អន្តរជាតិ
លោក លី សៀនឡុង ទទួល «ពាន់រង្វាន់បុរសរដ្ឋពិភពលោក» ពីអង្គការអាមេរិក លោក លី សៀនឡុង ឈរអមដោយភរិយា លោកស្រី Ho Ching អំឡុងពេលទទួលពាន់រង្វាន់ ថ្ងៃ ២៣ កញ្ញា ២០១៩ ប្រភពរូប៖ សារព័ត៌មាន TodayOnline
× នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានទទួលពាន់រង្វាន់បុរសរដ្ឋពិភពលោក (World Statesman Award) នៅថ្ងៃទី២៣ ខែកញ្ញា សម្រាប់ដឹកនាំរបស់លោកក្នុងការលើកស្ទួយសង្គមមួយ ដោយផ្អែកលើពហុវប្បធម៌និយម ។ នេះគឺសំដៅលើ សហគមន៍ដែលលាយឡំគ្រប់ជនជាតិទាំងអស់ក្នុងប្រទេសនេះ អាចរក្សាបាននូវរបៀបរបបជីវិតខុសប្លែកពីគ្នា ខណៈរស់នៅប្រកបដោយសុខដុម។
ថ្លែងនៅពិធីប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំរបស់មូលនិធិ Appeal of Conscience Foundation ក្នុងទីក្រុង ញូវយ៉ក លោក លី សៀនឡុង លើកឡើងថា គោលនយោបាយ និងការអនុវត្តរបស់សិង្ហបុរី បានបម្រើប្រទេសយ៉ាងល្អបំផុតក្នុងការបង្រួបប្រួមប្រជាជន និងពង្រឹងអត្តសញ្ញាណខ្លួនក្នុងពេលច្រើនទសវត្សរ៍មកនេះ។ យ៉ាងណាមិញ លោក កត់សម្គាល់ថា បញ្ហាប្រឈមនៅតែកើតមាន ហើយពួកគេ អាចជះឥទ្ធិពលមកលើកិច្ចប្រឹងប្រែងរបស់សិង្ហបុរីក្នុងការលើកកម្ពស់សុខដុមផ្នែកសាសនា និងជាតិសាសន៍។
ពាន់រង្វាន់ដែលប្រគល់ឲ្យដោយមូលនិធិ Appeal of Conscience Foundation ទទួលស្គាល់បុគ្គល ដែលគាំទ្រសន្តិភាព សេរីភាព និងវឌ្ឍនភាព ព្រមទាំងលើកកម្ពស់សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូ និងការយោគយល់គ្នា ទាំងក្នុងប្រទេសខ្លួនឯងផ្ទាល់ និងអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំដទៃ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក Rabbi Arthur Schneier ប្រធានមូលនិធិដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នេះ បានលើកឡើងថា លោក លី សៀនឡុង ត្រូវបានទទួលស្គាល់សម្រាប់ការគាំទ្រសេដ្ឋកិច្ចដែលអាស្រ័យលើចំណេះដឹង, ប្រព័ន្ធអប់រំដែលផ្តល់ពលរដ្ឋសិង្ហបុរីនូវជំនាញចាំបាច់ដើម្បីរស់រានក្នុងពិភពលោកប្រកបដោយភាពប្រកួតប្រជែង ក៏ដូចជា ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលលំដាប់ពិភពលោកផងដែរ។
សូមបញ្ជាក់ថា មូលនិធិ Appeal of Conscience Foundation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៥ ដោយមានគោលដៅលើកកម្ពស់សន្តិភាព ការយោគយល់ និងដំណោះស្រាយបញ្ហាជម្លោះជាតិសាសន៍៕
Tag:
សហរដ្ឋអាមេរិក
លីសៀនឡុង
ពាន់រង្វាន់បុរសរដ្ឋពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com