អន្តរជាតិ
សិង្ហ​បុរី ឲ្យ​យោធា​អាមេរិក​ប្រើប្រាស់​មូលដ្ឋានទ័ព​រប​ស់​ខ្លួន​១៥​ឆ្នាំ​ទៀត​
24, Sep 2019 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ចាប់ដៃប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព AFP
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ចាប់ដៃប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព AFP
​សិង្ហ​បុរី និង​អាមេរិក នៅ​ថ្ងៃទី​២៣ ខែកញ្ញា បាន​ចុះហត្ថលេខា​បន្ត​សុពលភាព​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​អនុញ្ញាត​ឲ្យ​យោធា​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន និង​ទឹកដី​សិង្ហ​បុរី​រយៈពេល​១៥​ឆ្នាំ​ទៀត​។ កិច្ចព្រមព្រៀង​នេះ ជា​កិច្ចព្រមព្រៀង​សំខាន់​មួយ​សម្រាប់​ការរក្សា​វត្ត​មាន​យោធា​អាមេរិក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ជារួម​ផងដែរ​។ នាយករដ្ឋមន្ត្រី លី សៀន​ឡុង និយាយថា បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ការពារជាតិ​។​



​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​លើ «​អនុស្សារណ​យោគយល់​គ្នា​ឆ្នាំ​១៩៩០ ស្តីពី​ការប្រើប្រាស់​មូលដ្ឋាន​នៅ​សិង្ហ​បុរី​ដោយ​អាមេរិក​» ដែល​អនុញ្ញាត​ឲ្យ​យោធា​អាមេរិក​ប្រើប្រាស់​ទឹកដី​សិង្ហ​បុរី​រយៈពេល​១៥​ឆ្នាំ​ទៅមុខ​។ អនុស្សារណៈ​យោគយល់​នេះ នឹង​ត្រូវអស់​សុពលភាព​នៅ​ឆ្នាំ​២០២០​ខាងមុខ​។

​អនុស្សារណ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី លី ក្វាន់​យូ និង​អនុ​ប្រធានាធិបតី​អាមេរិក Dan Quayle នៅ​ឆ្នាំ​១៩៩០ អនុញ្ញាត​ឲ្យ​យោធា​អាកាស និង​ជើង​ទឹក​របស់​អាមេរិក ប្រើប្រាស់​មូលដ្ឋាន​យោធា​សិង្ហ​បុរី ហើយ​អាមេរិក​ចេញ​ប្រតិបត្តិការ​ពី​ទឹកដី​សិង្ហ​បុរី​ទៀតផង​។ កន្លងមក អាមេរិក បាន​ពង្រាយ​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​របស់ខ្លួន​នៅ​សិង្ហ​បុរី​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​នានា ចាក់​សាំង  និង​ការថែទាំ​តាម​គោលការណ៍​ផ្លាស់​វេន​។

​នេះ​ជា​លើក​ទី​ពីរ​ដែល​អនុស្សារណ​ត្រូវបាន​បន្ត​សុពលភាព​។ ការបន្ត​សុពលភាព​លើកទីមួយ ធ្វើឡើង​កាលពី​ឆ្នាំ​២០១៥ ។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និយាយថា អនុស្សារណ​នេះ ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​ផ្នែក​វិស័យ​ការពារជាតិ​រវាង​សិង្ហ​បុរី និង​អាមេរិក ដូចជា​វិស័យ​ឯទៀត​ដូចជា​សន្តិសុខ សេដ្ឋកិច្ច ការប្រឆាំង​ភេរវកម្ម​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វិញ លើកឡើងថា អាមេរិក​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​សិង្ហ​បុរី​។​

​សិង្ហ​បុរី ត្រូវបាន​ទទួលស្គាល់​ជា​ដៃគូ​សហប្រតិបត្តិការ​ស​ន្តិ​សុខ​របស់​អាមេរិក​ក្រោម​កិច្ចព្រមព្រៀង​សន្តិសុខ​ដែល​ចុះហត្ថលេខា​ដោយ​លោក លី និង​អតីត​ប្រធានាធិបតី​អាមេរិក ច​ច ដាប់​ប៊ែ​ល​យូ ប៊ូ​ស ក្នុង​ឆ្នាំ​២០០៥​។ កិច្ចព្រមព្រៀង​នេះ ក៏បាន​បើកផ្លូវ​ដល់​ភាពជា​ដៃគូ​ការពារជាតិ​សិង្ហ​បុរី និង​អាមេរិក​ផងដែរ​។​

​ក្នុង​សេចក្ដីប្រកាស​របស់​ព័ត៌មាន​របស់​ក្រសួងការបរទេស​សិង្ហ​បុរី ទាំង​សិង្ហ​បុរី ទាំង​អាមេរិក​សុទ្ធតែ​បានបង្ហាញ​ក្ដី​រីករាយ​ចំពោះ​ដំណើរ​ការល្អ​នៃ​គំនិត​ផ្ដួចផ្ដើម​ផ្នែក​ការពារជាតិ​ទ្វេភាគី​។ ភាគី​ទាំងពីរ ក៏​ស្វាគមន៍​គម្រោង​ទិញ​យន្តហោះ​ស៊េរី​ទំនើប F-35 ដោយ​សិង្ហ​បុរី​ចំនួន​បួន​គ្រឿង និង​គម្រោង​ទិញ​ថែម​៨​គ្រឿង​ទៀត​នៅ​ថ្ងៃ​ខាងមុខ​។ ជាមួយគ្នានេះ សព្វាវុធ​ដែល​ប្រើប្រាស់​ដោយ​កងទ័ព​សិង្ហ​បុរី​ភាគច្រើន​ទិញ​ពី​អាមេរិក​ផងដែរ​៕


Tag:
 សិង្ហ​បុរី​
  អាមេរិក​
  លី សៀន​ឡុង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com