ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិស្ស​និទ្ទេស​A កែវ ពន្លឺ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្តេជ្ញា​រៀន​ឲ្យ​បាន​ខ្ពស់ ដើម្បី​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ
22, Sep 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវជន កែវ ពន្លឺ គឺជា​សិស្ស​និទ្ទេស​A តែ​ម្នាក់​គត់ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​។ ជា​កូន​កសិករ​ក្រីក្រ​នៅ​ជាយដែន​ថៃ កែវ ពន្លឺ អះអាងថា ភាពក្រីក្រ មិនបាន​រារាំង​បំណង​របស់លោក​ឲ្យ​ក្លាយជា​សិស្ស​ពូកែ​បានឡើយ តែ​ផ្ទុយទៅវិញ វា​បាន​ជំរុញ​លោក​ឲ្យ​កាន់តែ​ខំប្រឹង​សិក្សា ដើម្បី​រំដោះខ្លួន​ឲ្យ​ផុត ពី​ជីវភាព​ដ៏​លំបាក​ទាំងនេះ​។​


​ជា​បន្ត​សូម​ស្តាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖



«​ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណាមួយ បើ​ខ្ញុំ​រៀន​ឲ្យ​ខ្ពង់ខ្ពស់ នោះ​ខ្ញុំ​នឹង​លែង​ក្រ​ហើយ​»​។ នេះ​ជា​ប្រយោគ​ដ៏​ខ្លី​របស់​យុវ​សិស្ស កែវ ពន្លឺ សិស្ស​និទ្ទេស​A ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា​ឆ្នាំ​២០១៩​។

​លទ្ធផល​ដ៏​ល្អ​នេះ បានធ្វើ​ឲ្យ​យុវជន​កូន​កសិករ​ក្រីក្រ វ័យ​១៩​ឆ្នាំ​រូបនេះ រំភើប និង​មាន​មោទកភាព​ក្រៃលែង​។ យុវជន កែវ ពន្លឺ បាន​បរិយាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖ «​នៅពេល​ខ្ញុំ​បាន​ជាប់​និទ្ទេស​A ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត និង​រំភើប​យ៉ាងខ្លាំង​សម្រាប់​លទ្ធផល​មួយ​នេះ​។ ហើយក៏​បានធ្វើ​ឲ្យ​ឪពុកម្តាយ​ខ្ញុំ សប្បាយចិត្ត​ជាង​ខ្ញុំ​ទៀត ព្រោះ គាត់​រំភើប​ដែល​បាន​ជួយ​ខ្ញុំ​ទាំង​លំបាក​រហូតមក​។ គាត់​បានឃើញ​លទ្ធផល​មួយ​នេះ គាត់​ថា មិន​ស្តាយ​ដែល​បាន​ជ្រោមជ្រែង​ខ្ញុំ​តាំងពី​តូច​មក​។ ខ្ញុំ​ក៏មាន​មោទកភាព​សម្រាប់​ផ្តល់​ឲ្យ​ពួកគាត់​ដែរ​»​។​

            រូបថតពីហ្វេសប៊ុកយុវសិស្ស កែវ ពន្លឺ

​មាន​ម្តាយ​ជា​អ្នក​ធ្វើស្រែ និង​ឪពុក​ជា​កម្មករសំណង់ ពន្លឺ ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៣​នាក់​។ គ្រួសារ​មួយ​នេះ កំពុង​រស់នៅ​ក្នុងផ្ទះ​ខ្ទម ដែល​បាំង​ភ្លៀងខ្យល់​ដោយ​ជញ្ជាំង​ក្តារ ដំបូល​ប្រក់​ស្បូវ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​។​
 
