អន្តរជាតិ
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី រង​ការរិះគន់​ព្រោះ​បដិសេធ​ជំនួយ​ពី​បរទេស​ដើម្បី​ដោះស្រាយ​ភ្លើង​ឆេះ​ព្រៃ​
23, Sep 2019 , 2:36 pm        
រូបភាព
ភ្លើងឆេះព្រៃនៅខេត្ត ស៊ូម៉ាត្រាខាងត្បូង ឥណ្ឌូណេស៊ី ថតដោយ AFP នៅថ្ងៃ ២០ កញ្ញា ២០១៩
ភ្លើងឆេះព្រៃនៅខេត្ត ស៊ូម៉ាត្រាខាងត្បូង ឥណ្ឌូណេស៊ី ថតដោយ AFP នៅថ្ងៃ ២០ កញ្ញា ២០១៩
ដោយ:
​កាសែត ហ្សា​កាតារ​ប៉ុស្តិ៍ បន្ត​រិះគន់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជា​លើក​ទី​ពីរ ពាក់ព័ន្ធ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ប្រឆាំង​បញ្ហា​ផ្សែង​ពុល​ដែល​ហុយ​ពី​ភ្លើង​ឆេះ​ព្រៃ​។ កាសែត​ឥណ្ឌូណេស៊ី ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​យល់ព្រម​ទទួល​ជំនួយ​បច្ចេកទេស​ពី​បណ្តា​ប្រទេស​ក្បែរ​ខាង​ដើម្បី​ទប់ស្កាត់​វិបត្តិ​នេះ​។​



​ក្នុង​វិចារណកថា​ចុះផ្សាយ​ថ្ងៃទី​២២ ខែកញ្ញា កាសែត​ហ្សា​ការ​តា​ប៉ុស្តិ៍ បាន​ពន្លះ​ឥរិយាបទ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​មើលឃើញថា បោះបង់ចោល​លើ​ការ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ទៅ​វិបត្តិ​ផ្សែងភ្លើង​ឆេះ​ព្រៃ​ប្រចាំ​ឆ្នាំនេះ ។ ត្រង់នេះ កាសែត​នេះ​លើកឡើង​ចំៗ​ថា  មនុស្ស​ដែល​ប៉ះពាល់​ដោយសារ​ផ្សែងភ្លើង​ឆេះ​ព្រៃ​នេះ មាន​សិទ្ធិ​សួរដេញដោល​ជុំវិញ​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូណេស៊ី​ក្នុងការ​ទប់ទល់​បញ្ហា​នេះ​។​

«​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ផ្សែង [​ហុយ​ពី​ភ្លើង​ឆេះ​ព្រៃ​] ក្នុង​ឥណ្ឌូណេស៊ី និង​បណ្តា​ប្រទេសជិតខាង មាន​សិទ្ធិ​ចោទសួរ​ការតាំង​ចិត្ត​ឥណ្ឌូណេស៊ី មិន​ត្រឹមតែ​ក្នុងការ​គោរព​តាម​សន្ធិសញ្ញា​ថ្នាក់​តំបន់​ស្តីពី​ផ្សែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើ​សុខមាលភាព​ពលរដ្ឋ​ខ្លួន និង​ពលរដ្ឋ​បណ្តា​ប្រទេស​ក្បែរ​ខាង​ផងដែរ​»​។ កាសែត​ហ្សា​ការ​តា​ប៉ុស្តិ៍ សរសេរ​បែបនេះ ដោយ​បន្ថែមថា សុទិដ្ឋិនិយម​ដែលថា​ឥណ្ឌូណេស៊ី អាច​រាំងខ្ទប់​អំណាច​ភ្លើង​ដោយ​ខ្លួនឯង​នោះ ពុំ​អាចជួយ​ឲ្យ​ស្ថានការណ៍​ធូ​ស្រាល​ឡើយ ខណៈ​ក្មេងៗ​រង​ទុក្ខ​ច្រើន​ពី​ឥទ្ធិពល​ការបំពុល​ខ្យល់ បើ​ធៀប​នឹង​មនុស្ស​ធំ​។

«​ឥឡូវនេះ យើង​ត្រូវការ​ជំនួយ​គ្រប់បែបយ៉ាង​ទាំងអស់ តាម​ដែល​យើង​អាច​ទទួលបាន​»​។ ដោយ​សំដៅលើ​កិច្ចព្រមព្រៀង​អាស៊ាន​ឆ្នាំ​២០០២ ស្តីពី​ការបំពុល​ផ្សែង​ឆ្លង​ព្រំដែន កាសែត​មាន​អាយុ​៣៦​ឆ្នាំនេះ លើកឡើងថា ជំនួយ​ត្រៀម​ទុក​សម្រាប់​ឥណ្ឌូណេស៊ី​ដើម្បី​ដោះស្រាយ​ភ្លើង​ឆេះ​ព្រៃ ប៉ុន្តែ​ត្រូវ​មើល​សិន​ថា ឥណ្ឌូណេស៊ី​មាន​ឆន្ទៈ​ទទួលយក​វា ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ឬ​អត់​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ ១៣ កញ្ញា កាសែត​ហ្សា​ការ​តា​ប៉ុស្តិ៍ បាន​ចុះផ្សាយ​អត្ថបទ​វិចារណកថា​មួយ ដោយ​ប្រាប់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ថា វា​ពុំ​អាចទៅរួច​ឡើយ​ក្នុងការ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ជាង ៥​ពាន់​ចំណុច​ក្នុងប្រទេស ដោយ​គ្មាន​កិច្ចប្រឹងប្រែង​ទ្វេភាគី​នោះ​។

​ឥណ្ឌូណេស៊ី ម្តង​ហើយ​ម្តងទៀត បដិសេធ​ជំនួយ​បច្ចេកទេស​របស់​ម៉ាឡេស៊ី និង​សិង្ហ​បុរី ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ​ព្រៃ​។ ការផ្តល់​ជំនួយ​នេះ​គឺ​ដោយហេតុថា ផ្សែង​ដែល​ហុយ​ចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​នេះ បាន​រាលដាល​ដល់​ប្រទេស​ពួកគេ និង​គំរាមកំហែង​ដល់​សុខមាលភាព​ពលរដ្ឋ​៕

Tag:
 ឥណ្ឌូណេស៊ី​
 Jakarta Post
  ផ្សែងភ្លើង​ឆេះ​ព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com