«​ភ្ជុំ​បិ​ណ្ឌ​»​កាន់តែ​ខិតជិត​មកដល់ និស្សិត​កាន់តែ​នឹក​«​ស្រុកកំណើត​»
ជាតិ
បុណ្យភ្ជុំបិណ្ឌ
២៥ខេត្ត/រាជធានី
«​ភ្ជុំ​បិ​ណ្ឌ​»​កាន់តែ​ខិតជិត​មកដល់ និស្សិត​កាន់តែ​នឹក​«​ស្រុកកំណើត​»
24, Sep 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​និស្សិត ដែល​មកពី​តាម​បណ្តា​ខេត្ត ដើម្បី​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ និង​និស្សិត​មួយចំនួន​ចាប់ផ្តើម​ធ្វើការ​ងារ ព្រោះ​ចង់បាន​បទពិសោធ​និង​ប្រាក់ចំណូល​។ រៀន​ផង​ធ្វើការ​ផង ជាហេតុ​ធ្វើឱ្យ​ពួកគេ​មមាញឹក​ពុំ​សូវ​មាន​ពេល​ទៅលេង​ម្តាយ​ឪពុក បើទោះជា​នឹករលឹក​ដល់​អ្នកមានគុណ​យ៉ាងណាក្តី​។ តាមរយៈ​ស្តាប់ឮ​ចម្រៀង​បុណ្យ​ភ្ជុំបិណ្ឌ និង​ឃើញ​ទិដ្ឋភាព​ដែល​គេ​បាន​ទៅកាន់​បិណ្ឌ​នៅតាម​វត្ត​នានា បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​អារម្មណ៍​សិស្ស​និស្សិត កាន់តែ​នឹក​ឪពុកម្តាយ​និង​ស្រុកកំណើត ខណៈ​ភ្ជុំបិណ្ឌ​កាន់តែ​ខិតជិត​មកដល់​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ ខាងក្រោម​នេះ​៖
 

«​ចម្រៀង​បុណ្យ​ភ្ជុំ ធ្វើឱ្យ​ខ្ញុំ​នឹក​ដល់​ប៉ា​ម៉ាក់ ព្រោះ​ពេល​នៅ​ជាមួយ​ពួកគាត់ មាន​សុភមង្គល មិន​ខ្លាច​អត់បាយ​ញាំ តែ​ពេល​នៅ​ម្នាក់ឯង គឺ​ពិបាក​។ ខ្ញុំ​នឹង​ឱប​ម៉ាក​ពេលទៅដល់​ផ្ទះ​!»​។ និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់ ជុំ ប៉ុណា​រាយ បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ផង កើតទុក្ខ​ផង យ៉ាង​ដូច្នេះ​។ សប្បាយចិត្ត ពេល​ជិត​បាន​ទៅលេង​នៅ​ស្រុកកំណើត និង​កើតទុក្ខ​ព្រោះ មកវិញ​ត្រូវ​ប្រឡង​នៅ​មហាវិទ្យាល័យ​។ យ៉ាងណាក៏ដោយ យុវជន​មក​ខេត្តកំពត ដែល​ធ្វើការ​បណ្តើរ រៀន​បណ្តើរ រូបនេះ បាន​ទុក​មេរៀន​ប្រឡង​មួយ​ដុំ​សិន ហើយ ប៉ុណា​រាយ បាន​ត្រៀម​សម្លៀកបំពាក់ និង​លុយកាក់​ខ្លះ​សម្រាប់​ជូន​ឪពុកម្តាយ និង​ប្អូនៗ ព្រមទាំង​មាន​គម្រោង​ទៅ​វត្ត​ជាមួយគ្នា​ផងដែរ​។​


(និស្សិត ជុំ ប៉ុណា​រាយ)
 
​មិន​ខុសគ្នា​ប៉ុន្មាន​ពី ប៉ុណា​រាយ គឺ​យុវតី យ៉ាន ឌី​ណា បានបង្ហាញ​អារម្មណ៍​នឹក​ក្រុមគ្រួសារ​និង​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ជា​ពន់ពេក នៅពេលដែល​ថ្ងៃ​ភ្ជុំបិណ្ឌ​កាន់តែ​ខិតជិត​មកដល់​។ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឌី​ណា បាន​រៀបរាប់​ពី​អារម្មណ៍​ថា​ខុសគ្នា​ខ្លាំង ដែល​កាលពីមុន​ធ្លាប់តែ​នៅក្បែរ​ឪពុកម្តាយ​យ៉ាង​កក់ក្ដៅ និង​ពេលនេះ​រស់នៅ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ យ៉ាង​កណ្តោចកណ្តែង​។ លើសពីនេះទៅទៀត ឌី​ណា បាន​រៀបរាប់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​ទិដ្ឋភាព​ពេលធ្វើ​ដំណើរ​តាមផ្លូវ ឃើញ​ចាស់ៗ​ទៅ​វត្ត ធ្វើឱ្យ​ខ្ញុំ​នឹក​យាយ ចង់ទៅ​ផ្ទះ​មែនទែន​»​។ ទិដ្ឋភាព​នេះ​បានធ្វើ​ឲ្យ​កញ្ញា យ៉ាន ឌី​ណា កាន់តែ​នឹក​ជីដូន ដែល​ធ្លាប់​ថ្នាក់ថ្នម​មើលថែ ហើយ​ពេលនេះ​គាត់​កំពុងតែ​ទន្ទឹង​មើលផ្លូវ​ចៅស្រី​មកលេង​ស្រុក​។ ឌី​ណា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទៅ​ជួបជំ​គ្រួសារ សាច់ញាតិ នៅ​ស្រុកកំណើត ពោលគឺ​រង់ចាំតែ​ថ្ងៃ​ឈប់សម្រាក់​មកដល់​ប៉ុណ្ណោះ​។​


