ជាតិ
សង្គមជាតិ
សាលារាជធានីភ្នំពេញ ស្នើឲ្យពលរដ្ឋវេចខ្ចប់សំរាមឲ្យត្រឹមត្រូវ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋវេចខ្ចប់សំរាមឲ្យត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខណៈបុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី នឹងឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា។
ក្រុមហ៊ុនស៊ីនទ្រី នឹងផ្អាកប្រមូលសំរាម នៅតាមលំនៅដ្ឋានរបស់ពលរដ្ឋ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា។ ដូច្នេះ ឲ្យការសំអាត និងប្រមូលសំរាមមានភាពងាយស្រួលនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋរស់នៅក្នុងរាជធានី វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដូច្នេះថា៖««ពលរដ្ឋត្រូវតែចេះយោគយល់ និងអធ្យាស្រ័យ ហើយកុំបញ្ចេញសំរាមដាក់នៅតាមផ្លូវសាធារណៈ ដោយត្រូវរក្សាទុកសំរាមឲ្យត្រឹមត្រូវក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន»។ នេះជាការស្នើរបស់រដ្ឋបាលរាជធានីភ្នំពេញ មុននឹងបន្តដោយសង្ឃឹមថា ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលនៅរាជធានីភ្នំពេញទាំងអស់ចូលរួម ថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ។
នៅក្នុងប្រទេសកម្ពុជា មានសំរាមជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ឬជាង៣លានតោន ក្នុង១ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកាកសំណល់នៅកម្ពុជាឆ្នាំ២០១៩៕
Tag:
ពលរដ្ឋ
ស៊ិនទ្រី
កម្មករ
ភ្ជុំបិណ្ឌ
សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com