ជាតិ
​​​ន​យោ​បាយ​ជាតិ​
កែតម្រូវ៖ នាយករដ្ឋមន្រ្តី ស្នើប្រមុខរដ្ឋស្តីទី ឲ្យបញ្ចប់ងារឧកញ៉ា៧៥នាក់​ ក្នុងជួរកងទ័ព
24, Sep 2019 , 9:43 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
កងកម្លាំងប្រដាប់អាវុធ៧៥នាក់ ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ស្ម័គចិត្តបោះបង់ងារជាឧកញ៉ា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជូនឈ្មោះកងកម្លាំងប្រដាប់អាវុធទាំង៧៥នាក់នោះ ជូនទៅសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ដើម្បីស្នើសុំឲ្យបញ្ចប់ងារជាឧកញ៉ារបស់ពួកគេ។



សំណើរបស់ប្រមុខរដ្ឋាភិបាល ដែលចុះហត្ថលេខានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បង្ហាញថា ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធទាំង៧៥នាក់ ដែលយល់ព្រមបោះបង់ងារជាឧកញ៉ា មានចាប់តាំងពីនាយឧត្តមសេនីយ៍ រហូតដល់វរសេនីយ៍ទោ។ 

អ្នកនាំពាក្យ​ក្រសួងការពារជាតិ អះអាងកន្លងមកថា ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ដែល​រួមទាំង​យោធា កងរាជអាវុធហត្ថ និង កង​អង្គរក្ស មាន​ឧកញ៉ា​៩៩​នាក់​។ ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់អះអាងដែរថា នគរបាល ដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ មានឧកញ៉ា៣៣នាក់។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃដដែល ក្នុងចំណោមនគរបាលទាំង៣៣នាក់ ដែលមានងារជាឧកញ៉ា គឺមានម្នាក់ បានសម្រេចចិត្តបន្តធ្វើជាកឧញ៉ា ដោយសុខចិត្តបោះបង់ក្របខ័ណ្ឌជានគរបាល។ រីឯ គរបាល៣២ទៀត ដែលមានងារជាឧកញ៉ា មិនទាន់មានព័ត៌មាននៅឡើយទេ ថា ពួកគេ បោះបង់ងារជាឧកញ៉ាឬបោះបង់ក្របខ័ណ្ឌជានគរបាល។

ប្រមុខរដ្ឋាភិបាល បានប្រកាសធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ដោយបានដាក់បញ្ជាថា ក្នុងជួរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មិនត្រូវឲ្យមានងារជាឧកញ៉ាជាដាច់ខាត។ ប្រមុខរដ្ឋាភិបាល ផ្តល់ជម្រើសថា បើធ្វើជាកងកម្លាំងប្រដាប់អាវុធ ត្រូវបោះបង់ងារជាឧកញ៉ា តែបើចង់បានងារជាឧកញ៉ា ត្រូវឈប់ធ្វើជាកងកម្លាំងប្រដាប់អាវុធ៕ 


Tag:
 ហ៊ុន សែន​
  ទ័ព
  ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com