ជាតិ
នយោបាយជាតិ
ប្រវត្តិសម្តេច ហេង សំរិន ត្រូវវៀតណាម យកទៅបកប្រែ ទុកឲ្យយុវជនខ្លួនសិក្សា
× អ្នកស្រី តុង ធី ហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភាវៀតណាម អះអាងថា វៀតណាម នឹងបកប្រែសៀវភៅប្រវត្តិរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅជាភាសាវៀតណាម ទុកជាឯកសារសម្រាប់ឲ្យយុវជនខ្លួនសិក្សាស្រាវជ្រាវ។ អ្នកស្រី អះអាងដូច្នេះ ក្នុងជំនួបជាមួយសម្តេច ហេង សំរិន កាលពីទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខណៈថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅប្រទេសកាហ្សាក់ស្ថាន។
ខ្លឹមសារនៃកិច្ចប្រជុំរវាងអ្នកស្រី តុង ធី ហ្វុង និង សម្តេច ហេង សំរិន ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហេង សំរិន។ អ្នកស្រី លើកឡើងថា ការដែលវៀតណាម សម្រេចបកប្រែសៀវភៅប្រវត្តិរបស់សម្តេច ហេង សំរិន ដោយសារតែសៀវភៅនេះ មានសារសំខាន់និងខ្លឹមសារល្អ។
សម្តេច ហេង សំរិន វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមក រវាងរដ្ឋសភាកម្ពុជា-វៀតណាម នៅលើវេទិកាអន្តរសភានានា។ សម្តេច ក៏បានអរគុណវៀតណាមផងដែរ ដែលបានផ្តល់ជំនួយប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងការសាងសង់អគាររដ្ឋបាលកម្ពស់១២ជាន់ ដែលនឹងលេចជារូបរាងនាពេលខាងមុខនេះ៕
Tag:
កម្ពុជា
វៀតណាម
ប្រវត្តិសម្តេច ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com