អន្តរជាតិ
តុលាការ​កំពូល​អង់គ្លេស ទាត់ចោល​ការព្យួរ​សភា​របស់​នាយករដ្ឋមន្ត្រី ច​ន​សុន​
24, Sep 2019 , 5:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​តុលាការ​កំពូល​អង់គ្លេស នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​ហៅ​ការសម្រេចចិត្ត​ផ្អាក​កិច្ចប្រជុំសភា​របស់​នាយ​ក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន ជា​រឿង​មិន​ស្របច្បាប់ ហើយ​អនុញ្ញាត​ឲ្យ​សភា​បើកប្រជុំ​របស់ខ្លួន​បាន​ធម្មតា​។



​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន រង​បរាជ័យ​ជាថ្មី​ម្ដងទៀត ដោយ​លើក​នេះ​នៅឯ​ស្ថាប័ន​តុលាការ​វិញ​ម្ដង​។ ដោយ​សំឡេង​ឯកច្ឆន្ទ តុលាការ​កំពូល​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២៤ ខែកញ្ញា ប្រកាស «​ទុកជាមោឃ និង​គ្មាន​អំណាច​អនុវត្ត​» នូវ​ការសម្រេចចិត្ត​របស់លោក ច​ន​សុន ដែល​ប្រកាស​ព្យួរ​កិច្ចប្រជុំសភា​រយៈពេល​វែង​កាលពី​ខែ​ដើម​នេះ​។

​ការប្រកាស​ផ្អាក​កិច្ចប្រជុំ​របស់​សភា​រយៈ​ពេល​វែង​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ព្រោះ​វា​ធ្វើឡើង​ស្របពេល​ដែល​ពេលវេលា​អង់គ្លេស​ត្រូវ​ដកខ្លួន​ពី​សមាជិក​សហភាព​អឺរ៉ុប​កាន់តែ​ខិតជិត​ដល់ គឺ​នៅ​ថ្ងៃទី​៣១ ខែតុលា​ខាងមុខ​។ លោក ច​ន​សុន រង​ពាក្យ​ចោទប្រកាន់ថា ផ្អាក​ប្រជុំ​សភា​ដើម្បី​បិទផ្លូវ​សភា​ពី​ការរារាំង​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។

​បណ្ដឹង​ប្រឆាំង​ការសម្រេចចិត្ត​របស់លោក ច​ន​សុន ក៏​ឡើងដល់​តុលាការ​តែម្ដង​។ ក្នុង​សវនាការ​ថ្ងៃទី​២៤ ខែកញ្ញា ប្រធាន​អង្គ​ជំនុំ​ជំ​រះ Brenda Hale ប្រកាសថា​៖ «​តុលាការ​សន្និដ្ឋានថា ការសម្រេចចិត្ត​ស្នើ​មហាក្សត្រិយ​ឲ្យ​ព្យួរ​កិច្ចប្រជុំសភា ជា​រឿង​មិនត្រូវ​តាមច្បាប់​។ តុលាការ​កំពូល​អង់គ្លេស​បន្តថា សភា​ទាំងពីរ អាច​បើក​កិច្ច​ប្រជុំបាន​ភ្លាមៗ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានរដ្ឋសភា John Bercow ប្រកាសថា សភា​នឹង​កោះប្រជុំ​ដោយ​គ្មាន​ការពន្យារពេល​ឡើយ ដោយ​លោក​នឹង​ជជែក​ជាមួយ​មេដឹកនាំ​នយោបាយ​នានា​ពី​ការកោះប្រជុំ​នេះ​។ ដោយឡែក មេបក្ស​ប្រឆាំង ជេ​រេ​មី ខ​ប៊ី​ន វិញ បានស្នើ​ឲ្យ​លោក ច​ន​សុន លាលែង​ចេញពី​តំណែង ហើយ​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​ខ្លី​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​វិញ​៕ 

Tag:
 Brexit
  អង់គ្លេស​
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com