ភ្នំពេញ៖ សិស្សនិស្សិត ដែលមកពីតាមបណ្តាខេត្ត ដើម្បីសិក្សានៅទីក្រុងភ្នំពេញ និងនិស្សិតមួយចំនួនចាប់ផ្តើមធ្វើការងារ ព្រោះចង់បានបទពិសោធនិងប្រាក់ចំណូល។ រៀនផងធ្វើការផង ជាហេតុធ្វើឱ្យពួកគេមមាញឹកពុំសូវមានពេលទៅលេងម្តាយឪពុក បើទោះជានឹករលឹកដល់អ្នកមានគុណយ៉ាងណាក្តី។ តាមរយៈស្តាប់ឮចម្រៀងបុណ្យភ្ជុំបិណ្ឌ និងឃើញទិដ្ឋភាពដែលគេបានទៅកាន់បិណ្ឌនៅតាមវត្តនានា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអារម្មណ៍សិស្សនិស្សិត កាន់តែនឹកឪពុកម្តាយនិងស្រុកកំណើត ខណៈភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់។
សូមអញ្ជើញទស្សនាវីដេអូ ខាងក្រោមនេះ៖
«ចម្រៀងបុណ្យភ្ជុំ ធ្វើឱ្យខ្ញុំនឹកដល់ប៉ាម៉ាក់ ព្រោះពេលនៅជាមួយពួកគាត់ មានសុភមង្គល មិនខ្លាចអត់បាយញាំ តែពេលនៅម្នាក់ឯង គឺពិបាក។ ខ្ញុំនឹងឱបម៉ាកពេលទៅដល់ផ្ទះ!»។ និស្សិតឆ្នាំទី៣ ផ្នែកច្បាប់ ជុំ ប៉ុណារាយ បង្ហាញអារម្មណ៍សប្បាយចិត្តផង កើតទុក្ខផង យ៉ាងដូច្នេះ។ សប្បាយចិត្ត ពេលជិតបានទៅលេងនៅស្រុកកំណើត និងកើតទុក្ខព្រោះ មកវិញត្រូវប្រឡងនៅមហាវិទ្យាល័យ។ យ៉ាងណាក៏ដោយ យុវជនមកខេត្តកំពត ដែលធ្វើការបណ្តើរ រៀនបណ្តើរ រូបនេះ បានទុកមេរៀនប្រឡងមួយដុំសិន ហើយ ប៉ុណារាយ បានត្រៀមសម្លៀកបំពាក់ និងលុយកាក់ខ្លះសម្រាប់ជូនឪពុកម្តាយ និងប្អូនៗ ព្រមទាំងមានគម្រោងទៅវត្តជាមួយគ្នាផងដែរ។
(និស្សិត ជុំ ប៉ុណារាយ)
មិនខុសគ្នាប៉ុន្មានពី ប៉ុណារាយ គឺយុវតី យ៉ាន ឌីណា បានបង្ហាញអារម្មណ៍នឹកក្រុមគ្រួសារនិងស្រុកកំណើតនៅខេត្តស្វាយរៀង ជាពន់ពេក នៅពេលដែលថ្ងៃភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់។ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឌីណា បានរៀបរាប់ពីអារម្មណ៍ថាខុសគ្នាខ្លាំង ដែលកាលពីមុនធ្លាប់តែនៅក្បែរឪពុកម្តាយយ៉ាងកក់ក្ដៅ និងពេលនេះរស់នៅម្នាក់នៅរាជធានីភ្នំពេញ យ៉ាងកណ្តោចកណ្តែង។ លើសពីនេះទៅទៀត ឌីណា បានរៀបរាប់បន្ថែមយ៉ាងដូច្នេះថា៖«ទិដ្ឋភាពពេលធ្វើដំណើរតាមផ្លូវ ឃើញចាស់ៗទៅវត្ត ធ្វើឱ្យខ្ញុំនឹកយាយ ចង់ទៅផ្ទះមែនទែន»។ ទិដ្ឋភាពនេះបានធ្វើឲ្យកញ្ញា យ៉ាន ឌីណា កាន់តែនឹកជីដូន ដែលធ្លាប់ថ្នាក់ថ្នមមើលថែ ហើយពេលនេះគាត់កំពុងតែទន្ទឹងមើលផ្លូវចៅស្រីមកលេងស្រុក។ ឌីណា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅជួបជំគ្រួសារ សាច់ញាតិ នៅស្រុកកំណើត ពោលគឺរង់ចាំតែថ្ងៃឈប់សម្រាក់មកដល់ប៉ុណ្ណោះ។
