កីឡាករ Sebastian Vettel ឈ្នះការប្រណាំងរថយន្តលំដាប់ពិភពលោក Formula One នៅឯទីលានក្នុងប្រទេសសិង្ហបុរី Singapore Grand Prix រដូវកាល ២០១៩ នៅថ្ងៃទី២២ ខែកញ្ញា ដោយប្រើថេរវេលា ១ម៉ោង ៥៨នាទី និង៣៣.៦៦៧វិនាទី។ នេះជាជ័យជម្នះលើកដំបូងរបស់ Vettel បន្ទាប់ពីអាក់ខានការឈ្នះរយៈពេល១៣ខែចុងក្រោយ។
នេះជាជ័យជម្នះដ៏ចម្រូងចម្រាសរបស់អ្នកប្រណាំសញ្ជាតិអាល្លឺម៉ង់ផងដែរ តាមរយៈការប្រជែងមិត្តរួមក្រុម Ferrari របស់ខ្លួន កីឡាករ Charles Leclerc ដែលទទួលបានលេខ២ក្នុងការប្រណាំនៅទឹកដីអាស៊ីនេះ។
ភ្លាមៗនោះ Leclerc ក៏បានប្រាប់ក្រុមការងារ Ferrari តាមវិទ្យុផងដែរថានេះជាអំពើអយុត្តិធម៌ ដែល Vettel ធ្វើបែបនេះមកលើខ្លួន។
ក្នុងការប្រណាំងនេះកីឡាករ Max Verstappen ដែលបើកបរឲ្យ Red Bull Racing Honda ទទួលបានលេខ ៣ ខណៈ Lewis Hamilton ដែលបើកបរឲ្យក្រុម Mercedes បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៤។
បើទោះការប្រណាំនៅសល់៧ទីលានទៀតនោះ Hamilton អ្នកប្រណាំងរថយន្តសញ្ជាតិអង់គ្លេសវ័យ៣៤ឆ្នាំ ត្រូវបានគេជឿជាក់ថានឹងអាចរក្សាតំណែងជើងឯករបស់គេសម្រាប់រដូវកាល២០១៩នេះមិនខាន តាមរយៈការនាំមុខចំនួន៦៥ពិន្ទុ។
អ្វីដែលពិសេសនោះ គិតត្រឹមការប្រណាំងនៅទីលានទី១៥នេះ Hamilton និង Bottas មិនត្រឹមតែឈរនៅកំពូលតារាងបណ្តោះអាសន្ននោះទេ ប៉ុន្តែពួកគេទាំងពីរថែមទាំងជួយក្រុមប្រណាំង Mercedes នាំមុខគេផ្នែកគ្រឿងម៉ាស៊ីនទៀតផង។
Mercedes ទទួលបានពិន្ទុនាំមុខដាច់ ៥២៧ពិន្ទុ តាមពីក្រោយដោយគូប្រជែងចាស់ Ferrari ដែលមាន៣៩៤ពិន្ទុ។ Red Bull Racing Honda នៅលេខ៣ មាន២៨៩ពិន្ទុ៕