កីឡាជាតិ
ជាតិ
ដាវ នី​ម ជាប់​ជា​កីឡាករ​ល្អ ខណៈ Conor Nester ឈ្នះ​ពាន​គ្រូ​ល្អ​លើក​ទី​៣
23, Sep 2019 , 5:40 pm        
រូបភាព
ដោយ:
​កីឡាករ ដាវ នី​ម របស់​ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន បាន​ជាប់​ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ខែសីហា ខណៈ​លោក Conor Nester គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង ជាប់​ជា​គ្រូបង្វឹក​ដឹកនាំ​ល្អ​ជាងគេ​។ នេះ​ជា​លើក​ទី​៣​ហើយ សម្រាប់​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ ដែល​បាន​គ្រង​តំណែង​គ្រូបង្វឹក​មាន​ស្នាដៃ​ដឹកនាំ​ល្អ​ជាងគេ​។



​ខ្សែប្រយុទ្ធ ដាវ នី​ម ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់​ទាត់​កម្ពុជា​(CNCC) វាយតម្លៃ​ឲ្យ​ជាប់​ជា​កីឡាករ​បង្ហាញ​ទម្រង់​លេង​ល្អ​ជាងគេ​ប្រចាំ​ខែសីហា​។ វាយតម្លៃ​បែបនេះ ធ្វើឡើង​ក្រោយ​រូបគេ​បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នា​ជំនួប​គីរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​ក្រសួងការពារជាតិ ២-១ កាលពី​ថ្ងៃទី​២៤ ខែសីហា នៅ​ទឹកដី​ទ័ព ដោយ​កាលណោះ​រូបគេ​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។

​នា​ជំនួប​សប្តាហ៍​ទី​១៨​កាលពី​ថ្ងៃទី​៤ ខែសីហា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ដាវ នី​ម រកបាន​មួយ​គ្រាប់ ដើម្បី​រួមចំណែក​ក្នុង​ជ័យជម្នះ ២-០ របស់​គីរីវង់​សុខ​សែន​ជ័យ​លើ​ក្រុម​ណាហ្គា​វើ​ល​។ សម្រាប់​ពីរ​ប្រកួត​ទៀត​ក្នុង​ខែសីហា គីរីវង់ បញ្ចប់​លទ្ធផល​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​សូល​ទី​ឡូ​អង្គរ និង​ចាញ់​ប៉ូលិស ៣-១​។​

​ជាមួយគ្នានេះ​លោក Conor Nester គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវបាន CNCC វាយតម្លៃ​ឲ្យ​ជាប់​ជា​គ្រូបង្វឹក​ដឹកនាំ​ល្អ​ជាងគេ​។ ការវាយតម្លៃ​នេះ ធ្វើឡើង​ក្រោយ​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ ដឹកនាំ​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​អគ្គិសនី​កម្ពុជា ៧-០ បឹងកេត ២-១ កំពង់ចាម ៥-០ និង​ស្មើ ១-១ ជាមួយ​អង្គ​រថា​ហ្គឺ​រ​។

​នេះ​ជា​ពានរង្វាន់​គ្រូបង្វឹក​មាន​ស្នាដៃ​ដឹកនាំ​ល្អ​ជាងគេ​លើក​ទី​៣​សម្រាប់​លោក Conor Nester ក្នុង​រដូវ​កាល​នេះ ពោលគឺ​គ្រូបង្វឹក​ដឹកនាំ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​មិនទាន់​ស្គាល់​ចាញ់​រូបនេះ ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​ពីរលើក​រួចមកហើយ​កាលពី​ខែ​មិនា និង​មេសា កន្លងទៅ​៕   

Tag:
 Conor Nester
  ដាវ នី​ម​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com