ជាតិ
សង្គមជាតិ
អាជ្ញាធរ​ថា គ្មាន​អ្នក​សេព​គ្រឿងញៀន​ណា​ម្នាក់ ត្រូវ​បានដាក់​ក្នុង​ពន្ធនាគារ​ឡើយ
23, Sep 2019 , 10:59 pm        
រូបភាព
លោក មាស វីរិទ្ធ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន
លោក មាស វីរិទ្ធ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន
ដោយ:
​ភ្នំពេញ​៖ នា​កិច្ចប្រជុំ​ជាមួយ លោកស្រី គ្លូ​រៀ ឡៃ នាយក​តំបន់​អាស៊ី​គោលនយោបាយ​សម្ព័ន្ធ​គ្រឿងញៀន​អន្តរជាតិ​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រឆាំង​គ្រឿងញៀន បាន​អះអាងថា គ្មាន​នរណាម្នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ ពីបទ​សេព​គ្រឿងញៀន​ឡើយ​។



​លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា តាមរយៈ​ផែនការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​កន្លងមក អាជ្ញាធរ​បា​នប​ង្គ្រា​ប​បទល្មើស​គ្រឿងញៀន តាមរយៈ​ការជួញដូរ ដឹកជញ្ជូន ចរាចរ រក្សាទុក ដោយ​បញ្ចូនទៅ​កាន់​តុលាការ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ហើយ​។ សម្រាប់​អ្នក​ដែល​សេព​គ្រឿងញៀន​វិញ ត្រូវបាន​អាជ្ញាធរ​បញ្ជូនទៅ​ព្យាបាល នៅតាម​មណ្ឌល​សុខភាព ឬ​នៅតាម​មន្ទីរពេទ្យ​ក្នុង​សហគមន៍​របស់​ពួកគេ​។​


រូបភាពពីអគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំ​ងគ្រឿងញៀន

​បើតាម​លោក មាស វី​រិ​ទ្ធ ជន​ដែល​សេព​គ្រឿងញៀន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជា​ជនរងគ្រោះ​ដែល​ត្រូវតែ​ទទួលបាន​ការព្យាបាល និង​ស្តារនីតិសម្បទារ​របស់​ពួកគេ​ឡើងវិញ​ដោយ​មិន​បង់ថ្លៃ​។ លោក មាស វី​រិ​ទ្ធ បញ្ជាក់ថា​៖« កម្ពុ​ជាមាន​វិធានការ​ច្បាស់លាស់​មួយ គឺ​មិន​ទុក​អ្នកញៀន​ណា​ម្នាក់​ឲ្យ​នៅឯ​កា​ឡើយ គឺ​ត្រូវតែមាន​ការព្យាបាល​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដោយ​មិនត្រូវ​រើសអើង​ឡើយ​»​។

​សូមបញ្ជាក់ថា បទល្មើស​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​ជាង​៨​ពាន់​ករណី ហើយ​ឃាត់ខ្លួន​ជាង​១,៦​ម៉ឺន​នាក់​(​ស្រី​ជាង​១៣០០​នាក់​) ដែល​ត្រូវបាន​ឃាត់ខ្លួន​។ បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ពី​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន សារធាតុ​ញៀន​ដែល​អាជ្ញាធរ​ចាប់បាន​មាន ចំនួន​ជាង​៥០០​គីឡូក្រាម កញ្ឆា​ក្រៀម​ជាង​៧៤​គីឡូក្រាម និង​ក​ញ្ជា​ដើម​ជាង​១,៦​សែន​ដើម​៕

Tag:
 អាជ្ញាធរ​
 ​ពន្ធនាគារ​
 ​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com