ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវតី កែវ​កន្និដ្ឋា​៖ មនុស្ស​ស្រី​ក៏​រៀន​IT​បានដែរ ឲ្យ​តែមាន​មហិច្ឆតា និង​ឆន្ទៈ​
23, Sep 2019 , 9:39 am        
រូបភាព
​បាត់ដំបង​៖ ឆាយ កែវ​កន្និដ្ឋា ជា​នារី​វ័យក្មេង​មួយរូប​ដែល​បាន និង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​យុវតី​វ័យក្មេង​ដទៃទៀត ឲ្យ​ហ៊ាន​ជ្រើសរើស​ជំនាញ​ដែល​ពួកគេ​ស្រឡាញ់ និង​ទទួលខុសត្រូវ​ចំពោះ​ការជ្រើសរើស​របស់ខ្លួន​។ យុវតី​វ័យក្មេង​ដ៏​ក្លៀវក្លា​រូបនេះ បាន​បដិសេធ​បំណង​ឪពុកម្តាយ ដែល​ចង់​ឲ្យ​នាង​ធ្វើជា​គ្រូបង្រៀន ឬ​អ្នកជំនួញ ហើយ​ដើរ​តាម​មហិច្ឆតា​ផ្ទាល់ខ្លួន ដែល​ចង់​រៀន​ផ្នែក​ព័ត៌មានវិទ្យា ដើម្បី​ក្លាយជា​អ្នកសរសេរ​កម្មវិធី​កុំ​ព្យូ​រ​ទ័​រ និង​អ្នក​រចនា​ក្រា ហ្វិ​ក​។ ក្នុង​វ័យ​១៩​ឆ្នាំ កែវ​កន្និដ្ឋា មិន​រៀន​តែមួយ​មុខ​នោះទេ នាង​បានចាប់ផ្តើម​ធ្វើការ​តាំង​តែ​ពី​ឆ្នាំ​ទី​១​ម្ល៉េះ ក្នុងន័យ​សន្សំ​បទពិសោធន៍​ក្នុង​ជំនាញ​របស់ខ្លួន​ផង និង​ប្រឡូក​ក្នុងសង្គម​ការងារ​ជាក់ស្តែង​ផង​។ ឆាយ កែវ​កន្និដ្ឋា ធ្លាប់ធ្វើ​គ្រូបង្រៀន​កុំព្យូទ័រ និង​ភាសា​អង់គ្លេស​, ជា​ជំនួយការ​គ្រូ​នៅ​បន្ទប់​ជួសជុល​កុំព្យូទ័រ​ក្នុង​សាកលវិទ្យាល័យ ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Technovation Cambodia និង​ជា​អ្នក​ណែនាំ​ក្រុម​កុមារី នៅក្នុង​កម្មវិធី​ដដែល​នេះដែរ​។



​កញ្ញា ឆាយ កែវ​កន្និដ្ឋា ស្ថិតក្នុង​ចំណោម​និស្សិត​នារី​ចំនួន​៦​នាក់ នៃ​សិស្ស​សរុប​៤០​នាក់ ដែល​កំពុង​សិក្សា​ព័ត៌មានវិទ្យា (IT) នៅ​សាកលវិទ្យាល័យ​បាត់ដំបង​។ មាន​វ័យ​១៩​ឆ្នាំ កែវ​កន្និដ្ឋា ដែលជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ទី​២​នាក់ បានដឹងថា ខ្លួន​ចាប់អារម្មណ៍​នឹង​បច្ចេកវិទ្យា​តាំងតែ​ពី​នាង​បាន​ប៉ះ​កុំព្យូទ័រ​ជា​លើកដំបូង​បំផុត​ក្នុង​ជីវិត នៅពេល​នាង​រៀន​ថ្នាក់​ទី​៦​ម្ល៉េះ​។ ឆាយ កែវ​កន្និដ្ឋា រំឭក​អារម្មណ៍​ពេលនោះ​ដូច្នេះ​៖ «​យើង​បាន​ប៉ះ​វា យើង​បាន​ចុច​បើក​វា ហើយ​មាន​អារម្មណ៍​ថា វា​អស្ចារ្យ​មែនទែន​។ ហើយ​ចង់ដឹងថា គេ​ធ្វើ​ម៉េច​បានចេញ​អ៊ីចឹង ហើយ​គេ​អាច​យក​អាហ្នឹង​(​កុំព្យូទ័រ​)​ទៅប្រើ​បាន​អ្វីខ្លះ​?»​។

