ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​៖ មិនគួរ​កែ​រដ្ឋធម្មនុញ្ញ​ញឹកញាប់​ទេ ព្រោះ​ធ្វើ​ឲ្យ​ទន់ជ្រាយ​
24, Sep 2019 , 10:19 pm        
រូបភាព
លោក ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងក្នុងសិក្ខាសាលា (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
លោក ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងក្នុងសិក្ខាសាលា (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
ដោយ: ថ្មីៗ
​លោក ហ៊ី សោភា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អ្នកមាន​ពិសោធ​ច្រើន​ឆ្នាំ​ម្នាក់​លើ​វិស័យ​ច្បាប់ លើកឡើងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺជា​ការចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​សង្គមជាតិ ក៏ដូចជា ដើម្បី​ធានា​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​។ តែ​លោក យល់ថា មិនគួរ​កែប្រែ​ញឹកញាប់​នោះទេ​។



​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ចុះផ្សាយ​ពី​ប្រសាសន៍​របស់លោក ហ៊ី សោភា ដែល​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល យ៉ាង​ដូច្នេះ​ថា​៖« «...​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិនមែន​ចេះតែធ្វើ​ទេ ហើយក៏​មិនគួរ​ធ្វើជា​ញឹកញាប់​ដែរ ព្រោះ​វា នឹងធ្វើ​ឲ្យ​រដ្ឋធម្មនុញ្ញ​ទន់ជ្រាយ ហើយ​វា ក៏​នឹង​ប៉ះពាល់​ដល់​ភាពរឹងមាំ និង​ស្ថិរភាព​នៃ​ច្បាប់​ដទៃទៀត​ផងដែរ​»​។​

​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​២៦​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។ រយៈពេល​២៦​ឆ្នាំ​មកនេះ រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​ដល់​ទៅ​៩​លើក​។​
 
​មាន​ត្រា​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ បានចែង​អំពី​ការធ្វើ​វិសោធនកម្ម​៖

​មាត្រា​១៤៣​ថ្មី​៖«​ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​»​។​

​មាត្រា​១៥៣​ថ្មី​៖«​ការផ្ដើមគំនិត​សើរើ ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់ ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ត្រី និង​របស់​ប្រធានរដ្ឋសភា តាម​សេចក្ដីស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​។ ការសើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយ​ដែល​អនុម័ត​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ពីរភាគបី នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​»​។​

​មាត្រា​១៥៤​ថ្មី​៖«​ការសើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាមឃាត់​មិនឱ្យ​ធ្វើ​នៅពេល​ប្រទេស ជាតិ​ឋិត​ក្នុង​ភាពអាសន្ន ដូច​មានចែង​ក្នុង​មាត្រា​៨៦»​។​

​មាត្រា​១៥៥​ថ្មី​៖«​ការសើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិនអាច​ធ្វើ​បានឡើយ​កាលបើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​»​។​

​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចាប់កំណើត​ជាថ្មី​តាំងពី​ឆ្នាំ​១៩៩៣​មក មាន​១៧​ជំ​ពួក និង​១៦០​មាត្រា​។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​,  សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ​, សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច​,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល​, សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​ចាត់ទុកថា មាន​លក្ខណ​ប្លែក​ពី​រដ្ឋធម្មនុញ្ញ​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក នៅត្រង់ថា រដ្ឋធម្មនុញ្ញ​កម្ពុជា នៅមាន «​រដ្ឋធម្មនុញ្ញ​បន្ថែម​» មួយទៀត​។ ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ  ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៤ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ​៕


Tag:
 ​រដ្ឋធម្មនុញ្ញ​
  ហ៊ី សោភា
© រក្សាសិទ្ធិដោយ thmeythmey.com