អន្តរជាតិ
កសិករថៃរងគ្រោះដោយគ្រោះធម្មជាតិ ទទួលថ្លៃសំណងពីរដ្ឋាភិបាល ប្រភពរូប៖ AFP
× រដ្ឋាភិបាលថៃ បានចាប់ផ្តើមផ្តល់លុយ ២៥ពាន់លានបាត (ជាង៨១៩លានដុល្លារ) ជាជំនួយហិរញ្ញវត្ថុ ដល់កសិករដាំដុះស្រូវ ដែលដំណាំពួកគេត្រូវបំផ្លិចបំផ្លាញដោយគ្រោះរាំងស្ងួត ឬទឹកជំនន់ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Uttama Savanayana បញ្ជាក់ឲ្យដឹងបែបនេះ ។
រាល់អ្នកដាំដុះស្រូវ ដែលមានសិទ្ធិក្នុងការទទួលជំនួយហិរញ្ញវត្ថុ នឹងទទួលបានលុយ ៥០០បាត សម្រាប់ដីស្រែដែលត្រូវបំផ្លាញ១៦០០ម៉ែត្រការ៉េ ។ លោករដ្ឋមន្ត្រី Uttama លើកឡើងបែបនេះ ដោយបន្ថែមថា ប្រជាកសិករទាំងនោះ គឺជាអ្នកដែលបានចុះឈ្មោះតំបន់ដីដាំដុះស្រូវរបស់ពួកគេជាមួយអាជ្ញាធរកសិកម្ម ហើយដីស្រែដែលត្រូវបំផ្លាញទាំងនោះដែរ ត្រូវបានត្រួតពិនិត្យរួចរាល់ដោយក្រសួងកសិកម្ម។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែកញ្ញា លោក Uttama បញ្ជាក់ទៀតថា ធនាគារសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម និងកសិកម្មថៃ (BAAC) ដែលទទួលខុសត្រូវចាត់ចែងការផ្ទេរជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលទៅកសិកររងគ្រោះបានទទួលឈ្មោះ ២លាននាក់ហើយ ហើយធនាគារ រំពឹងថានឹងផ្ទេរលុយសម្រាប់ប្រជាកសិករថៃទាំងនោះឲ្យបានរួចរាល់ក្នុងពេល ៣ថ្ងៃ។
គិតត្រឹមថ្ងៃទី២២ ខែកញ្ញា លុយសរុប ១០,៩ពាន់លានបាត ឬស្មើនឹង ៣៥៧,៥ លានដុល្លារ ត្រូវបានផ្ទេររួចរាល់ទៅកាន់គណនីធនាគារប្រជាកសិករថៃប្រមាណ ១,៧លានគ្រួសារហើយ។ នេះបើតាមការបញ្ជាក់របស់លោក Jirawat Loha នាយកការិយាល័យប្រចាំខេត្ត Khon Kaen នៃធនាគារ BAAC ថៃ។
ក្រៅពីនេះ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Uttama គូសបញ្ជាក់ថា វិធានការហិរញ្ញវត្ថុផ្សេងទៀត នឹងត្រូវដាក់ចេញជាបន្តបន្ទាប់។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា វិធានការទាំងនោះ នឹងរាប់បញ្ចូលការពន្យារពេលសងបំណុលរបស់កសិករដែលមានជាមួយធនាគារ BAAC ថៃ, កម្ចីការប្រាក់ទាបរហូត ៥ម៉ឺនបាត សម្រាប់មនុស្សម្នាក់ ដើម្បីដោះទ័ល និង៥ម៉ឺនបាតក្នុងម្នាក់ផ្សេងទៀតសម្រាប់គោលដៅស្រោចស្រង់មុខរបរជាថ្មី។ លោក បន្តថា រដ្ឋាភិបាលថៃ នឹងត្រៀមលុយប្រមាណ ៦០ពាន់លានបាត (ជាង១,៩៦ពាន់លានដុល្លារ) សម្រាប់ផ្គត់ផ្គង់វិធានការទាំងនេះ។
ទន្ទឹមនេះ រដ្ឋមន្ត្រីកសិកម្មថៃ Chalermchai Sri-on បានឲ្យដឹងថា ក្រសួងលោក កំពុងរៀបចំពូជស្រូវយ៉ាងតិច ២១០០០តោន ដើម្បីផ្គត់ផ្គង់ការដាំដុះ សម្រាប់រដូវកាលធ្វើស្រែថ្មី។ លោក បន្ថែមថា គិតមកទល់ពេលនេះ យ៉ាងហោចណាស់ដីដាំដុះស្រូវប្រមាណ៤០ហិចតា របស់ប្រជាកសិករថៃចំនួន ៣៨៣ ២១៤ នាក់ ក្នុងខេត្តចំនួន ២៤ ទូទាំងប្រទេសថៃ ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះរាំងស្ងួត ឬគ្រោះទឹកជំនន់៕
Tag:
ថៃ
កសិករ
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com