​កែវ​កន្និដ្ឋា ថា​មុខវិជ្ជា​អ្វី​ក៏​ស្រី​រៀន​បានដែរ សំខាន់​មាន​មហិច្ឆតា និង​ឆន្ទៈ​

​ក្រោយ​បញ្ចប់​វិទ្យាល័យ នៅក្នុង​ឆ្នាំ​២០១៥ កែវ​កន្និដ្ឋា ក៏​សម្រេច​រៀន​ជំនាញ​ដែល​នាង​ចិញ្ចឹមចិត្ត​ស្រឡាញ់​តាំងពី​កុមារ​នោះ បើទោះជា​ក្រុមគ្រួសារ​មិនសូវ​ពេញចិត្ត​ក៏ដោយ​។ រៀន​ជំនាញ IT ព្រោះតែ​ចិត្ត​ស្រឡាញ់​ជា​មូលហេតុ​មួយ តែ​មូលហេតុ​ដ៏​សំខាន់​មួយទៀត​នោះ គឺ​យុវតី​រូបនេះ ចង់បង្ហាញ​សង្គម​ថា មនុស្ស​ស្រី​ក៏​អាច​រៀន​ព័ត៌មានវិទ្យា និង​រៀន​ពូកែ មានការ​ងារ​ល្អ​ថែម​ទៀតផង​។ កញ្ញា ឆាយ កែវ​កន្និដ្ឋា អះអាង​ក្នុង​សម្តី​ជឿជាក់​ដូច្នេះ​៖«​យើង​កំពុង​រស់នៅ​ក្នុងសម័យ​ឌីជីថល​។ ដូច​បច្ចេកវិទ្យា​ហ្នឹង​ដើរតួ​សំខាន់​មែនទែន​ក្នុង​ជីវិត​មនុស្ស ធ្វើ​ឲ្យ​ជីវិត​កាន់​តែមាន​ភាពងាយស្រួល ឆាប់រហ័ស ហើយ​មាន​ទំនាក់ទំនង​ជាប់​ជាមួយគ្នា​រហូត​។ ហើយ​បច្ចេកវិទ្យា​ទាំងអស់​ហ្នឹង បង្កើតឡើង​ដោយ​អ្នកបង្កើត​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​ចង់​ក្លាយជា​ម្នាក់ ក្នុងចំណោម​ហ្នឹង​។ ទី​២.​គឺ​ជម្នះ​ទស្សនៈ​សង្គម ដែល​គេ​តែង​និយាយថា មុខ​វិទ្យា​IT មិន​សម​នឹង​មនុស្ស​ស្រី​រៀន​ទេ​។ មនុស្ស​ស្រី​គួរតែ​រៀន​គណនី ធនាគារ អី​ផ្សេងៗ​។ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​គេ​ឃើញថា មុខ​វិទ្យា​អី​ក៏ដោយ ឲ្យ​តែ​មនុ​ស្សមាន​មហិច្ឆតា និង​ឆន្ទៈ ប្រុស​ស្រី រៀន​បាន​ដូចគ្នា​។ ហើយ​ខ្ញុំ​គិតថា រៀន​IT មាន​ជម្រើស​ការងារ​ច្រើន​»​។​



​មាន​ឪពុក​ជា​ទាហាន ម្តាយ​ជា​គ្រូបង្រៀន និង​ញាតិ​ផៅ​ភាគច្រើន ជា​អ្នកជំនួញ​។ ដូច្នេះហើយ​បានជា ឪពុកម្តាយ ចង់​ឲ្យ​កូនស្រី​ច្បង​ក្នុង​គ្រួសារ​រូបនេះ ធ្វើជា​គ្រូបង្រៀន ឬ​អ្នក​ប្រកប​ការរកស៊ី ជួញដូរ​។ បើតាម​អ្នក​ខេត្តបាត់ដំបង​រូបនេះ ក្រុមគ្រួសារ​មិន​ចង់​ឲ្យ​រៀន  ព័ត៌មាន​វិជ្ជា ព្រោះ​បារម្ភ​ថា នៅពេល​នាង​រៀន​ចប់ ឥត​ការងារ​ធ្វើ​។ តែ​យ៉ាង​ក្តី​បំណង​នេះ ត្រូវបាន​កែវ កន្និដ្ឋា បដិសេធ​។​

