញុំ ជួបគ្នា​ជាថ្មី​ពេលនេះ គឺ​ដើម្បី​ផ្ដាច់​ចិត្ត​អ្នកគាំទ្រ​។ យើង​នឹង​ប្រកួត​គ្នា​ដ៏​អស្ចារ្យ​បំផុត​។ ខ្ញុំ​នឹង​វ៉ៃ​អ្នក ហើយ​អ្នក​វ៉ៃ​ខ្ញុំ​។ ពិតជា​វា​គ្មាន​បញ្ញា​ទេ​សម្រាប់​ខ្ញុំ ប៉ុន្តែ​កុំមក​ទីនេះ​ដើម្បី​រត់​។ ខ្ញុំ​ជឿជាក់ថា អ្នកគាំទ្រ​នឹង​ស្រលាញ់​ការប្រកួត​របស់​យើង​»​។ «The Flash» សង្កត់ធ្ងន់​ដូច្នេះ​។ 
 
ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។ 
 
​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com