ជាតិ
សង្គមជាតិ
អាជ្ញាធរ នឹង​ចាត់វិធានការ បើ​សមាគម​គ្រូបង្រៀន ប្រារព្ធ​ទិវា​គ្រូបង្រៀន​លើសពី «២០០​នាក់​»
25, Sep 2019 , 8:59 am        
រូបភាព
លោក រ៉ុន ឈុន (ពាក់អាងស) ទីប្រឹក្សាសមាគមគ្រូបង្រៀន
លោក រ៉ុន ឈុន (ពាក់អាងស) ទីប្រឹក្សាសមាគមគ្រូបង្រៀន
ដោយ:
​ភ្នំពេញ​៖«​ការលើកកម្ពស់​សិទ្ធិ​គ្រូបង្រៀន​» ជា​ប្រធាន​សម្រាប់​កម្ពុជា​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩​។ ក្នុង​ទិវា​គ្រូបង្រៀន​ខាងមុខនេះ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ សម្រាប់​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា និង ឧុ​ទ្ធ​កាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។



​ក្រោយ​ឆ្លងកាត់​កិច្ចពិភាក្សា​រួចមក សាលា​រាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ ដែលមាន​អ្នកស្រី អ៊ុក ឆាយា​វី ជា​ប្រធាន និង លោក រ៉ុង ឈុន ជាទី​ប្រឹក្សា ប្រារព្ធ​ទិវា​គ្រូបង្រៀន​ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​១១​ព្រឹក នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​ការចូលរួម​ប្រមាណ​តែ​១៥០​នាក់​ទៅ​២០០​នាក់​ប៉ុណ្ណោះ ដោយ​មិនត្រូវ​មានការ​ដង្ហែ​ក្បួន​តាមផ្លូវ​សាធារណៈ សម្រាប់​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ និង​ឧុ​ទ្ធ​កាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី​ឡើយ​។ ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នេះ អាជ្ញាធរ​បង្គាប់​ឲ្យ​មាន​អ្នកតំណាង​គ្រូបង្រៀន​តែ​១០​នាក់​ប៉ុណ្ណោះ ដោយ​ត្រូវ​ជិះ​រថយន្ត​ទេសចរណ៍​ធុន​តូច​ចំនួន​២​គ្រឿង និង​រង់ចាំ​ទទួល​ញត្តិ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​បែបនេះ​ថា «​បើ​មានការ​ជួបជុំ​លើសពី​២០០​នាក់​ឡើងទៅ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទប់ស្កាត់​» ដើម្បី​ជៀសវាង​ការធ្វើសកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ប្រទេសជិតខាង ឬ​បំផុស​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​កើតជា​អំពើហិង្សា ដែល​ផ្ទុយ​ពី​ខ្លឹមសារ និង​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នេះ​។

​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរៀបចំ​ទិវា​គ្រូបង្រៀន​ពិភពលោក​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​រៀបចំ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​៥ ខែតុលា ក្នុង​គោលបំណង​ឲ្យ​សមាគម​គ្រូបង្រៀន​ដាក់​ញត្តិ​ដើម្បី​ទាមទារ​គោលការណ៍​ដែល​គ្រូបង្រៀន​ត្រូវការ សម្រាប់​បំពេញ​កិច្ចការ​ការងារ​ជា​គ្រូបង្រៀន​ឲ្យ​បាន​ពេញលេញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្រាប់​គោលការណ៍​ដែល​គ្រូបង្រៀន​ឆ្នាំនេះ​ទាមទារ​ពី​រាជរដ្ឋាភិបាល​គឺ ការផ្តល់​សម្ភារ​ពិសោធន៍ សម្ភារ​ឧបទេស កំ​ព្យូ​ទ័​រ សៀវភៅ​មេរៀន សម្រាប់​សិស្ស  និង​គ្រូ ដល់​គ្រឹះស្ថានសិក្សា និង​សាលារៀន​គ្រប់​កម្រិត​។ ជាពិសេស ត្រូវ​ផ្តល់ប្រាក់​ឧបត្ថម្ភ​បុណ្យជាតិ​នីមួយៗ ជូន​គ្រូបង្រៀន​បន្ថែម និង​ត្រូវ​ដំឡើង​ប្រាក់ខែ​គោល​អប្បបរមា ជូន​គ្រូបង្រៀន​។​

​ទិវា​គ្រូបង្រៀន​ពិភពលោក ប្រារព្ធ​ធ្វើជា​រៀងរាល់​ថ្ងៃទី​៥ ខែតុលា ចាប់ពី​ឆ្នាំ​១៩៩៤ មកម្ល៉េះ​។ ទិវា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​យូណេស្កូ  សម្រាប់​រំលឹក​គុណគ្រូ​បង្រៀន​ពិភពលោក ដែល​បាន​អប់រំ​ឲ្យ​មានគុណ​ភាព​ដល់​អ្នកជំនាន់ក្រោយ​៕

Tag:
 អាជ្ញាធរ​
 ​គ្រូបង្រៀន​
 ​ដង្ហែ​ក្បួន
© រក្សាសិទ្ធិដោយ thmeythmey.com