អន្តរជាតិ
លោក​លី សៀន​ឡុង​៖ ប្រទេស​ទាំងអស់​ត្រូវខិតខំ​ទ្វេដង ដើម្បី​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​
24, Sep 2019 , 4:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​២៣ ខែកញ្ញា បាន​លើកឡើងថា ប្រទេស​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ត្រូវខិតខំ​ទ្វេដង​ក្នុងការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ដែលជា​សត្រូវ​រួមគ្នា​ចុងក្រោយ​របស់​សកលលោក​។



​ថ្លែង​នៅក្នុង​កម្មវិធី Climate Action Summit របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែលជា​វេទិកា​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ចែករំលែក​នូវ​គម្រោង និង​ឧទាហរណ៍​ក្នុងការ​កាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ទាំងអស់​ខិតខំ​ពន្យល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ឲ្យ​យល់ដឹង​ពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ការពារ​កូនចៅ​ជំនាន់​ក្រោយ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក លី បាន​ពន្យល់ថា ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ គឺមាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅលើ​ប្រទេស​ទាំងអស់ ព្រោះ​វា​បង្ក​ឲ្យ​បញ្ហា​ផ្ទួនៗ​គ្នា និង​មិនចេះចប់​មិនចេះហើយ​។ ពិតណាស់ថា បម្រែបម្រួល​អាកាសធាតុ ក៏បាន​ធ្វើ​ឲ្យ​កើតមាន​ជំងឺ​ថ្មីៗ ការកើនឡើង​នូវ​កម្តៅ​ផែនដី កង្វះ​អាហារ ការជំរុញ​ឲ្យ​មានការ​ចំណាកស្រុក និង​សង្គ្រាម​ជាដើម​។

​ជាការ​ពិត​សិង្ហ​បុរី មិនអាច​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​បញ្ហា​ទាំងនេះ​តែម្នាក់ឯង​បានទេ បើទោះបីជា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ក៏ដោយ​។ វា​ទាមទារ​ឲ្យ​មានការ​សហការ​ពី​បណ្តាល​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​អង្គការ​អន្តរជាតិ​ផ្សេងៗ​។ ដូចនេះ សិង្ហ​បុរី​កំពុងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តាល​ប្រទេស​ផ្សេងៗ តាមរយៈ​គម្រោង​ដូចជា វេទិកា​ការពារ​គ្រោះមហន្តរាយ​នៅក្នុង​អាស៊ី​អា​គ្នេ​ណ៍ ដែល​មានការ​គ្រាំទ្រ​ពី​ជប៉ុន និង​ធនាគា​ពិភពលោក​។ នេះ​ជាការ​លើកឡើង​របស់លោក លី ។

​ក្រៅពី​គម្រោង​ការពារ​គ្រោះមហន្តរាយ​នៅក្នុង​អាស៊ី​អា​គ្នេ​ណ៍ រដ្ឋ​បុរី​មួយ​នេះ ក៏បាន​គាំទ្រ​កម្មវិធី​មួយទៀត​គឺ មជ្ឈមណ្ឌល​ជំនាញ​ឧតុនិយម​អាស៊ាន ដែលមាន​មូលដ្ឋាន​នៅក្នុង​សិង្ហ​បុរី​។ ក្នុង​ទំហំ​ទឹកប្រាក់​៥​លាន​ដុល្លារ​សិង្ហ​បុរី​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ ដែល​រដ្ឋាភិបាល​បរិច្ចាគ គឺ​ក្នុង​គោលបំណង​ចែករំលែក​នូវ​ចំណេះដឹង និង​ជំនាញ​ពាក់ព័ន្ធ​អាកាសធាតុ ការព្យាករណ៍​អាកាសធាតុ ដើម្បី​ជួយ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ស្រួល​កែប្រែ​នូវ​គោលនយោបាយ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត សិង្ហ​បុរី​បានចាប់ផ្តើម​ប្រើប្រាស់​ថាមពល​ស្អាត ការដាក់​ពន្ធ​លើ​ឧស្ម័ន​កាបូន​អត្រា ៥​ភាគរយ​ក្នុង​មួយ​តោន និង​ការ​តម្លើង​ប្រព័ន្ធ​ថាមពល​ស្រូបយក​កម្តៅ​ពី​ព្រះអាទិត្យ​ជាដើម​។

​សូមបញ្ជាក់ថា បញ្ហា​បម្រែបម្រួល​អាកាស​នូវតែ​ជាការ​បារម្ភ​របស់​សិង្ហ​បុរី​។ តាមរយៈ​សុន្ទរកថា​នៅ​ថ្ងៃ​ជួបជុំ​បុណ្យជាតិ​កន្លងមក លោក​លី បាន​សង្កត់ធ្ងន់ថា សិង្ហ​បុរី​ត្រូវការ​លុយ ១០០​ពាន់​លាន​ដុល្លារ​សិង្ហ​បុរី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ ដែល​អាច​ប៉ះពាល់​ដល់​រដ្ឋ​បុរី​មួយ​នេះ​៕


Tag:
 លី សៀន​ឡុង​
  សិង្ហ​បុរី​
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com