Lionel Messi ក្លាយជាម្ចាស់ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ២០១៩ របស់ FIFA (Best FIFA Player of the Year) ជាលើកទី៦ ក្រោយទទួលបានសំឡេងគាំទ្រលើសគូប្រជែង Virgil van Dijk និង Cristiano Ronaldo។ លោក Jurgen Klopp ត្រូវបានតែងតាំងជាអ្នកចាត់ការល្អ The Best FIFA Men’s Coach ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត FIFA Puskas Award បានទៅខ្សែប្រយុទ្ធ Daniel Zsori។
ពិធីប្រគល់ពាន The Best FIFA Football Awards បានធ្វើឡើងនៅរាត្រីថ្ងៃទី២៣ ខែកញ្ញា នាទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona និងជម្រើសជាតិអាហ្សង់ទីន Messi ទទួលបានពានកីឡាករល្អបំផុតនេះ តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មាន ដោយក្នុងនោះ Messi បាន៤៦សំឡេង Van Dijk បាន៣៨សំឡេង និង Ronaldo ដែលអវត្តមានក្នុងកម្មវិធីនេះ ទទួលបាន ៣៦សំឡេង។
Messi វ័យ៣២ឆ្នាំ បានជួយក្រុមរហស្សនាមអ្នកមានបុណ្យឈ្នះ La Liga នៅរដូវកាល ២០១៨-១៩ ជាមួយនឹងការបង្ហាញខ្លួន៥០ប្រកួតស៊ុតបញ្ចូលទី៥១គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូសម្រេចទី១៩លើកផងដែរ។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិស្ត្រីអាមេរិក Megan Rapinoe ឈ្នះពានកីឡាការិនីស្ត្រីឆ្នើមប្រចាំឆ្នាំ (Best women's player award)។
អ្នកចាត់ការទូទៅ Jurgen Klopp ដែលបានជួយ Liverpool ឈ្នះពាន UEFA Champions League រដូវកាមុនត្រូវបានតែងតាំងជាគ្រូបង្វឹកបុរសល្អបំផុតប្រចាំឆ្នាំរបស់ FIFA ដោយប្រជែងឈ្នះលោក Pep Guardiola និងអ្នកចាត់ការទូទៅ Spurs លោក Mauricio Pochettino។
ចំណែក ខ្សែប្រយុទ្ធសញ្ជាតិរូម៉ានី Daniel Zsori ឈ្នះពានរង្វាន់គ្រាប់បាល់ល្អបំផុត Puskas Award។
អ្នកចាំទីល្អបំផុត The Best FIFA Goalkeeper បានទៅអ្នកចាំទីរបស់ Liverpool និងជម្រើសជាតិប្រេស៊ីលកីឡាករ Alisson Baker។
-FIFA FIFPro World11 (Team of the Year):
+អ្នកចាំទី: Alisson
+ខ្សែការពារ: Matthijs de Ligt, Marcelo, Sergio Ramos, Virgil van Dijk
+ខ្សែបម្រើ : Frenkie de Jong, Eden Hazard, Luka Modric
+ខ្សែប្រយុទ្ធ : Cristiano Ronaldo, Kylian Mbappe, Lionel Messi។
ការបោះឆ្នោតពីកម្ពុជា
កីឡាករឆ្នើម៖
-លោក Felix Dalmas (គ្រូបង្វឹក)៖ Lionel Messi, Cristiano Ronaldo, Virgil Van Dijk
-កីឡាករ សឿយ វិសាល (ប្រធានក្រុម)៖ Cristiano Ronaldo, Lionel Messi, Virgil Van Dijk
-លោក អ៊ឹង ចំរើន (អ្នកសារព័ត៌មាន)៖ Virgil Van Dijk, Cristiano Ronaldo, De Ligt Matthijs
គ្រូបង្វឹកឆ្នើម៖
-លោក Felix Dalmas៖ Jurgen Klopp, Pep Guardiola, Mauricio Pochettino
-កីឡាករ សឿយ វិសាល៖ Pep Guardiola, Jurgen Klopp, Mauricio Pochettino
-លោក អ៊ឹង ចំរើន៖ Pep Guardiola, Jurgen Klopp, Ten Hag Erik
កីឡាការិនីឆ្នើម៖
-លោក អ៊ុំ សាវង្ស (គ្រូបង្វឹក)៖ Megan Rapinoe, Alex Morgan, Wendie Renard
-កីឡាការិនី សំរឹទ្ធ និមល (ប្រធានក្រុម) ៖ Megan Rapinoe, Alex Morgan, Julie Ertz
-លោក អ៊ឹង ចំរើន៖ Megan Rapinoe, Vivianne Miedema, Ada Hegerberg
គ្រូបង្វឹកឆ្នើមផ្នែកក្រុមនារី៖
-លោក អ៊ុំ សាវង្ស៖ Jill Ellis, Futoshi Ikeda, Sarina Wiegman
-កីឡាការិនី សំរឹទ្ធ និមល៖ Jill Ellis, Milena Bertolini, Is Antonia "Toña"
-លោក អ៊ឹង ចំរើន៖ Jill Ellis, Joe Montemurro, Reynald Pedros៕