​មាន​ទឹកមុខ​ស្រពាប់​ស្រពោន​បន្តិច ពេល​កំពុង​រៀបរាប់​ពី​ជីវភាព​គ្រួសារ ប៉ុន្តែ កែវ ពន្លឺ នៅតែ​អាច​បញ្ចេញ​សំឡេង​ដ៏​មុះ​មុត និង​ក្លៀវក្លា​របស់ខ្លួន​។ យុវជន កែវ ពន្លឺ បញ្ជាក់ថា បើ​ទោះ​ជីវភាព​របស់លោក​លំបាក​មែន តែ​លោក​មិនដែល​ចាត់ទុក​វា​ជា​ឧបសគ្គ​នៃ​ការសិក្សា​ឡើយ តែ​ផ្ទុយទៅវិញ យុវជន​រូបនេះ បែរជា​បានចាត់ទុក​ភាពក្រីក្រ ជាការ​ជំរុញ​ទឹកចិត្ត​ក្នុងការ​សិក្សា​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។  បើតាម កែវ ពន្លឺ រូបគេ ជា​សិស្ស​ពូកែ​គណិតវិទ្យា​លេខ​២ ប្រចាំខេត្ត​នៅ​ថ្នាក់​ទី​៩ និង​ជា​សិស្ស​ពូកែ​រូបវិទ្យា​លេខ​៤ ប្រចាំខេត្ត នៅ​ថ្នាក់​ទី​១២​។ ហើយ​ចុង​ក្រោយនេះ រូបគេ បាន​ក្លាយជា​សិស្ស​និទ្ទេស​A តែ​ម្នាក់​គត់​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ដ៏​តានតឹង​នេះ​។ 

​កែវ ពន្លឺ បាន​អះអាងថា បើតាម​ជីវភាព​របស់លោក​បច្ចុប្បន្ន លោក​ប្រាកដជា​លំបាក​ខ្លាំង​នៅក្នុង​ការសិក្សា ប៉ុន្តែ​រូបគេ ទទួលបាន​ជំនួយ​ពី​អង្គការ​អភិវឌ្ឍន៍​ប្រជាជន​សម្រាប់​ប្រទេស​កម្ពុជា​(DPC) ដែល​បានផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​ឧបត្ថម្ភ​មួយចំនួន​។ យុវជន កែវ ពន្លឺ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​លុយ​រៀន​គួរ ពេលខ្លះ​ខ្ញុំ​សុំ​លោកគ្រូ​អ្នកគ្រូ​រៀន គាត់​អត់​យកលុយ​ទេ​បង​។ បើ​និយាយ​ពី​ម្ហូបអាហារ ខ្ញុំ​នៅ​កន្លែង​អង្គការ​មួយ មួយខែ​ចូលរួមចំណែក​៤៥,០០០​រៀល និង​អង្ករ​១០​គីឡូក្រាម តែ​ខែ​ខ្លះ​ម្តាយ​ឪពុក​ខ្ញុំ​អត់​បាន​ឲ្យ​ទេ គេ​ក៏​យោគយល់​ខ្លះ​។ តាមពិតទៅ បើ​ពឹង​លើ​គ្រួសារ​ខ្ញុំ​ទាំងស្រុង​មក មិនអាច​ទៅមុខ​បានទេ ព្រោះ​អី​ខ្វះខាត​ខ្លាំង តែ​បាន​ប្រធាន​អង្គការ​ខាងលើ​ជួយ​ផ្គត់ផ្គង់​ទំនុកបម្រុង​ខ្លះ​ដែរ សម្រាប់​រៀន​គួរ​ផ្សេងៗ​»​។

រូបថត ផ្តល់ដោយលោក ស៊ិន កាន គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ

