កីឡាជាតិ
ជាតិ
អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Steve McManaman មន្ត្រី​មូលនិធិ FIFA នឹង​មក​កម្ពុជា​
23, Sep 2019 , 10:19 pm        
រូបភាព
ដោយ:
​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Steve McManaman មន្ត្រី​មូលនិធិ​សហគមន៍​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA) នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ពីថ្ងៃ​ទី​២៥-២៦ ខែកញ្ញា កីឡាករ ដែល​បានប្រកាស​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​នៅ​ឆ្នាំ​២០០៥​រូបនេះ នឹង​ចុះទៅ​កាន់​អង្គការ Indochina Starfish Foundation ចំនួន​ពីរ​ទីតាំង​។​



​នៅ​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០១៩ លោក Steve McManaman មន្ត្រី​មូល​ធិ​និ​សហគមន៍ FIFA ដែល​ធ្វើការ​ជាមួយ​ស្ថាប័ន ឬ​អង្គការ ដែល​ប្រើប្រាស់​កីឡាបាល់ទាត់​ធ្វើជា​ឧបករណ៍​ក្នុងការ​កែប្រែ និង​ដោះស្រាយ​បញ្ហា​របស់​យុវជន​ដែល​ជួប​ការលំបាក​ឲ្យ​ភាពប្រសើរឡើង នឹង​ចុះទៅ​កាន់​អង្គការ ISF Sports Ground ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បន្ទាប់មក​នៅ​ថ្ងៃទី​២៦ កញ្ញា អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ នឹង​ចុះទៅ​អង្គការ ISF Chbar Ampov ដែល​ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។ តែ​យ៉ាងណា សហព័ន្ធ​មិនបាន​បញ្ជាក់​លម្អិត​ពី​គោលបំណង នៃ​ដំណើរ​ទស្សនកិច្ច​នេះឡើយ​។ 

McManaman ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​ដំបូង​នៅ​ឆ្នាំ​១៩៩១ រហូតដល់​ឆ្នាំ​១៩៩៣ ដោយបាន​បង្ហាញខ្លួន​ចំនួន​៧​លើក និង​រកបាន​១​គ្រាប់​។ រូបគេ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ពី​ឆ្នាំ​១៩៩៤-២០០១ ដោយបាន​បង្ហាញខ្លួន​ចំនួន​៣៧​លើក និង​រកបាន​៣​គ្រាប់​។ 

​លោក Steve McManaman បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប Liverpool ដោយ​ធ្វើជា​យុវជន​ពី​ឆ្នាំ​១៩៨៨-១៩៩០​។ បន្ទាប់មក​ខ្សែបម្រើ​រូបនេះ ត្រូវបាន Liverpool ដំឡើង​ឲ្យ​មកលេង​ឈុត​ធំ​ពី​ឆ្នាំ​១៩៩០-១៩៩៩ ដោយបាន​បង្ហាញខ្លួន​២៧២​លើក​រកបាន​៤៦​គ្រាប់​។ អតីត​កីឡាករ​វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ពី Liverpool ទៅកាន់​ក្លិប Real Madrid ពី​ឆ្នាំ​១៩៩៩-២០០៣​។ សម្រាប់​ការចំណាយ​ពេល​៤​ឆ្នាំ​រួមរស់​ជាមួយ Real Madrid រូបគេ​បង្ហាញខ្លួន​បាន​ចំនួន​៩៤​លើក និង​រកបាន​៨​គ្រាប់​។

​បន្ទាប់មក​កីឡាករ McManaman បាន​ផ្ទេរ​ពី Real Madrid ទៅ​រួមរស់​ជាមួយ Manchester City ពី​ឆ្នាំ​២០០៣-២០០៥ និង​បានប្រកាស​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ឆ្នាំ​២០០៥ តែម្តង​៕ 

Tag:
 ​បាល់ទាត់​
  Steve McManaman
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com