កីឡាជាតិ
ជាតិ
បុណ្យភ្ជុំបិណ្ឌ
​ស៊ន សៀវ​ម៉ី មិនបាន​ភ្ជុំ​នៅ​ស្រុក ព្រោះ​ជាប់​ហ្វឹកហាត់​នៅ​កូរ៉េខាងត្បូង ដើម្បី​ការពារ​មេដាយ​ស៊ី​ហ្គេម​
28, Sep 2019 , 10:59 am        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៤ ស៊ន សៀវ​ម៉ី ត្រូវ​អាក់ខាន​ក្នុងការ​ជួបជុំ​គ្រួសារ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។ ការអាក់ខាន​នេះ​ដោយសារតែ នាង​ត្រូវ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​២​ខែ​នៅ​កូរ៉េខាងត្បូង ដើម្បី​ត្រៀម​ការពារ​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន ដែល​ប្រព្រឹត្តទៅ​នៅ​ចុង​ឆ្នាំនេះ​។ ទោះបី​យ៉ាងនេះ​ក្តី សៀវ​ម៉ី អះអាងថា នាង​សប្បាយចិត្ត​ចំពោះ​ការលះបង់ ដែល​ធ្វើ​ដើម្បី​ជាតិ​និង​អាជីព​ដែល​ខ្លួន​ស្រលាញ់​មួយ​នេះ​។ កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូបនេះ​ជឿជាក់ថា នាង​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ឆ្នាំនេះ​។

  
 
​ទោះ​ខកខាន​ជួបជុំ​ឪពុកម្តាយ​ញាតិមិត្ត​បងប្អូន​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ប្រពៃណី​របស់​ខ្មែរ តែ​កីឡាការិនី ស៊ន សៀវ​ម៉ី ហាក់​សប្បាយចិត្ត​ចំពោះ​ការលះបង់​មួយ​នេះ​។ សប្បាយចិត្ត ក៏​ព្រោះតែ​ការលះបង់​របស់ នាង គឺ​ធ្វើ​ដើម្បី​មុខមាត់​ប្រទេសជាតិ និង​អាជីព​ដែល​ខ្លួន​ស្រលាញ់​។ សៀវ​ម៉ី បាន​អះអាងថា នាង​នឹង​កាន់តែ​សប្បាយចិត្ត​ប្រសិនបើ​ការលះបង់​នេះ​ទទួលបាន​ជោគជ័យ​។     
 
«​ខ្ញុំ​សប្បាយចិត្ត ដែល​បាន​លះបង់​ដើម្បី​ជាតិ និង​អាជីព​របស់​យើង​។ យើង​កាន់តែ​សប្បាយចិត្ត បើ​ការលះបង់​របស់​យើង​ទទួលបាន​ជោគជ័យ​មកវិញ​។ សម្រាប់​ខ្ញុំ​ការខកខាន​ជួបជុំ​គ្រួសារ​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មិន​ថ្វី​នោះទេ ព្រោះ​ម្តាយ​និង​គ្រួសារ​របស់ខ្ញុំ​បាន​ទៅ​វត្ត​ជុំគ្នា​រួចហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគាត់​បាន​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ទៀតផង​»​។ សៀវ​ម៉ី លើកឡើង​បែបនេះ ពេល​នាង​ចូលរួម​ក្នុង​វេទិកា​ជាតិ​លើក​ទី​១​ស្តីពី​ការប្រកាស​កាលបរិច្ឆេទ​ផ្លូវការ និង​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កាលពីពេល​កន្លងទៅ​។​
 
​ការអាក់ខាន​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ដោយសារតែ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៤​រូបនេះ ត្រូវ​ចេញទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​កូរ៉េ​រយៈពេល​ពីរ​ខែ ដើម្បី​ត្រៀម​ការពារ​តំណែង​ជើងឯក នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន ដែល​ប្រព្រឹត្តទៅ​ចុងឆ្នាំ​២០១៩​នេះ​។ ការហ្វឹកហាត់​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 
 
​ទោះបី​ខ្លួន​ត្រូវការពារ​តំណែង​ជើងឯក តែ​ក្នុងនាម​ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី មិនបាន​ចាត់ទុកថា វា​ជា​សម្ពាធ​នោះទេ​។ ផ្ទុយទៅវិញ វា​គឺជា​ចលករ​ជួយ​ជំរុញ​ទឹកចិត្ត នាង ឲ្យ​ខិតខំ​កាន់តែខ្លាំង​ទៅវិញ​។ «​ខ្ញុំ​គិតថា វា​មិនមែនជា​សម្ពាធ​នោះទេ ប៉ុន្តែ វា​ជា​កត្តា​ជំរុញ​ឲ្យ​យើង​ខិតខំ​កាន់តែខ្លាំង​។ បើ​យើង​រំពឹង​កាន់តែ​ខ្ពស់ ការខិតខំ​របស់​យើង​ក៏​កាន់តែខ្លាំង ព្រោះ​បើ​យើង មិន​ខិតខំ​ហាត់ គេ​អាច​ដណ្តើមយក​មេដាយ​ពី​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​បាន​បន្ថែមថា កម្រិត​សមត្ថភាព​ខ្លួន​មិនមាន​ការធ្លាក់ចុះ​នោះទេ បើ​ធៀប​នឹង​លើក​មុន ទោះបី​នាង​ទើប​ជាសះស្បើយ​ពីរ​បួស​ជង្គង់ ដែល​បាន​វះកាត់​កន្លងមក​ក៏ដោយ​។ 
 
