កីឡាជាតិ
ជាតិ
ជំនួប​ទាំង​នៅ​កីឡដ្ឋាន​វិសាខា និង​ស្តា​ត​ចា​ស់នា​ថ្ងៃនេះ មិនមែន​ចាប់ផ្តើម​ពី​នាទី ទី​១​នោះឡើយ​
23, Sep 2019 , 11:49 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមវិសាខា(អាវខៀវ)ជាមួយព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបបាល់ទាត់វិសាខា
សកម្មភាពប្រកួតរវាងក្រុមវិសាខា(អាវខៀវ)ជាមួយព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបបាល់ទាត់វិសាខា
ដោយ:
​ក្រុមបាល់ទាត់​វិសាខា ត្រូវ​ស្វាគមន៍​ព្រះខ័ន​រាជ​ស្វាយរៀង នា​ជំនួប​សប្តាហ៍​ទី​២៣​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៦​ល្ងាច ក្រោយ​ក្រសួងការពារជាតិ ប៉ះ​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​។ តាមពិត​ការប្រកួត​ទាំងពីរ​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២២ កញ្ញា តែ​ត្រូវបាន​លើក​ពេល​ដោយសារ​ភ្ញៀ​ង​ធ្លាក់​ខ្លាំងពេក​។​



​ការ​ប៉ះគ្នា​រវាង​ក្រុម​វិសាខា ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ប្រៀបបាន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពោលគឺ​បើ​ស្វាយរៀង​អាច​យកឈ្នះ​ម្ចាស់ផ្ទះ​វិសាខា​នៅ​ល្ងាច​នេះ ពួកគេ នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ ទាំង​នៅសល់​៣​ប្រកួត​។ ដូច្នេះ​វិសាខា ទាមទារ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ដាច់ខាត បើ​ពុំ​នោះទេ​ពួកគេ​នឹង​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​។

​មុន​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៧​ក្រសួងការពារជាតិ ត្រូវ​ប្រជែង​ដណ្តើម​លេខ​រៀង​ទី​៦​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​ម៉ោង​៣:៣០​នាទី​រសៀល នា​កីឡដ្ឋាន​ស្តា​ត​ចាស់​។ នេះ​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធ​ឱកាស​ឡើងទៅ​ប្រជែង​ជើងឯក និង​សូម្បីតែ​លេខ​៣​។

​តាម​កាលវិភាគ​ប្រកួត​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​ការប្រកួត​ទាំងពីរ​គូ​ខាងលើ​ត្រូវ​ឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ដោយសារ​មាន​ភ្ញៀ​ង​ធ្លាក់​ខ្លាំង និង​មានទឹក​ដក់​នៅលើ​ទីលាន​មិនអាច​បន្ត​ការប្រកួត​បាន ទើប CNCC រួមជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្លិប​ទាំងពីរ​បានសម្រេច​លើក​ការប្រកួត ដែល​ដំណើរការបាន​ជាង​១៥​នាទី មក​ប្រកួត​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។ ការប្រកួត​ទាំងពីរ​គូ​នឹង​ចាប់ផ្តើម​បន្ត​ពី​នាទី ដែល​បាន​ផ្អាក​កាលពី​ថ្ងៃអាទិត្យ​។

​ក្រុម​ការពារ​តំណែង​ជើងឯក​ណាហ្គា​វើ​ល​បាន​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ បន្ទាប់ពី​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​បឹងកេត នា​ជំនួប​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​កាលពី​ថ្ងៃអាទិត្យ​។ នៅ​ម៉ោង​ដំណាលគ្នា​នោះដែរ ក្រុម​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៤-២​។

​សម្រាប់​ការប្រកួត​៣​គូ​កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​ម្ចាស់ផ្ទះ​រង​បរាជ័យ​ទាំងអស់​។ ក្នុងនោះ​កំពង់ចាម​ដែល​ប្រើប្រាស់​កីឡដ្ឋាន​ស្តា​ត​ចាស់​ធ្វើ​ទឹកដី​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៤-០ ខណៈ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ២-១​។ ជ័យជម្នះ​ជួយ​ឲ្យ​គីរីវង់​សងសឹក​អគ្គិសនី​កម្ពុជា ដែល​យកឈ្នះ​ពួកគេ ២-១ នៅ​ជើង​ទី​១​បានសម្រេច​ផងដែរ​។ ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប សូល​ទី​ឡូ​អង្គរ​បានឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-១ ដើម្បី​សងសឹក ដែល​ពួកគេ​បាន​ចាញ់ ៣-០ នៅ​ជើង​ទី​១​។​

​សម្រាប់​ពានរង្វាន់​ប្រចាំ​ខែសីហា ខ្សែប្រយុទ្ធ ដាវ នី​ម នៃ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ ជាប់​ជា​កីឡាករ​ឆ្នើម រីឯ​គ្រូបង្វឹក​សញ្ញា​តិ​ស្កុ​តឡែ​ន លោក Nestor Conor របស់​ព្រះខ័ន​រាជ​ស្វាយរៀង ជាប់​ជា​គ្រូបង្វឹក​ឆ្នើម​៕

Tag:
 ព្រះខ័ន​រាជ​ស្វាយរៀង​
  វិសាខា​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com