​ទម្រាំ​តែ​ជម្នះ​ចិត្ត​ឪពុកម្តាយ បាន​រៀន​មុខវិជ្ជា IT ដែល​ខ្លួន​ស្រឡាញ់ កែវ​កន្និដ្ឋា បាន​ប្តេជ្ញា​ចំពោះមុខ​ឪពុកម្តាយ​ថា នឹង​ការងារ​ធ្វើ​ឲ្យ​បាន​។ ទន្ទឹមនឹង​នេះដែរ យុវតី​រូបនេះ ក៏​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ការសម្រេចចិត្ត និង​ធានា​មើល​ខុសត្រូវ​អនាគត​របស់ខ្លួន​ដោយ​ខ្លួនឯង​ផងដែរ​។ កញ្ញា ឆាយ កែវ​កន្និដ្ឋា បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​នឹងធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ ព្រោះ​អី​លទ្ធផល​ចុងក្រោយ គឺ​ខ្ញុំ​អ្នកទទួល​។ អ៊ីចឹង​បើ​ខ្ញុំ​តាម​ពួកគាត់ តែ​ខ្ញុំ​អត់​ស្រឡាញ់​វា​ផង ទោះ​ខ្ញុំ​ធ្វើ​វា​បាន តែ​វា​អត់​ដិតដល់​ដូចដែល​ខ្ញុំ​ស្រឡាញ់​។ អ៊ីចឹង​ខ្ញុំ​សុខចិត្ត​យកមុខ​វិជ្ជា​ដែល​ខ្ញុំ​ស្រឡាញ់​។ ធ្វើបាន ឬ​មិនបាន ខ្ញុំ​នឹង​ទទួលបាន​ដោយ​ខ្លួនឯង​»​។​

​រៀន​បណ្តើរ ធ្វើការ​បណ្តើរ ហ្វឹកហាត់​ការអត់ធ្មត់ និង​ព្យាយាម​

​ដ្បិតតែ​ទើបតែ​សិក្សា​បរិញ្ញាបត្រ​ព័ត៌មានវិទ្យា​ឆ្នាំ​ទី​៣ ក៏ពិតមែន ប៉ុន្តែ​កញ្ញា កែវ កន្និដ្ឋា បានចាប់ផ្តើម​ធ្វើ​ការងា​រដែ​លពាក់​ព័ន្ធ​នឹង​មុខជំនាញ​របស់ខ្លួន តាំងតែ​ពី​ឆ្នាំ​ទី​១​មកម្ល៉េះ​។ បើតាម កែវ កន្និដ្ឋា នាង​បាន​ធ្វើជា​គ្រូបង្រៀន​កុំព្យូទ័រ​ផង និង​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផង និង​ជា​ជំនួយការ​គ្រូ នៅ​បន្ទប់​ជួសជុល​កុំព្យូទ័រ នៅ​សា​លក​វិទ្យាល័យ​បាត់ដំបង​ដែរ​។ បន្ទាប់មក នាង​ចូលរួម​នៅក្នុង​កម្មវិធី  Technovation Cambodia និង​បាន​បង្កើត​កម្មវិធី​ទូរ​សព្ទ​ដៃ​មួយ​ឈ្មោះថា «Go Green» ដើម្បី​ប្រកួតប្រជែង​ផងដែរ​។ កន្លងទៅ កែវ​កន្និដ្ឋា ក៏​ធ្លាប់ជា​អ្នក​ណែនាំ​ដល់​កុមារី​មួយក្រុម​នៅក្នុង​ការបង្កើត​កម្មវិធី​ទូរ​សព្ទ​ដៃ នៅក្នុង​កម្មវិធី Technovation Cambodia ហើយ​ពួកគេ​បានទទួល​ជ័យលាភី​លេខ​២ នៅឯ​សហរដ្ឋអាមេរិក​ផងដែរ​។ បច្ចុប្បន្ន យុវតី​វ័យ​១៩​ឆ្នាំ​រូប បាន​ក្លាយជា អ្នកគ្រប់គ្រង​សាលាបង្រៀន​ភាសា​អង់គ្លេស​មួយ នៅក្នុង​ខេត្តបាត់ដំបង ដែល​អនុញ្ញាត​ឲ្យ​នាង នឹង​បាន​យល់ដឹង​ពី​លំហូរ​ការងារ​មួយផ្នែក​នៅក្នុង​វិស័យ​អប់រំ​។ ឆាយ កែវ​កន្និដ្ឋា សង្ឃឹមថា​តាមរយៈ​ពិសោធន៍​ការងារ​ថ្មី​នេះ នឹង​ផ្តល់​ភាពងាយស្រួល​នៅពេល កញ្ញា ត្រូវ​អភិវឌ្ឍន៍​កម្មវិធី​ទូរ​សព្ទ​និយាយ​ពី​វិស័យ​អប់រំ នាង​អាចមាន​ការយល់ដឹង​ជា​មូលដ្ឋាន​ហើយ​ជាស្រេច​។​


