អន្តរជាតិ
ការស្ទង់មតិ​៖ ប្រជាជន​ហ្វីលីពីន នៅតែ​ពេញចិត្ត​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ​
24, Sep 2019 , 10:20 am        
រូបភាព
រូបភាព (malaysiakini)
រូបភាព (malaysiakini)
​ប្រជាពលរដ្ឋ​ហ្វីលីពីន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន ខណៈពេល​សហគមន៍​អន្តរជាតិ​បន្ត​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​ជា​ប្រព័ន្ធ​ដោយ​ក្រុមប៉ូលិស​នោះ​។ នេះ​បើ​ផ្អែក​ទៅតាម​ការស្រាវជ្រាវ​រប​ស់​វិទ្យាស្ថាន Social Weather Stations ឬ SWS ។​



​ក្នុងការ​ស្ទង់​ការ​មតិ​ប្រចាំត្រីមាស​ដែល​ចូលរួម​ដោយ​ប្រជាជន​ហ្វីលីពីន​ចំនួន​១២០០​នាក់ ៨២​ភាគរយ​ពេញចិត្ត​យ៉ាងខ្លាំង​លើ​យុទ្ធនាការ​រយៈ​បី​ឆ្នាំ​ប្រឆាំងនឹង​គ្រឿងញៀន​កន្លងមកនេះ ព្រោះ​បទឧក្រិដ្ឋ និង​គ្រឿងញៀន​តិចជាង​មុន​។ ចំណែក​ចំនួន​១២ ភាគរយ គឺ​មិន​ពេញចិត្ត​ឡើយ ព្រោះ​ការជួញដូរ​គ្រឿងញៀន​នៅតែ​ដដែល ហើយ​មាន​មនុស្ស​ជាច្រើន​ត្រូវបាន​សម្លាប់​។ សម្រាប់​ចំនួន ៦​ភាគរយ​ចុងក្រោយ​គឺ​ពួកគេ​មិនបាន​សម្រេចចិត្ត​បោះឆ្នោត​ឡើយ​។ នេះ​បើ​ផ្អែក​ទៅតាម​ការស្ទង់មតិ​រប​ស់​វិទ្យាស្ថាន Social Weather Stations ។​

 
អត្ថបទទាក់ទង

​ការបញ្ចេញ​នូវ​ការស្ទង់មតិ​មួយ​នេះ គឺ​ត្រូវបាន​ធ្វើឡើង​តែ​ពីថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី ឌូ​ទើ​តេ បដិសេធ​ទទួល​ជំនួយ​ពី​ក្រុម​ប្រទេស​ទាំង​១៨ នៃ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ ក្នុងចំណោម​ប្រទេស​ទាំងនោះ មាន​ប្រទេស​បីដូច​ជា​អេ​ស្ប៉ា​ញ អង់គ្លេស និង​អូស្ត្រាលី បាន​គាំទ្រ​សេចក្តីសម្រេច​ឲ្យ​ការស៊ើបអង្កេត​ការបង្ក្រាប​នៅ​ហ្វីលីពីន​។​

​តាម​ការបកស្រាយ​រប​ស់​មន្ត្រីប៉ូលិស​លើ​សង្គ្រាម​គ្រឿងញៀន​កន្លងមក ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ច្រើនជាង​៦,៧០០​នាក់ ត្រូវបាន​សម្លាប់ បន្ទាប់ពី​ពួកគេ​បដិសេធ​មិន​ឲ្យ​ចាប់ខ្លួន​។ ប៉ូលិស​ហ្វីលីពីន ក៏បាន​បដិសេធថា មិនបាន​ពាក់ព័ន្ធ​ទៅនឹង​ការសម្លាប់​អ្នកប្រើប្រាស់​គ្រឿងញៀន​ដោយ​សម្ងាត់​ជាច្រើន​ពាន់​នាក់​ឡើយ​។ ប៉ុន្តែ​ប៉ូលិស​ហ្វីលីពីន​ក៏បាន​បដិសេធ​ផងដែរ ពី​ការចោទប្រកាន់​របស់​ក្រុម​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​បំផ្លាញ​ភស្តុតាង ការបង្កើត​ព័ត៌មាន​មិន​ពិត និង​រូបភាព​ឧក្រិដ្ឋកម្ម​ជាដើម​។

​ក្នុងន័យ​ចំអក​ឲ្យ​សហគមន៍​អន្តរជាតិ លោក Salvador Panelo អ្នកនាំពាក្យ​ប្រធានាធិបតី ឌូ​ទើ​តេ នៅ​ថ្ងៃទី​២៣ ខែកញ្ញា បាន​គូសបញ្ជាក់ថា ប្រសិន​វា​ជាកា​រំលោភបំពាន​សិទ្ធិមនុស្ស នោះ​ប្រជាជន​ក្នុងប្រទេស​ហ្វីលីពីន នឹង​ប្រឆាំងនឹង​រដ្ឋបាល​មួយ​នេះ​មិន​ខាន ព្រោះ​ប៉ូលិស​មិនមែន​ចេះតែធ្វើ​ការសម្លាប់​មនុស្ស​តាមតែ​ចិត្ត​ឯង​ឡើយ ហើយ​វា​ក៏​មិនអាច​ទៅរួច​ដែរ​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ទៅលើ​លទ្ធផល​នៃ​ការស្ទង់មតិ​ដែរ ហើយ​សហគមន៍​អន្តរជាតិ​គួរតែ​យល់​ពី​បញ្ហា​នេះ​។​

​រដ្ឋាភិបាល​ហ្វីលីពីន បដិសេធ​មិន​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​ខាងក្រៅ​លើ​សំណុំរឿង​គ្រឿងញៀន​នេះឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ភាពអយុត្តិធម៌ និង​បង្ក​ឲ្យ​មានការ​ញុះញង់​។ ក្នុង​ខែកក្កដា សមាជិក​ទាំង​៤៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បាន​យល់ព្រម​លើ​សេចក្តីសម្រេច​ឲ្យ​មានការ​ស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​មួយ​នៅក្នុង​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន​បាន​បដិសេធ​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន​លោក ឌូ​ទើ​តេ បាន​នាំ​ហ្វីលីពីន​ចេញពី​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បន្ទាប់ពី​តុលាការ​មួយ​នេះ​បាន​ស៊ើបអង្កេត​លើ​សង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន​នៅ​ហ្វីលីពីន​៕


Tag:
 ហ្វីលីពីន​
  ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com