ជាតិ
សម្តេច ហេង សំរិន កំពុង​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​អឺរ៉ុប នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​
23, Sep 2019 , 12:19 pm        
រូបភាព
សម្តេចហេង សំរិន និងប្រតិភូ នៅក្នុងជំនួបជាមួយប្រតិភូរដ្ឋសភាប្រទេសកាហ្សាស្ថាន (រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហេង សំរិន)​
សម្តេចហេង សំរិន និងប្រតិភូ នៅក្នុងជំនួបជាមួយប្រតិភូរដ្ឋសភាប្រទេសកាហ្សាស្ថាន (រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហេង សំរិន)​
ដោយ:
​ភ្នំពេញ​៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​អឺរ៉ុប នៅ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែកញ្ញា​។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​«​ឧត្តមភាព​កាន់តែ​ខ្ពង់ខ្ពស់​សម្រាប់​តំបន់​យូ​រ៉ា​ស៊ា​៖ កិច្ចសន្ទនា ទំនុកចិត្ត និង​ភាពជា​ដៃគូ​»​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​។



​តាម​ប្រភព​ដដែល កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​អឺរ៉ុប នេះ​គឺជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារៈសំខាន់​មួយ សម្រាប់​ពិភាក្សា​លើ​ប្រធានបទ​កិច្ចសហប្រតិបត្តិការ​រ​វាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ យោបល់ ក្នុងការ​ការពារ​ផលប្រយោជន៍ នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​សមូហភាព​សង្គម​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​។  

​នៅក្នុង​កិច្ចប្រជុំ​នេះ ប្រធានរដ្ឋសភា​កម្ពុជា នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង​សម​ភាគី​ដែលជា​ប្រធានសភា នៃ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​, ប្រធានសភា​ពិគ្រោះ​យោបល់​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ឺ​រ៉ង់ និង​គ្រោង​ជួប​ជាមួយ​សម​ភាគី​ចិន រុស្សី និង​កូរ៉េខាងត្បូង​ផងដែរ​។

​សូមជម្រាបថា កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពីស​ភា​តំបន់​អាស៊ី និង​អឺរ៉ុប​ប្រមាណ​៦០​ប្រទេស និង​អង្គការ​សង្កេតការណ៍​អន្តរជាតិ​ធំៗ​ប្រមាណ​៩​អង្គការ ដែល​នៅ​ក្នុងនោះ​ជា​ប្រធានសភា​មា​ជាង​៤០​ប្រទេស ចូលរួម​ផងដែរ​។ សូម​រំឭក​ដែរ​ថា កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំ​២០១៦ លើក​ទី​២ នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​២០១៧ និង​លើក​ទី​៣ ធ្វើឡើង​នៅ​ប្រទេស​តួ​ក​គី នៅ​ឆ្នាំ​២០១៨៕

Tag:
 ហេង សំរិន​
© រក្សាសិទ្ធិដោយ thmeythmey.com