អន្តរជាតិ
កូរ៉េខាងត្បូង ថា ជំនួប​រវាង​កូរ៉េខាងជើង និង​អាមេរិក អាច​កើតឡើង​ឆាប់ៗ​
25, Sep 2019 , 8:29 am        
រូបភាព
លោកប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹកនាំគីម ជុងអ៊ុននៅតំបន់គ្មានយោធា (DMZ)ក្នុងឧបទ្វីបកូរ៉េ
លោកប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹកនាំគីម ជុងអ៊ុននៅតំបន់គ្មានយោធា (DMZ)ក្នុងឧបទ្វីបកូរ៉េ
​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​នៅ​ថ្ង​ទី​២៤ ខែកញ្ញា បាន​បញ្ជាក់ថា ជំនួប​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង អាច​នឹង​ធ្វើឡើង​ក្នុង​រយៈពេល ២ ឬ​៣​សប្តាហ៍​ខាងមុខនេះ បន្ទាប់ពី​ខកខាន​អស់​រយៈពេល​ជា​យូរ​មកហើយ​។​



​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង ប្រាប់​សមាជិកសភា​ប្រទេស​នេះ​ថា ជំនួប​ថ្នាក់​ក្រុមការងារ​រវាង​អាមេរិក និង​កូរ៉េខាងជើង អាច​រៀបចំឡើង​នៅពេល​ឆាប់ៗ​នេះ​។ បើ​មាន​លទ្ធផល​ល្អ ជំនួប​រវាង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ គីម ជុង​អ៊ុន បាន​ខកខាន​អស់​រយៈពេល​ជា​យូរ​មកហើយ ក៏​អាច​រៀបចំ​នៅពេល​បន្ទាប់​ផងដែរ​។ ជំនួប​កំពូល​លើក​ទី​ពីរ​របស់លោក ត្រាំ និង​លោក គីម ដែល​ធ្វើ​នៅ​វៀតណាម ត្រូវ​បរាជ័យ​។

​លោក ត្រាំ និង​លោក គីម បាន​ជួបគ្នា​ជា​លើក​ទី​បី​នៅ​តំបន់​គ្មាន​យោធា​ក្នុង​ឧបទ្វីប​កូរ៉េ​កាលពី​ចុងខែ​មិថុនា និង​បាន​សន្យា​រៀបចំ​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ថ្នាក់​ក្រុមការងារ​ឡើងវិញ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ វា​មិនទាន់មាន​កិច្ចព្រមព្រៀង ឬ​ជំនួប​ណាមួយ​របស់​ប្រទេស​ទាំងពីរ​កើតឡើង​ទេ​។

​ក្នុងពេល​ថ្មីៗ​នេះ តាមរយៈ​ការ​ស្រង់ពាក្យ​សម្តី​ពី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ សមាជិក​កូរ៉េខាងត្បូង​បាន​លើកឡើងថា ប្រសិនបើ​ភាគី​ទាំងពីរ​មានការ​ព្រមព្រៀង​លើ​ជំនួប​ខាងមុខនេះ លោក​ត្រាំ និង​លោក​គីម​អាច​នឹង​ជួបគ្នា ចរចា​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ជា​លើក​ទី​៣​។ ប៉ុន្តែ​អ្វី​ទាំងនេះ វា​គ្រាន់តែ​ជាការ​រំពឹងទុក​របស់​អ្នកនយោបាយ​កូរ៉េខាងត្បូង​ប៉ុណ្ណោះ ហើយ​វា​ក៏​អាច​កើតឡើង ឬ​មិនអាច​កើតឡើង​ដែរ​។​

​បើទោះបីជា​កិច្ចចរចា​រវាង​ប្រទេស​អាមេរិក និង​កូរ៉េខាងជើង ទទួល​បរាជ័យ​ពីរលើក​ក៏ដោយ ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែ​រក្សា​ការប្ដេជ្ញាចិត្ត​ដើម្បី​សម្រេច​នូវ​កិច្ចព្រមព្រៀង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដដែល​។ សម្រាប់​អាមេរិក លោក ត្រាំ បាន​រិះរក​វិធីសាស្ត្រ​ថ្មី​ក្នុងជំនួប​ចរចា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។​

​បើ​កើតឡើង​មែន ក្នុងជំនួប​ក្រុមការងារ ប្រេសិត​អាមេរិក Stephen Biegun នឹង​ជួប​សម​ភាគី​ថ្មី​ជា​លើកដំបូង​។ លោក គីម បានតែងតាំង​លោក Kim Myong-gil អតីត​អគ្គរដ្ឋទូត​ប្រចាំ​ហាណូយ ជា​ប្រធាន​ក្រុម​ចរចា​ថ្មី ខណៈដែល​អនុរដ្ឋមន្ត្រី​កូរ៉េខាងជើង​លោកស្រី  Choe Son-hui ដែលជា​ធ្លាប់​ដៃគូ​ចរចា​របស់លោក Biegun នឹង​ទទួលខុសត្រូវ​ការងារ​រួម​វិញ​។ នេះ​បើតាម​កា​ផ្សាយ​របស់ Yonhap​។

​ពិតណាស់ថា ជំនួប​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​មិនអាច​កើតឡើង​ឡើយ ប្រសិនបើ​គ្មាន​កូរ៉េខាងត្បូង ព្រោះ​កន្លងមក​ទីក្រុង​សេ​អ៊ូ​ល ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការជួយ​សម្របសម្រួល​ឲ្យ​មាន​កិច្ចចរចា​រវាង​ត្រាំ និង​គីម​កើតឡើង​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២៣ ខែកញ្ញា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​នាំយក​បញ្ហា​ឧបទ្វីប​កូរ៉េ​ទៅ​ចរចា​ជា​លោក ត្រាំ នៅ​ទីក្រុង​ញូវយ៉ក​ផងដែរ​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត តាមរយៈ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង អះអាងថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​អាច​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​កូរ៉េខាងត្បូង និង​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ទីក្រុង​ប៊ូសាន ចាប់ពី​ថ្ងៃទី​២៥ ដល់​២៦ ខែ​វិ​ច្ឆ​ការ​ខាងមុខនេះ​ទៀតផង​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com