ជាតិ
កសិករ​ជាង​១០០​គ្រួសារ​នៅ​ខេត្តកំពង់ធំ ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​បាន​១៧​តោន​ក្នុង​មួយថ្ងៃ​
24, Sep 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ជា​រៀងរាល់ថ្ងៃ​កសិករ​ចំនួន​១១៣​គ្រួសារ នៅក្នុង​ខេត្តកំពង់ធំ អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​នៅ​ទីផ្សារ បាន​១៧​តោន​។ កសិករ​ទាំងនោះ ក្រៅពី​ផ្គត់ផ្គង់​នៅក្នុង​ខេត្តកំពង់ធំ​ហើយ បន្លែ​សុវត្ថិភាព​ទាំងនេះ ក៏​កំពុង​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ខេត្តព្រះវិហារ និង​រាជធានី​ភ្នំពេញ ផងដែរ​។ នេះ​បើតាម​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នា​ថ្ងៃទី​២៤​កញ្ញា​នេះ​។​



​លោក ប៉ែន វណ្ណ​រិ​ទ្ធ ឲ្យ​ដឹង​ទៀតថា ប្រជាកសិករ​បាន​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ទាំងនេះ ទៅឱ្យ​ម្ចាស់​សណ្ឋាគារ ផ្សារ​ទំនើប​ផ្សេងៗ និង​មាន​មួយចំនួន​តូច លក់​នៅលើ​ទីផ្សារ​ធម្មតា​។ លោក ប៉ែន វណ្ណ​រិ​ទ្ធ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្តទៀតថា បន្លែ​ដែល​កសិករ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​មាន​ត្រសក់ ត្រប់ ស្ពៃ ម្រះ សាឡាត​...​ជាដើម ប៉ុន្តែ​លើកលែង​ប្រភេទ​បន្លែ​មួយចំនួន ដូចជា​ខ្លឹម​បារាំង ដំឡូងបារាំង ការ៉ុត ស្ពៃក្តោប ដែល​កសិករ​ក្នុង​ខេត្ត​នេះ មិនអាច​ដាំ​បាន​។​

​សូមជម្រាបថា ក្នុងចំណោម​កសិករ​ទាំង​ជាង ១០០​គ្រួសារ​ដែល​ដាំ​បន្លែ​សុវត្ថិភាព​នេះ មាន ៣០​គ្រួសារ រស់នៅក្នុង​ស្រុក​បារាយណ៍ និង​៨៣​គ្រួសារ​ទៀត រស់នៅ​នៅ​ស្រុក​កំពង់ស្វាយ​។ បើតាម​លោក ប៉ែន វណ្ណ​រិ​ទ្ធ ក្នុង​ខេត្តកំពង់ធំ មានតែ​ស្រុក​ទាំង​ពីនេះ​ប៉ុណ្ណោះ ដែល​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​បាន​៕


Tag:
 កសិករ​
 ​កសិកម្ម​
 ​បន្លែ​
 ​ដំណាំ​
 ​បន្លែ​សុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com