ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់ធម្មតាប្រចាំថ្ងៃដែលបង្កគ្រោះថ្នាក់ចំពោះសុខភាពបន្តិចម្ដងៗ ហើយអ្នកចាំបាច់គួរដឹង
× ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាទម្លាប់មួយចំនួនដូចជាជក់បារី ឬទទួលទានគ្រឿងស្រវឹងច្រើនអាចជះឥទ្ធិពលអវិជ្ជមានចំពោះសុខភាព ប៉ុន្តែក្រៅពីនេះក៏នៅមានទម្លាប់ធម្មតាប្រចាំថ្ងៃផ្សេងទៀតដែលបង្កបញ្ហាគួរអោយព្រួយបារម្ភផងដែរ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមយើង នឹងបង្ហាញឱ្យដឹងពីទម្លាប់សាមញ្ញៗ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពបន្តិចម្ដងៗ ៖
១. ទុកកាបូបលុយក្នុងហោប៉ាវក្រោយ
ទម្លាប់នេះជះឥទ្ធិពលមិនល្អសោះឡើយចំពោះឆ្នឹងខ្នងដែលកើតឡើងនៅពេលអ្នកអង្គុយលើកាបូបលុយបង្កភាពមិនស្មើគ្នា។
២. អង្គុយពេញមួយថ្ងៃ
ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើឲ្យអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន! ការអង្គុយយូរៗពេកក្នុងមួយថ្ងៃអាចធ្វើឲ្យអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺធាត់ជ្រុល ឈឺសន្លាក់ ពុកឆ្អឹង លើសឈាម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។
៣. គេងច្រើនពេក
ការគេង គឺចាំបាច់សម្រាប់សុខភាពរាងកាយល្អប្រសើរ។ ទោះជាយ៉ាងណាអ្នកមិនគួរគេងលើសពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ឡើយ! ក៏ព្រោះវាអាចបង្កជាផលប៉ះពាល់ជំនួសវិញ។ ការគេងច្រើនពេកជាប្រចាំត្រូវបានផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង ជំងឺធាត់ជ្រុល និងការថយចុះនៃមុខងារខួរក្បាលជាដើម។
៤. ទទួលទានអាហារលឿនពេក
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទាន ឬទំពាអាហារលឿនពេកអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពជាច្រើន។ ក្រៅពីជះឥទ្ធិពលដល់ទម្ងន់ហើយនោះ ការទទួលទានលឿនក៏បង្កើនហានិភ័យនៃជំងឹបេះដូង ទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ អ្នកដែលទទួលទានលឿនច្រើនតែទទួលទានច្រើនជ្រុលនោះក៏ព្រោះតែជាធម្មតាខួរក្បាលត្រូវការរយៈពេលជាមធ្យម ២០ នាទីពីពេលដែលអ្នកចាប់ផ្ដើមទទួលទានដើម្បីបញ្ជូនសញ្ញាថាឆ្អែត។
៥. ដុសធ្មេញភ្លាមៗក្រោយទទួលទានរួច
ការដុសធ្មេញក្រោយទទួលទានអាហាររួចភ្លាមអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពធ្មេញ។ដើម្បីជាការប្រសើរអ្នកគួររងចាំយ៉ាងហោចណាស់ ៣០ នាទីក្រោយទទួលទានអាហារសិនមុននឹងដុសសម្អាតធ្មេញ។ ធ្មេញរបស់យើងទទួលបានការការពារពីកាចា ហើយជាតិអាស៊ីតដែលត្រូវបានបង្កើតឡើងពីអាហារផ្សេងៗធ្វើឲ្យកាចាធ្មេញចុះខ្សោយ ដូច្នេះប្រសិនបើដុសធ្មេញភ្លាមក្រោយទទួលទាននោះធ្មេញនឹងងាយទទួលរងផលប៉ះពាល់។
៦. ត្បារត្រចៀក
ការសម្អាតត្រចៀកជាមួយសំឡីត្បារត្រចៀកផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ នោះក៏ព្រោះតែការប្រើប្រាស់សំឡីត្បារត្រចៀកមិនត្រឹមត្រូវអាចរុញអាចម៍ត្រចៀកចូលក្នុងកាន់តែជ្រៅ។ វាក៏អាចបង្ករោគឆ្លងក្នុងត្រចៀក រលាក និងហឹងត្រចៀកផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com