ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី សុំ​អន្តរជាតិ ជួយ​ឲ្យ​មានការ​ចរចា ពេលមកដល់​ខ្មែរ​
23, Sep 2019 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង បាន​សរសេរ​លិខិត ទៅកាន់​លោក ខូ​លី សេក (Coly Seck) ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​ពិភពលោក​មួយ​នេះ រួមទាំង​សហគមន៍​អន្តរជាតិ​ដ​ដៃ​ទៀត ជួយ​ធានាថា ការវិលត្រឡប់​របស់​លោក​និង​បក្សពួក មកកាន់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ «​ក្លាយជា​ឱកាស​នៃ​ការសន្ទនា​និង​ការផ្សះផ្សា​ឡើងវិញ​» ស្របតាម​អនុសាសន៍​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​តិ​។



​លិខិត​របស់លោក សម រង្ស៊ី ដែល​ផ្ញើជូន​លោក ខូ​លី សេក ធ្វើឡើង​ស្របពេល​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កំពុងបើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៤២ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដោយមាន​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចូលរួម​ផងដែរ​។ តាមរយៈ​លិខិត ដែល​ចុះ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា លោក សម រង្ស៊ី បាន​រម្លឹក​ពី​អនុសាសន៍​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត ដែល​ជំរុញ​ឲ្យ​មានការ​សន្ទនា​នយោបាយ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុមប្រឆាំង​។ 

​លោក សម រង្ស៊ី សរសេរ​ក្នុង​លិខិត​ដូច្នេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ ប្តេជ្ញា​ថា នឹង​ធ្វើជា​ដៃគូ​ដ៏​មាន​ប្រយោជន៍​បំផុត និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ នូវ​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស ដើម្បី​បង្កើត​ស្មារតី​នៃ​ការសន្ទនា ការផ្សះផ្សា និង​វប្បធម៌​នយោបាយ​ថ្មី ដោយ​ផ្តោតលើ​បញ្ហា​រួម ការបើកចំហ​ចំពោះ​មតិ​ផ្សេងគ្នា សិទ្ធិ​បញ្ចេញមតិ និង ការធានា​ពី​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​»​។ 

​ដ្បិត​ពុំបាន​ប្រតិកម្ម​នឹង​លិខិត​របស់លោក សម រង្ស៊ី តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​អះអាងថា អតីត​គណបក្សប្រឆាំង ត្រូវបាន​រំលាយចោល​ហើយ ហើយ​មេដឹកនាំ ក៏​កំពុង​ស្ថិតនៅក្នុង​នីតិវិធី​របស់​តុលាការ ដូច្នេះ គ្មាន​តួនាទី មក​ចរចា​ឡើយ​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ថា​៖«​ជំហរ​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​គ្មាន​ការចរចា​ណាមួយ​ជាមួយ​ក្រុម​ជន​ក្បត់ជាតិ និង​គ្មាន​ការលើកលែងទោស​ឲ្យ​ក្រុម​នេះ​ជាដាច់ខាត​»​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បន្ត​សរសេរ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ទៀតថា​៖«​បញ្ហា​បានកើត​ឡើង ដោយសារ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក​។ ក្រុម​នេះ បាន​បង្កើត​បញ្ហា​ជា​បន្តបន្ទាប់ ដូចជា សម្លាប់​វប្ប​ធ៌​ម​សន្ទនា វាយប្រហារ​មកលើ​ឯកជន​ភាព​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ញុះញង់​ដុត​កំហឹង​កងទ័ព និង​កម្មករ​ឲ្យ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។ ដល់​អស់​ផ្លូវ​រត់ បែរជា​មករក​សុំ​ចរចា​ទៅវិញ​»​។

​ខ្លឹមសារ​ក្នុង​លិខិត​របស់លោក សម រង្ស៊ី ហាក់​ខុសពី​គោលជំហ​របស់លោក ដែល​តែង​ប្រកាស​ផ្ទាល់មាត់​ជារឿយៗ​ថា លោក មិនអាច​ចរចា​ជាមួយ​គណបក្សកាន់អំណាច ឬ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​លើក​មុនៗ​ឡើយ​។ លោក ប្រកាស​ក្តែ​ងៗ​ថា លោក នឹង​ដឹកនាំ​កម្លាំង ចូលមក​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ទន្ទឹមនេះ លោក ថែមទាំង​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល ហើយ​ងាក​ទៅ​ចូលរួម​ជាមួយ​លោក​៕


Tag:
 សម រង្ស៊ី​
  ចរចា
© រក្សាសិទ្ធិដោយ thmeythmey.com