​នៅពេល​សួរ​ពី​ក្តី​រំពឹង ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​នៅ​មី​យ៉ាន់​ម៉ា​រូបនេះ​បាន​និយាយថា​៖«​អាច​និយាយបានថា​៥០​លើ​៥០ ព្រោះ​ហ្វីលីពីន​ជា​អ្នកធ្វើ​ម្ចាស់ផ្ទះ ហើយ​ភាគច្រើន​ខ្ញុំ​តែងតែ​ជួប​កីឡាការិនី​ហ្វីលីពីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ បើតាម​ខ្ញុំ​ហ្វីលីពីន​ជា​ម្ចាស់​មេដាយមាស​៧​ទៅ​៨​ជំនាន់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។ បើ​និយាយ​ពី​ការប្រកួត​ដោយ​សមត្ថភាព គឺ​ខ្ញុំ​រំពឹង​ច្រើន គ្រាន់តែ​យើង​មិនដឹងថា​ការប្រកួត​របៀប​ម៉េច គេ​ដាក់ពិន្ទុ​យ៉ាងណា​យើង​មិនទាន់​ដឹង ព្រោះ​ម្ចាស់ផ្ទះ​អាចមាន​សិទ្ធិ​កែប្រែ​។ ខ្ញុំ​គិតថា​ឆ្នាំនេះ​ខ្ញុំ​អាច​ជោគជ័យ​ច្រើន ព្រោះ​ខ្ញុំ​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ប្រកួត​»​។ 
 
​កីឡាការិនី​ត្រូវ​ឈានចូល​វ័យ​២៤​ឆ្នាំ​នៅ​ខែវិច្ឆិកា​ខាងមុខ​រូបនេះ បានបង្ហាញ​ក្តីកង្វល់​ដោយ​ចាត់ទុក​កីឡាការិនី​ម្ចាស់ផ្ទះ និង​វៀតណាម​ជា​ឧបសគ្គ​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ​នៅ​លើក​នេះ​។ កីឡាការិនី​មាន​សប្បុរស រាង​ខ្ពស់​ស្រលះ​រូបនេះ​បាន​ឆ្លៀត​បន្ថែមថា កម្រិត​បច្ចេកទេស​និង​សមត្ថភាព​ខ្លួន គឺ​មិន​ចោទ​ជា​បញ្ហា​ព្រួយ​នោះទេ តែ​នាង​ហាក់​ព្រួយបារម្ភ​លើ​ការដាក់​ពិន្ទុ និង​បច្ចេកទេស​នៃ​ការរៀបចំ​របស់​ម្ចាស់ផ្ទះ ព្រោះ​ម្ចាស់ផ្ទះ​អាចមាន​សិទ្ធិ​កែប្រែ​គ្រប់បែបយ៉ាង​។ 
 
​ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ WTF អស់​រយៈពេល​ជិត​១០​ឆ្នាំ ពោលគឺ​តាំងពី​ឆ្នាំ​២០១០ កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូបនេះ​ហាក់​ជោគជ័យ​ខ្លាំង​លើ​វិថី​មួយ​នេះ​។ សៀវ​ម៉ី បាន​សាង​ប្រវត្តិសាស្ត្រ​និង​ស្នាដៃ​ជាច្រើន​ជូន​ជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េ ដើម្បី​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​៦៥​ឆ្នាំ​នៃ​ការចូលរួម​ប្រកួត​កីឡា​អាស៊ី​របស់​កម្ពុជា​។ នៅ​ឆ្នាំ​២០១៦ សៀវ​ម៉ី ជា​កីឡាការិនី​ដំបូង​គេ​បង្អស់ ដែល​ទទួលបាន​កៅអី​ពេញសិទ្ធិ​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល ក្រោយ​នាង​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស​កូរ៉េ​។ ក្រៅពី​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ទាំងនេះ សៀវ​ម៉ី បាន​សាង​ភាពល្បីល្បាញ​ជាច្រើន​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​៕ 
 
 
 

Tag:
 តេ​ក្វាន់​ដូ WTF
  ស៊ន សៀវ​ម៉ី​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com