សង្គមអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីបានជាមុខអ្នកឡើងក្រហមពេលពិសារគ្រឿងស្រវឹង?
× ចំពោះមនុស្សមួយចំនួន ស្រាអាចធ្វើឲ្យមុខរបស់ពួកគេឡើងពណ៌ក្រហមបាន។ ចុះហេតុអ្វីបានជាមនុស្សខ្លះមានមុខងាយឡើងក្រហម ចំណែកឯអ្នកខ្លះទៀតមិនងាយពេលពិសាគ្រឿងស្រវឹង?
គេហទំព័រ healthline.com ពន្យល់ថា ប្រតិកម្មនៃខ្លួនប្រាណមនុស្សមួយនេះត្រូវបានគេហៅជាភាសាអង់គ្លេសថា «Alcohol Flush Reaction» ។ ភាគច្រើនប្រតិកម្មនេះកើតឡើងដោយសារខ្លួនប្រាណរបស់អ្នកមិនសូវចម្រាញ់សារធាតុអាល់កុលក្នុងគ្រឿងស្រវឹងបានទាន់ពេលវេលា។
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលងាយទទួលរងប្រតិកម្មមួយនេះគឺដោយសារភាពមិនប្រក្រតីនៃកំណាត់សែនមួយដែលគេហៅថា Aldehyde Dehydrogenase 2 ឬហៅកាត់ថា ALDH2 ។ ALDH2 គឺជាអង់ស៊ីមមួយនៅក្នុងខ្លួនដែលមាននាទីក្នុងការចម្រាញ់សារធាតុមួយក្នុងអាល់កុលដែលមានឈ្មោះថា Acetaldehyde ។
នៅពេលដែល Acetaldehyde មានបរិមាណច្រើនពេក វាអាចធ្វើឲ្យមុខមនុស្សឡើងក្រហម។ គេបានរកឃើញថាមានមនុស្សប្រមាណជា៥៤០លាននាក់ក្នុងពិភពលោក ងាយទទួលរងប្រតិកម្មមួយនេះ ដោយសារតែពួកគេខ្វះអង់ស៊ីម ALDH2 ។
ជាពិសេសប្រជាជននៅក្នុងតំបន់អាស៊ី ចាប់ពី៣៦ភាគរយ រហូតទៅដល់៧០ភាគរយងាយរងគ្រោះដោយសារវា។ តែអ្នកស្រាវជ្រាវពិបាកក្នុងការកំណត់ថាមូលហេតុអ្វីបានជាមនុស្សក្នុងពិភពលោកទទួលបានប្រតិកម្មនេះមកពីណាណាស់។
តើវាគ្រោះថ្នាក់ដែរឬទេ? ជាធម្មតា វាមិនសូវជាបង្កឲ្យមានទុក្ខទោសខ្លាំងក្លានោះទេ។ តែការសិក្សាមួយក្នុងឆ្នាំ២០១៣ទៅលើបុរសជនជាតិកូរ៉េចំនួន១៧៦៣នាក់ ត្រូវបានគេរកឃើញថា បុរសដែលងាយក្រហមមុខអាចមានអត្រាក្នុងការកើតជំងឺលើសឈាម បើពួកគេពិសារគ្រឿងស្រវឹងច្រើនជាងបួនដបក្នុងមួយសប្តាហ៍។ បើប្រើធៀបជាមួយនឹងបុរសដែលមិនងាយក្រហមមុខ ពួកគេអាចមានអត្រាក្នុងការកើតជំងឺលើសឈាមដូចគ្នាបើពួកគេពិសារគ្រឿងស្រវឹងច្រើនជាង៨ដបក្នុងមួយសប្តាហ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com