អន្តរជាតិ
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី​៖ អាស៊ី​នៅតែ​ជា​កន្លែង​លេចធ្លោ ទោះ​ពិភពលោក​កំពុង​តានតឹង​ពាណិជ្ជកម្ម
24, Sep 2019 , 8:29 am        
រូបភាព
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat (ស្ដាំ) ។ រូបភាព Strait Times
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat (ស្ដាំ) ។ រូបភាព Strait Times
ដោយ:
​ទោះបីជា​ពិភពលោក កំពុងតែ​ប្រឈម​នឹង​ភាព​តានតឹង និង​ភាពមិនប្រាកដប្រជា​ពាណិជ្ជកម្ម​ក៏ដោយ សម្រាប់​សិង្ហ​បុរី ទំនោរ​នេះ មិនអាច​ក្លាយជា​បញ្ហា ឬ​បន្ទុក​មិន​ឲ្យ​អាស៊ី​អភិវឌ្ឍ​ខ្លួន​ទៅមុខ​បានឡើយ​។ នោះ​ក៏​ព្រោះតែ អាស៊ី ធ្លាប់​ឆ្លងកាត់​ស្ថាន​ភាពលំបាក​ជាច្រើន ដែលជា​បទពិសោធ និង​មេរៀន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​បាន​។​



​តាមរយៈ​កិច្ចសន្ទនា​របស់ Milken Institute Asia Summit លោក​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី Heng Swee Keat បាន​យល់ឃើញថា ភាព​តានតឹង​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​សម្ព័ន្ធភាព អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពិភពលោក ក៏ប៉ុន្តែ​សម្រាប់​តំបន់​អាស៊ី​វិញ នៅតែ​ជា​កន្លែង​លេចធ្លោ និង​មាន​សក្តានុពលភាព​ដដែល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Strait Times​។

​លោក​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ បាន​កត់សម្គាល់ថា នៅ​ប៉ុន្មាន​ទសវត្សរ៍​មុន អាស៊ី បាន​ពិសោធ និង​ឆ្លងកាត់​ការផ្លាស់ប្តូរ​ដ៏​ធំ​រួមមាន សង្គ្រាម​វៀតណាម និង​ការ​កើន​អំណាច​របស់​ចិន ក៏ប៉ុន្តែ​តំបន់​អាស៊ី នៅតែ​រក្សាបាន​នូវ​ការបើកចំហរ និង​កិច្ចសហប្រតិបត្តិការ​បា​ន ដែលជា​លទ្ធផល​ប្រទេស​ក្នុង​តំបន់​អាចធ្វើ​ការរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ស្របតាម​ទំនោរ​នៃ​សកលភាវូបនីយកម្ម និង​ពាណិជ្ជកម្ម​សេរី​។​

​ជា​អំណះអំណាង​ជាក់ស្តែង លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ពី​ដំណើរ​ការចរចា​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​មួយ​ដ៏​ធំ ដែល​លោក​ចាត់ទុកថា​ជា សក្ខីកម្ម​មួយ​បង្ហាញ​យ៉ាងច្បាស់​ពី​ការផ្សារភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​យ៉ាង​ស៊ីជម្រៅ​របស់​តំបន់​។

​ទន្ទឹមនឹង​ការជឿជាក់​លើ​ការធ្វើការ​រួមគ្នា​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ក្រើនរម្លឹក​ដល់​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ត្រូវតែ​ធានា​នូវ​ការអនុវត្ត​គោលនយោបាយ ដែល​មិន​បំបិទ​អ្នកដទៃ​ដើម្បី​តែ​ផលប្រយោជន៍​ខ្លួន​។ សម្រាប់​លោក ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល មិនមែនជា ប្រព័ន្ធ​ដែល​ត្រូវមាន​ម្ខាង​ឈ្នះ ម្ខាង​ចាញ់​នោះទេ ពោលគឺ​ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ពិភាក្សាគ្នា​ដើម្បី​ការរីកលូតលាស់​ទាំងអស់​គ្នា​។

​គួរ​ជម្រាប​ថា ភាព​តានតឹង​ពាណិជ្ជកម្ម ដែល​ពិភពលោក កំពុងតែ​ប្រឈម​នោះ គឺជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាមេរិក និង​ចិន​។ ប្រទេស​ទាំងពីរ ហាក់ដូចជា​កំពុងតែ​ដើរ​ថយក្រោយ តាមរយៈ​ការជ្រើសរើស​គោលនយោបាយ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​គាំពារ​និយម ដែល​មកទល់ពេលនេះ  មហាអំណាច​ទាំងពីរ បន្ត​ដំឡើង​ពន្ធ​លើ​មុខទំនិញ​ជាច្រើន​ទៅលើ​គ្នា​ទៅវិញទៅមក​៕


Tag:
 សិង្ហ​បុរី​
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com