(និស្សិត យ៉ាន ឌីណា)
និយាយពីនិស្សិត កេត វណ្ណណេត វិញម្តង ក៏រៀបរាបពីគម្រោងការដែលនឹងទៅជួបជុំគ្រួសារឆាប់ៗនេះនៅស្រុកកំណើត នាខេត្តតាកែវ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដូច្នេះថា៖«ពេលទៅដល់ផ្ទះ ខ្ញុំនឹងសំពះ ឱបពុកម៉ែ ព្រមទាំងជួយការងារគាត់មួយចំនួន ហើយជូនគាត់ទៅវត្ត»។ គ្មានអ្វីតបស្នងសងគុណឪពុកម្តាយធំដុំដូចគេ កេត វណ្ណណេត បានត្រឹមបង្ហាញក្តីស្រឡាញ់ និងជូនពពួកគាត់ឲ្យមានសុខភាពល្អ រួមទាំងបានសន្សំប្រាក់កាក់មួយចំនួនសម្រាប់ជូនឪពុកម្តាយ និងសាច់ញាតិផងដែរ។ ជីវិតជា និស្សិតដែលកំពុងសិក្សានៅរាជធានីភ្នំពេញ និងព្យាយាមធ្វើការងាររកប្រាក់កម្រៃផ្គត់ផ្គង់ការសិក្សាខ្លួនឯងផងនោះ វណ្ណណេត អាចធ្វើបានប៉ុណ្ណឹង។
(និស្សិត កេត វណ្ណណេត)
ចំពោះនិស្សិតវ័យក្មេង ដែលទើបតែចាកចេញពីស្រុកកំណើតខេត្តកំពត បានមួយឆ្នាំ កញ្ញា អ៊ុកសោ វិច្ឆិកា មានអារម្មណ៍នឹកផ្ទះយ៉ាងខ្លាំង ដូចនិស្សិតដទៃទៀតដែរ។ និស្សិតនៃសាកលវិទ្យាល័យកម្ពុជា អ៊ុកសោ វិច្ឆិកា សប្បាយចិត្តពេលពិធីបុណ្យភ្ជុំបិណ្ឌ នឹងមកដល់ឆាប់ៗខាងមុខ។ «ត្បិតនៅភ្នំពេញមានបងស្រីមើលថែ តែមិនដូចម្តាយឪពុកឡើយ ដូចច្នេះ ខ្ញុំចង់ឱ្យថ្ងៃភ្ជុំមកដល់ឆាប់ៗ។ វិច្ឆិកា និយាយទាំងអារម្មណ៍នឹកជីវិតដែលរស់នៅក្បែរខ្លួនម្តាយរាល់ថ្ងៃ នៅតែស្រុកកំណើតយ៉ាងដូច្នេះ។
(និស្សិត អ៊ុកសោ វិច្ឆិកា)
រីឯ និស្សិតមកពីខេត្តសៀមរាប ស៊ាន បញ្ញា វិញ បន់ឲ្យតែដល់ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌមកដល់ឆាប់ៗ ជាពិសេស ពេលនិស្សិតស្រី ស៊ាន បញ្ញា ជិះម៉ូទៅធ្វើការពេលមេឃកំពុងភ្លៀង។ បញ្ញា បានប្រាប់សារព័ត៌មានថ្មីៗថាពីគម្រោងដែលនឹងត្រូវធ្វើពេលទៅដល់ស្រុកកំណើតដូច្នេះថា៖«ពេលដល់ថ្ងៃឈប់សម្រាក ខ្ញុំនឹងចំណាយពេលនៅផ្ទះជាមួយគ្រូសារឲ្យបានច្រើន ព្រមទាំងធ្វើចង្ហាន់ទៅវត្តជុំគ្នា»។
(និស្សិត ស៊ាន បញ្ញា)
សូមបញ្ជាក់ថា «ភ្ជុំបិណ្ឌ» ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របុទ។ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ។ ចំណែក ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក៕