អន្តរជាតិ
ផ្សែងភ្លើងឆេះព្រៃធ្វើឲ្យប្រជាជនឥណ្ឌូណេស៊ីជិត៩សែននាក់ ជួបបញ្ហាផ្លូវដង្ហើម
×
ដោយ៖ ងួន សុភាវត្តី
ភ្លើងឆេះព្រៃប៉ុន្មានឥតឈប់ឈរ កំពុងបង្កផលបះពាល់ដល់ប្រជាជនឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា មនុស្សជិត៩សែននាក់ កំពុងជួបបញ្ហាផ្លូវដង្ហើមដែលបណ្ដាលមកពីផ្សែងពីភ្លើងឆេះព្រៃនៅលើកោះប័រណេអូ និងកោះស៊ូម៉ាត្រា Sumatra ប៉ុន្មានខែកន្លងទៅនេះ។
ចំនួនប្រជាជនសរុបដែលកំពុងជួបបញ្ហាផ្លូវដង្ហើមមាន ៨៨៥ ០២៦ នាក់។ នេះបើយោងតាមទិន្នន័យនេះបានចេញនៅថ្ងៃទី២០ ខែកញ្ញា ដោយមជ្ឈមណ្ឌលដោះស្រាយវិបត្តិរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី។ ក្នុងចំណោមនេះ មានប្រជាជនប្រមាណបីសែននាក់ជួបបញ្ហានេះនៅភាគខាងត្បូងនៃខេត្តសូម៉ាត្រា ជាង២៧ម៉ឺននាក់ទៀតនៅខេត្តRiau និងប្រជាជនជាង១៦ម៉ឺននាក់នៅភាគខាងលិចនៃខេត្តប័រណេអូ។
ផ្សែងបំពុលនេះមិនត្រឹមតែបង្កបញ្ហាដល់ប្រជាជនឥណ្ឌូណេស៊ីនោះទេ តែវាបានប៉ះពាល់ដល់ប្រទេសជិតខាងផងដែរដូចជាម៉ាឡេស៊ី សិង្ហបុរី ថៃ និងហ្វីលីពីនផងដែរ។ ផ្សែងអ័ព្ទនេះបានធ្វើអោយសាលារៀនជាច្រើននៅឥណ្ឌូណេស៊ីផ្ទាល់ និងម៉ាឡេស៊ីបង្ខំចិត្តបិទទ្វារមួយរយៈ។ នៅសិង្ហបុរីវិញ ខ្យល់បរិយាកាសបានឈានដល់កម្រិតមិនមានសុខភាពកាលពីចុងសប្ដាហ៍កន្លងទៅ។
ប្រតិបត្តការពន្លត់ភ្លើងឆេះព្រៃនេះ កំពុងដំណើរការយ៉ាងញាប់ដៃ ដោយប្រធានាធិបតី ចូកូ វីដូដូ បានទៅត្រួតពិនិត្យដោយផ្ទាល់ទៀតផង។ ប្រតិបត្តការនេះ បានប្រើប្រាស់ឧទ្ធមាគចក្រជាង៥០គ្រឿង និងមនុស្សប្រមាណ៣ម៉ឺននាក់។ ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបានកើតឡើងជារឿយៗនៅចន្លោះខែមេសា ដល់ខែតុលា ហើយមូលហេតុចំបងនៃការឆេះនេះបណ្តាលមកពីការដុតព្រៃដើម្បីយកដីដាំដំណាំ។
បើទោះបីជាមានភ្លើងឆេះព្រៃយ៉ាងខ្លាំងនៅឥណ្ឌូនេស៊ីនៅឆ្នាំនេះក្តី អាជ្ញាធរឥណ្ឌូណេស៊ីនៅតែមិនព្រមទទួលយកជំនួយពីប្រទេសជិតខាង។ កាសែត Jakarta Post បានរិះគន់ចំៗទៅរដ្ឋាភិបាលដែលមិនព្រមទទួលយកជំនួយពីប្រទេសជិតខាងថា « ការគិតថា ពួកយើងអាចពន្លត់ភ្លើងដោយខ្លួនឯង មិនបានជួយអ្វីទេ ខណៈពេលដែរក្មេងៗកំពុងប្រឈមនឹងបញ្ហាផ្សែងបំពុលនេះខ្លាំងជាងមនុស្សធំ។ ពួកយើងត្រូវការជំនួយឥឡូវនេះ»៕
Tag:
ឥណ្ឌូណេស៊ី
ភ្លើងឆេះព្រៃ
អ័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com