​ក្រៅពី​រៀន​ពូកែ​ហើយ​នោះ យុវជន​រូបនេះ ក៏មាន​សីលធម៌​ល្អ​ផងដែរ​។ លោក ស៊ិន កាន គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ត្រពាំង​ប្រាសាទ និង​ជា​គ្រូ​បន្ទប់​ថ្នាក់​ផង​នោះ បាន​កោតសរសើរ​យុវជន​រូបនេះ មិន​ដាច់​ពី​មាត់​ថា មាន​ចរិតល្អ រួសរាយ​រាក់ទាក់ និង​ចេះ​ជួយ​អ្នកដទៃ​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការវិនិច្ឆ័យ​លើ​បុគ្គល​លក្ខណៈ​របស់គាត់ គឺ​គាត់​ល្អ​ត្រង់​ថា គាត់​ជា​ប្រធាន​ថ្នាក់​ទី​១២A​។ គាត់​មាន​ទំនាក់ទំនង​ល្អជា​មួយ​មិត្តភក្តិ​ក្នុង​ថ្នាក់​។ គាត់​រួសរាយ​រាក់ទាក់ មាន​សីលធម៌​ល្អ ព្រោះ​មានការ​ទទួលស្គាល់​ពី​លោកគ្រូ អ្នកគ្រូ ទាំងអស់​នៅក្នុង​សាលា​។ គាត់​ក៏​ជា​ប្រធាន​យុវជន​ប្រចាំ​សាលា គាត់​តែង​ដឹកនាំ​យុវជន​ទាំងអស់ ដែលជា​សមាជិក​ទៅ​ជួយ​សហគមន៍ ឬ​ការងារ​មនុស្សធម៌ ដូចជា​កាកបាទក្រហម​អ៊ីចឹង​។ ពេល​មាន​គ្រោះ​អគ្គិភ័យ​… កែវ ពន្លឺ បាន​ដឹកនាំ​រៃអង្គាស​ជា​ថវិកា ជួយ​សិស្ស​ដែល​ជួប​ការលំបាក​»​។​

​កែវ ពន្លឺ​៖ ដើម្បី​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ​បាន មានតែ​សិក្សា​តែមួយគត់

​កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ ជីវិត​ពន្លឺ ហាក់​មានចែង​ចាំង ដូច​ឈ្មោះ​គេ​បណ្តើរៗ​ហើយ​។ និទ្ទេស​A ដែល ពន្លឺ ទទួលបាន នឹង​ផ្តល់​ភាពងាយស្រួល​ដល់​រូបគេ ក្នុង​ការដាក់​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ ឬ​ប្រឡង​ទៅ​រៀន​នៅ​បរទេស​។ លោក​ជំរុញ​ឲ្យ​សិស្ស​ក្រីក្រ​ផ្សេងទៀត សូមកុំ​ឲ្យ​បាក់​ទឹកចិត្ត និង​កុំ​បន្ទោស​ឪពុកម្តាយ តែ​ត្រូវតែ​តស៊ូ​រៀនសូត្រ​ឲ្យ​បាន​ខ្ពស់​ខ្ពស់ ដើម្បី​វិល​ទៅ​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​វិញ​។ 

​សិស្ស​និទ្ទេស A រូបនេះ រៀបរាប់​យ៉ាង​ដូច្នេះ​៖«​ទោះបី​យើង​ក្រីក្រ យើង​ត្រូវតែ​ខំប្រឹង​សិក្សា​។ អ្វីដែល​អាច​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ និង​ជីវិត​របស់​យើង​បាន មានតែ​មួយគត់ គឺ​ចំណេះវិជ្ជា​។ កុំ​បាក់​ទឹកចិត្ត សម្រាប់​ប្អូន​ផ្ទាល់ ប្អូន​មិនដែល​បាក់​ទឹកចិត្ត​ចំពោះ​ជីវភាព​របស់​ប្អូន​ទេ​។ ភាពក្រីក្រ ខ្ញុំ​អត់​បន្ទោស​ក្រុមគ្រួសារ ឬ​បន្ទោស​មកពី​អ៊ីចេះ​អ៊ីចុះ​ទេ​។ ខ្ញុំ​ដឹងថា ភាពក្រីក្រ កើត​ចេះ​មកពី​យើង​មិនចេះ​ដឹង​។ ខ្ញុំ​ត្រូវតែ​ពុះពារ និង​ជម្នះ ដោយ​ខិតខំ​សិក្សា​ឲ្យ​បាន​ជោគជ័យ ដើម្បី​ផ្លាស់ប្តូរ​ជីវភាព​របស់ខ្ញុំ​ឲ្យ​បាន ព្រោះ​យើង​ក្រ​ហើយ បើ​យើង​ខ្សោយ​ទៀត គឺ​អត់​មាន​អ្វី​ជាទី​ពឹង​ទេ​»​។