 
«​កាល​ឆ្នាំ​ទី​២ ខ្ញុំ Volunteer (​ស្ម័គ្រចិត្ត​) នៅ​បន្ទប់​ជួសជុល​។ អ៊ីចឹង​ពេល​ហ្នឹង​ចេះ​កឹ​ប​ខ្សែ ជួសជុល​កុំព្យូទ័រ​ខ្លះៗ ហើយ​ចេះ​ជួសជុល Software មួយចំនួន​។ ក្រៅពី​ហ្នឹង យើង​ដឹង​រឿង​ច្រើន​ទាក់ទង​នឹង IT​។ បើ​ទាក់ទង​នឹង​កម្លាំងចិត្ត គឺ​ជួយ​ឲ្យ​យើង​កាន់តែ​អត់ធ្មត់ ព្យាយាម ព្រោះ​អីយើ​ង​ដឹងថា ការងារ​មួយៗ​មិនមែន​ចេះតែ​ធ្វើបាន​ងាយៗ​ទេ​។ ក្រៅពី​ហ្នឹង ពេល​យើង​ធ្វើ Program បើ​កុំ​ព្យូ័​រ​មាន​បញ្ហា យើង​ដឹងថា​គួរ​ធ្វើ​អី​? ធ្វើ​បែបណា​?»​។ កញ្ញា ឆាយ កែវ​កន្និដ្ឋា បញ្ជាក់​ដូច្នេះ​។

​ឆាយ កែវ​កន្និដ្ឋា​៖ គ្រប់​ឧបសគ្គ​សុទ្ធ​តែមាន​ដំណោះស្រាយ​

​រៀន​ផង ធ្វើការ​ផង មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់ កែវ​កន្និដ្ឋា​ឡើយ​។ យុវតី​ក្មេងខ្ចី​រូបនេះ អះអាងថា នាង​ទទួលបាន​ការរិះគន់ តាំងតែ​ពី​ការជ្រើសរើស​រៀន​ជំនាញ​ព័ត៌មានវិទ្យា​នេះ​ម្ល៉េះ​។ ក្នុងពេល​បំពេញ​ការ​ក៏​នាង ត្រូវ​មក​ប្រឈម​នឹង​ការ​មិនសូវ​ផ្តល់​តម្លៃ ថែម​មួយ​ជាន់​ទៀត​។  យុវតី​កែវ កន្និដ្ឋា​រៀបរាប់​ដូច្នេះ​៖ «​ការលំបាក​ច្រើន ជាពិសេស​ការមើល​ងាយ​ពី​គេ ដែល​គេ​គិតថា​យើង​ធ្វើ​អត់​កើត​ហ្នឹង​។ គេ​អត់​ឲ្យ​តម្លៃ​យើង ពេល​យើង​ទៅ​កឹ​ប​ខ្សែ ត Network (​បណ្តាញ​)​គេ​គិតថា​យើង​អត់​អាចធ្វើ​អី​ដូច​ប្រុសៗ​បាន​។ គេ​គិត​អ៊ីចឹង​! ប៉ុន្តែ​តាមពិត​យើង​អាច​ធ្វើបាន​។ ពេល​រៀន​ក៏ដោយ​! មាន​គេ​រិះគន់ថា យើង​រៀន​តាម​គ្នា​។ អ្នកខ្លះ​និយាយថា យើង​រៀន IT ហ្នឹង​ដើម្បី​បាន attention ឲ្យ​គេ​គិតថា​ខ្លួនឯង​ឡួ​យ តែ​សម្រាប់​ខ្ញុំ​អត់​មានអី​ទេ ព្រោះ​យើង​ដឹងថា​យើង​កំពុង​ធ្វើ​អី​»​។

