ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យក្រសួង​យុត្តិធម៌ ថា លោក សម រង្ស៊ី «​ចង់​ផ្តួល​រាជានិយម​»
23, Sep 2019 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើ​សម្តី​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​រហូតដល់​ទៅ​ពីរ​-​បី​លើក​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សន្និដ្ឋានថា លោក សម រង្ស៊ី និង បក្សពួក មិន​ត្រឹមតែ​មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ តែ​ថែមទាំង​ចង់​ផ្តួលរំលំ​របបរាជានិយម​ផងដែរ​។



​លោក គឹម សន្តិភាព សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«...​នេះ​ជា​សកម្មភាព​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​យ៉ាងពិត​ប្រាកដ​។ អំពើ​ខាងលើនេះ គឺជា​ការ​ប្រឆាំងនឹងរ​ដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដែល​កំណត់​បានជា​បទ​ឧក្រិដ្ឋ ត្រូវ​ផ្តន្ទាទោស​ក្នុង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​អាច​អស់​មួយជីវិត តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​»​។

​អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ រួមទាំង​ស្ថាប័ន​អយ្យការ មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ដើម្បី​បំផ្លាញ​និង​កម្ទេចចោល​នូវ​រាល់​ផែនការ និង​អង្គការ​ចាត់តាំង​ទាំងឡាយណា ដែល​គាំទ្រ​សកម្មភាព​ខុសច្បាប់​រប​ស់លោក សម រង្ស៊ី និង បក្សពួក​។

​លើសពីនេះ ក្រសួងយុត្តិធម៌ ទើបនឹង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ព្រមាន​ពី​ការ​ជាប់ទោស​យ៉ាងធ្ងន់ធ្ងរ ចំពោះ​អ្នករៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ និង អ្នកចូលរួម​។ ក្រសួងយុត្តិធម៌ លើក​ពី​ផ្លូវច្បាប់​ថា មេដឹកនាំ​ដែល​ដាក់​ផែន​ការធ្វើ​រដ្ឋប្រហារ ត្រូវ​ជាប់​ពីបទ​ឧបឃាត ដោយ​ត្រូវ​ផ្តន្ទាទោស​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ ហើយ​បើ​ជនល្មើស ជា​មន្ត្រីរាជការ​សាធារណៈ ដែល​រាប់ទាំង​កងកម្លាំងប្រដាប់អាវុធ​ផង​នោះ ត្រូវ​ជាប់ទោស​អស់​មួយជីវិត​។

​ក្រសួងយុត្តិធម៌ បន្ថែមថា ចំពោះ​អ្នក​ដែល​ចូលរួម​គាំទ្រ​ឬ​អនុវត្ត​ផែន​ការធ្វើ​រដ្ឋប្រហារ ត្រូវ​ជាប់​ពីបទ​រួមគំនិត​ក្បត់ជាតិ ដោយ​ត្រូវ​ផ្តន្ទាទោស ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ហើយ​បើជា​មន្ត្រីរាជការ​សាធារណៈ ត្រូវ​ជាប់ទោស ពី​១០​ឆ្នាំ ទៅ ២០​ឆ្នាំ​។​

​យ៉ាងណាក៏ដោយ គេ ពុំទាន់​បានឮ​លោក សម រង្ស៊ី ប្រកាស​ពី​ការផ្តួលរំលំ​របបរាជានិយម​នោះទេ តែ​លោក បានប្រកាស​ត្រង់ៗ​ថា លោក នឹង​ដឹកនាំ​កម្លាំង​មហាជន ដើម្បី​ផ្តាស់​ប្តូរ​រដ្ឋាភិបាល នៅពេល​លោក មកដល់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩៕
អត្ថបទទាក់ទង



Tag:
 សម រង្ស៊ី​
  គឹម សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com