អន្តរជាតិ
អាមេរិក បញ្ជាក់ពីជំហរប្រើប្រាស់មធ្យោបាយការទូតដើម្បីដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ ប្រធានាធិបតីដូណាល់ ត្រាំ
× អាមេរិកនៅថ្ងៃទី២២ ខែកញ្ញាបានប្រកាសថា ខ្លួននឹងរៀបចំសំណុំរឿងប្រឆាំងនឹងអ៊ីរ៉ង់ទៅពិភាក្សានៅក្នុងប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ។ ការណ៍នេះ ត្រូវបានប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ អះអាងថា ជាការប្រើការទូតដើម្បីដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ពិសេសក្រោយការវាយប្រហារលើរោចក្រផលិតប្រេងនៅអារ៉ាប៊ីសាអូឌីតរួចមក។
បញ្ហាអ៊ីរ៉ង់ ទំនងជារបៀបវារៈសំខាន់មួយនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ២០១៩ នេះ ខណៈអាមេរិកនឹងយកសំណុំរឿងប្រឆាំងអ៊ីរ៉ង់ទៅជជែកក្នុងវេទិកាអន្តរជាតិនេះ។ ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅមហាសន្និបាតនៅថ្ងៃទី២៤ ខែកញ្ញា ហើយលោកអាចបញ្ចូលសំណុំរឿងអ៊ីរ៉ង់ក្នុងសុន្ទរកថារបស់ខ្លួនផងដែរ។
មុនការថ្លែងរបស់លោក ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានទុកការគំរាមកំហែងប្រើប្រាស់យោធាដែលលោក ត្រាំ ប្រកាសក្ដែងៗប្រឆាំងនឹងអ៊ីរ៉ង់នៅម្ខាង ហើយប្រើប្រាស់មធ្យោបាយការទូតជំនួសវិញ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ABC នៅថ្ងៃទី២២ ខែកញ្ញា ប្រមុខការទូតអាមេរិកបានលើកឡើងថា៖ « ប្រធានាធិបតី ត្រាំ និងខ្ញុំ នឹងប្រើវិធីការទូតគ្រប់ជំហាន»។ ក្នុងន័យនេះលោកចង់សង្កត់ធ្ងន់ថា អាមេរិកនឹងជ្រើសយកវិធីសាស្ត្រប្រាកដប្រជាមួយ ដើម្បីទទួលបានលទ្ធផលការទូតដ៏សមប្រកប។
បើការទូតបរាជ័យ អាមេរិកនឹងដើរផ្លូវផ្សេង។ នេះជាការបញ្ជាក់របស់លោក ប៉ុមប៉េអូ ដែលប្រមើលមើលទុកមុនថា ប្រសិនបើផ្លូវការទូតមិនជោគជ័យ ហើយអ៊ីរ៉ង់នៅតែផ្គើនធ្វើរឿងដដែល នោះលោក ត្រាំ នឹងសម្រេចចិត្តដ៏សំខាន់មួយដើម្បីសម្រេចគោលដៅក្នុងការទប់ស្កាត់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
មុនពេលចាកចេញពីសេតវិមានទៅរដ្ឋតិចសាសនៅថ្ងៃទី២២ ខែកញ្ញា លោក ត្រាំ បានបង្ហើបផងដែរពីលទ្ធភាពនៃជំនួបឥតព្រាងទុកជាមួយប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រធានាធិបតីអាមេរិកបានលើកឡើងថា លោកមិនមានបំណងចង់ជួបជាមួយប្រធានាធិបតី រូហានី ឡើយ ប៉ុន្តែក៏មិនមែនមានន័យថា ជំនួបរវាងអាមេរិក និងអ៊ីរ៉ង់ក៏មិនអាចកើតឡើងដែរ ព្រោះលោកជាមនុស្សបត់បែន។
ចំណែកភាគីខាងអ៊ីរ៉ង់វិញ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN ថា ប្រធានាធិបតីអ៊ីរ៉ង់ ក៏មានឆន្ទៈចង់ជួបជាមួយលោក ត្រាំ នៅអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ភាពចម្រូងចម្រាស់រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត។ ភាគីខាងទីក្រុងវ៉ាស៊ីនតោន បានចោទទីក្រុងតេហេរ៉ង់ថាជាអ្នកបង្កបញ្ហានេះ ប៉ុន្តែភាគីទីក្រុងតេហេរ៉ង់បានរុញបញ្ហានេះទៅឲ្យក្រុមឧទ្ទាមហ៊ូធីថាជាអ្នកធ្វើរឿងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com