​ទោះជា​យ៉ាងណា ការរិះគន់ និង​ការមិន​ផ្តល់​តម្លៃ​ទាំង​អម្បាន​ម៉ាន មិនអាច​រារាំង​អ្នក​បាត់ដំបង​រូបនេះ ឲ្យ​បញ្ឈប់​ដំណើរ​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ នាង​បាន​ខិតខំ​ទ្វេដង ដើម្បី​សម្រេច​បំណង​ខ្លួន​ដែល​ចង់​ក្លាយជា អ្នកសរសេរ​កម្មវិធី (Programmer) និង​អ្នក​រចនា​ក្រាហ្វិក (Graphic designer) និង​ដើម្បី​បង្ហាញថា ស្ត្រី​ក៏មាន​សមត្ថភាព​ខ្ពស់ មិន​ចាញ់​បុរស​នោះឡើយ​។ 



​ទន្ទឹមនឹង​ខិតខំ​ជម្នះ​នឹង​មតិ​អ្នក​ជុំវិញខ្លួន  កញ្ញា កែវ កន្និដ្ឋា តាមរយៈ​បទពិសោធន៍​ផ្ទាល់​បាន​ជំរុញ​ឲ្យ​ស្ត្រី​ផ្សេងទៀត ត្រូវ​មុះ​មុត ក្នុងការ​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ជាពិសេស​ជំនាញ​ព័ត៌មាន​វិជ្ជា​ហ្នឹង​។ ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​ជំនាញ​ព័ត៌មានវិទ្យា​នេះ  កែវ​កន្និដ្ឋា បាន​លើកទឹកចិត្ត​ឲ្យ​ស្ត្រី ជ្រើសរើស​រៀន​ជំនាញ​នេះ ព្រោះ​ខ្លួនឯង​ស្រឡាញ់ មិនមែនជា​ការជ្រើសរើស​តាម​គ្នា ឬ​ព្រោះតែ​ឮ​គេ​ថា​ល្អ​នោះទេ​។ កញ្ញា កែវ កន្និដ្ឋា សង្កត់ធ្ងន់​ដូច្នេះ​៖«​សម្រាប់​អ្នក​ដែល​ស្រឡាញ់ IT តែ​ស្ទាក់ស្ទើរ គឺ​សំខាន់​យើង​ច្បាស់​ខ្លួនឯង​អត់ថា យើង​ស្រឡាញ់​ជំនាញ​ហ្នឹង​។ យើង​ស្រឡាញ់​ខ្លួនឯង មិនមែន​តាម​អ្នកដទៃ ឬ​តាម​គេ​និយាយថា IT ហ្នឹង​ល្អ ហើយ​ចង់​រៀន​។ ប៉ុន្តែ​គិតថា​ខ្លួនឯង សប្បាយ​ចិត្តនឹង​រៀន​វា​អត់​? ចង់​រៀន​វា​អត់​? ហើយ​បើសិន​អ្នក​ទាំងអស់គ្នា​គិតថា សមត្ថភាព​ខ្ញុំ​អត់​ដល់​ទេ ខ្ញុំ​អត់​ចេះ​អង់គ្លេស ឬក៏​អី នេះ​រឿង​ពេល​ក្រោយ​ទេ យើង​អាច​អភិវឌ្ឍន៍​ខ្លួន​ទៅតាម​អ្វីដែល​យើង​ស្រឡាញ់​។ ឲ្យ​តែ​យើង​ស្រឡាញ់ យើង​ប្រាកដជា​ចង់​ធ្វើ​ឲ្យ​បាន​ហើយ​»៕

Tag:
 ព័ត៌មានវិទ្យា​
 IT
 ​អប់រំ​
 ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com