​កែវ ពន្លឺ បង្ហាញ​គន្លឹះ​សំខាន់ៗ​មួយចំនួន ដើម្បី​រៀន​ឲ្យ​ពូកែ​

​ក្រោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រឡង​ហើយ​នោះ យុវ​សិស្ស កែវ ពន្លឺ បានបង្ហាញ​គន្លឹះ​ខ្លះៗ ដើម្បី​ឲ្យ​ការសិក្សា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ លោក​បាន​អះអាងថា កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ទទួលបាន​លទ្ធផល​ល្អ​បែបនេះ គឺ​បណ្តាលមកពី​ការប្រឹងប្រែង​បង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ ការគាំទ្រ​ពី​ឪពុកម្តាយ និង​មនុស្ស​នៅ​ជុំវិញខ្លួន ព្រមទាំង​ការខិតខំ​រៀន​ដោយ​ខ្លួនឯង​។

​យុវជន កែវ ពន្លឺ ពន្យល់​បន្ថែម​៖ «​យើង​ត្រូវ​ចេះ​កាលវិភាគ​រៀន​ដោយ​ខ្លួនឯង​។ យើង​ត្រូវ​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ថា យើង​ពូកែ​មុខវិជ្ជា​អី យើង​ខ្សោយ​មុខវិជ្ជា​អ្វី​។ សម្រាប់​ខ្ញុំ មុខវិជ្ជា​ណា​ដែល​ខ្ញុំ​ខ្សោយ មុខវិជ្ជា​ហ្នឹង ខ្ញុំ​រៀន​មុនគេ ហើយ​បន្ថែម​ម៉ោង​រហូតដល់​២​ម៉ោង​។ មុខវិជ្ជា​ដែល​យើង​គិតថា ចេះ​ហើយ យើង​យក​វា​ដាក់​ក្រោយ​គេ ព្រោះ ពេលខ្លះ សុខភាព​យើង​មិនសូវ​ល្អ យើង​ងាយ​នឹង​ងងុយដេក​ច្រើន ចឹ​ង​ពេលយប់​ជ្រៅ​យើង​អាច​ដេក​ក៏បាន ព្រោះ​យើង​ចេះ​ហើយ ទោះ​យើង​មិនបាន​រៀន​ច្រើន ក៏​យើង​អាចទៅរួច​ដែរ​។ មួយទៀត ត្រូវ​ស្រាវជ្រាវ​លំ​ហាត់​ថ្មីៗ​ឲ្យ​បាន​ច្រើន និង​ចងចាំ​រូបមន្ត​។ យើង​ត្រូវ​រក​ដៃគូរ​(​មិត្តភក្តិ​) ដែល​ខ្ពស់ជាង​យើង ដើម្បី​សាកសួរ​ពួកគេ ព្រោះ​យើង​មិនសូវ​ហ៊ាន​សួរ​គ្រូ​ទេ តែបើ​យើង​សួរ​មិត្តភក្តិ យើង​នឹង​ចាំ​រហូត​»​។     

​សម្រាប់​សិស្ស​ដែល​ចេះ​ស្ទាក់ស្ទើរ លោក កែវ ពន្លឺ អះអាងថា ពួកគេ​គួរតែ​ចាប់ផ្តើម​ពី​ការធ្វើ​លំ​ហាត់​តូចៗ មុននឹង​ផ្តើមធ្វើ​លំ​ហាត់​ធំៗ និង​ស្រាវជ្រាវ​ពី​ប្រភព​ផ្សេងទៀត ដូចជា ការសិក្សា​ពី​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក​ជាដើម​។   យុវជន កែវ ពន្លឺ ចង់​ក្លាយ​វិស្វករ​ម្នាក់​ទៅ​ថ្ងៃ​អនាគត ដើម្បី​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​វិស្វកម្ម​នៅ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​៕        

 



Tag:
 កែវ ពន្លឺ​
  ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com