 (និស្សិត យ៉ាន ឌី​ណា)

​និយាយ​ពី​និស្សិត កេ​ត វណ្ណ​ណេ​ត វិញ​ម្តង ក៏​រៀបរាប​ពី​គម្រោង​ការដែល​នឹង​ទៅ​ជួបជុំ​គ្រួសារ​ឆាប់ៗ​នេះ​នៅ​ស្រុកកំណើត នា​ខេត្តតាកែវ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ដូច្នេះ​ថា​៖«​ពេលទៅដល់​ផ្ទះ ខ្ញុំ​នឹង​សំពះ ឱប​ពុក​ម៉ែ ព្រមទាំង​ជួយ​ការងារ​គាត់​មួយចំនួន ហើយ​ជូន​គាត់​ទៅ​វត្ត​»​។ គ្មានអ្វី​តបស្នង​សងគុណ​ឪពុកម្តាយ​ធំដុំ​ដូច​គេ កេ​ត វណ្ណ​ណេ​ត បាន​ត្រឹម​បង្ហាញ​ក្តី​ស្រឡាញ់ និង​ជូនព​ពួកគាត់​ឲ្យ​មាន​សុខភាព​ល្អ រួមទាំង​បាន​សន្សំ​ប្រាក់​កាក់​មួយចំនួន​សម្រាប់​ជូន​ឪពុកម្តាយ និង​សាច់ញាតិ​ផងដែរ​។ ជីវិត​ជា និស្សិត​ដែល​កំពុង​សិក្សា​នៅ​រាជធានី​ភ្នំពេញ និង​ព្យាយាម​ធ្វើ​ការងារ​រកប្រាក់​កម្រៃ​ផ្គត់ផ្គង់​ការសិក្សា​ខ្លួនឯង​ផង​នោះ វណ្ណ​ណេ​ត អាច​ធ្វើបាន​ប៉ុណ្ណឹង​។ 


(និស្សិត កេ​ត វណ្ណ​ណេ​ត)

​ចំពោះ​និស្សិត​វ័យក្មេង ដែល​ទើបតែ​ចាក​ចេញពី​ស្រុកកំណើត​ខេត្តកំពត បាន​មួយឆ្នាំ កញ្ញា អ៊ុក​សោ វិច្ឆិកា មាន​អារម្មណ៍​នឹក​ផ្ទះ​យ៉ាងខ្លាំង ដូច​និស្សិត​ដទៃទៀត​ដែរ​។ និស្សិត​នៃ​សាកលវិទ្យាល័យ​កម្ពុជា អ៊ុក​សោ វិច្ឆិកា សប្បាយចិត្ត​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នឹង​មកដល់​ឆាប់ៗ​ខាងមុខ​។ «​ត្បិត​នៅ​ភ្នំពេញ​មាន​បងស្រី​មើលថែ តែ​មិន​ដូច​ម្តាយ​ឪពុក​ឡើយ ដូច​ច្នេះ ខ្ញុំ​ចង់ឱ្យ​ថ្ងៃ​ភ្ជុំ​មកដល់​ឆាប់ៗ​។ វិច្ឆិកា និយាយ​ទាំង​អារម្មណ៍​នឹក​ជីវិត​ដែល​រស់នៅ​ក្បែរ​ខ្លួន​ម្តាយ​រាល់ថ្ងៃ នៅតែ​ស្រុកកំណើត​យ៉ាង​ដូច្នេះ​។​


(និស្សិត អ៊ុក​សោ វិច្ឆិកា)

​រីឯ និស្សិត​មកពី​ខេត្តសៀមរាប ស៊ាន បញ្ញា វិញ បន់​ឲ្យ​តែ​ដល់​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មកដល់​ឆាប់ៗ ជាពិសេស ពេល​និស្សិត​ស្រី ស៊ាន បញ្ញា ជិះ​ម៉ូ​ទៅធ្វើ​ការ​ពេល​មេឃ​កំពុង​ភ្លៀង​។ បញ្ញា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​ពី​គម្រោង​ដែល​នឹង​ត្រូវធ្វើ​ពេលទៅដល់​ស្រុកកំណើត​ដូច្នេះ​ថា​៖«​ពេល​ដល់​ថ្ងៃ​ឈប់សម្រាក ខ្ញុំ​នឹង​ចំណាយពេល​នៅផ្ទះ​ជាមួយ​គ្រូ​សារ​ឲ្យ​បាន​ច្រើន ព្រមទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ជុំគ្នា​»​។​
 


(និស្សិត ស៊ាន បញ្ញា)

​សូមបញ្ជាក់ថា «​ភ្ជុំបិណ្ឌ​» ជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ផ្សេងទៀត​។ ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភ​ទ្រ​បុទ​។ ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ​។ ចំណែក ថ្ងៃ​១៥​រោច គេ​ហៅថា ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ  ដែល​មានន័យថា ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ នៃ​ពី​ធី​បុណ្យកាន់បិណ្ឌ​។ ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណកាល​មក​៕

© រក្សាសិទ្ធិដោយ thmeythmey.com