អន្តរជាតិ
ចិន​ថា ក្បួន​ដង្ហែ​យោធា​ដ៏​ធំជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន មិនមែនជា​ការបញ្ចេញ​សាច់ដុំ​អ្វី​ឡើយ​
25, Sep 2019 , 7:39 pm        
រូបភាព
ប្រធានាធិបតីស៊ី ជិនភីង នៅក្នុងព្យុហយាត្រាចិនក្នុងឆ្នាំ២០០៧
ប្រធានាធិបតីស៊ី ជិនភីង នៅក្នុងព្យុហយាត្រាចិនក្នុងឆ្នាំ២០០៧
​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​ច្រានចោល​ពាក្យ​ចោទប្រកាន់ថា គម្រោង​ព្យុហយាត្រា​ដ៏​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន​នៅក្នុង​ថ្ងៃ​គំរប់​ខួប​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​៧០ ជាការ​ដំឡើង​សាច់ដុំ​។ យោធា​ចិន​ប្រមាណ​ជា ១៥​ពាន់​នាក់ យន្តហោះ​ចម្បាំង ១៦០​គ្រឿង និង​អាវុធយុទ្ធភណ្ឌ​ទំនើបៗ​ជាច្រើន​គ្រឿង នឹងត្រូវ​ដាក់​បង្ហាញ​ក្នុង​ព្យុហយាត្រា​ដ៏​ធំ​មួយ​នេះ​។



​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ចិន​នឹងត្រូវ​ប្រារព្ធ​ខួប​នៃ​ការកកើតឡើង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​៧០ ។ ពេលនេះ រដ្ឋាភិបាល​ចិន កំពុង​សស្រាក់សស្រាំ​រៀបចំ​កម្មវិធី​ឲ្យ​កាន់តែ​អធិកអធម​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​។

​នៅក្រោម​អធិបតីភាព​នៃ​ប្រធានាធិបតី ស៊ី ជិន​ភីង ព្យុហយាត្រា​ដ៏​ធំ​នៃ​កងទ័ព​ជាតិចិន នឹងត្រូវ​ដើរ​សម្តែង​ក្បួន​នៅ​កណ្តាល​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​១ ខែតុលា ដើម្បី​រំលឹក​ពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ជាពិសេស មី​ស៊ី​ល​ប្រភេទ​ថ្មី យន្តហោះ​ចម្បាំង និង​យន្តហោះ​ដ្រូ​ន នឹង​ត្រូវគេ​យកមក​បង្ហាញ​ក្នុង​ពិធី​ដ៏​ឧឡា​រិ​កមួយ​នេះ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន​រដ្ឋ​ចិន​។​

​ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​ប៉េកាំង លោកអ្នក​នាំពាក្យ​ក្រសួង​ការពារ​ចិន Wu Qian បាន​លើកឡើងថា  ការបង្ហាញ​ព្យុហយាត្រា​ដ៏​ធំ​បែបនេះ គឺជា​ការផ្តល់​ភាព​វិជ្ជមាន​សម្រាប់​ការកសាង​សន្តិភាព​ពិភពលោក​។ វរសេនីយឯក​រូបនេះ បាន​បន្ថែមទៀតថា ការដាក់​បង្ហាញ​អាវុធ​ទំនើបៗ​ក្នុង​រយៈពេល ៨០​នាទី​នេះ មិនមែនជា​ការដំឡើង​សាច់ដុំ​ឡើយ មិន​ថា​ដាក់​ពិភពលោក ឬ​ប្រទេស​ណា​ដែរ​។ អ្វីដែល​សំខាន់ ចិន​គ្រាន់តែ​ចង់បង្ហាញ​ពី​ការអភិវឌ្ឍ​នៃ​កម្លាំងយោធា​ចិន​ក្នុង​រយៈពេល ៧០​ឆ្នាំ​មកនេះ​តែប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ ទីក្រុង​ប៉េកាំង​ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ជាក់​ពី​អាវុធ​ថ្មីៗ ដែល​ត្រូវ​យកទៅ​បង្ហាញ​។ ជាក់ស្តែង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ផ្តោត​តែ​ទៅលើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប Dongfeng-41 ដែល​អាច​ពាំនាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ៤ ឬ​៥​គ្រាប់ ហើយ​អាច​បាញ់​ដល់​ទឹកដី​អាមេរិក និង​អាច​បាញ់​កម្ទេច​យន្តហោះ​ដ្រូ​ន​ល្បឿន​លឿន និង​យន្តហោះ​ចម្បាំង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​មន្ត្រី​យោធា​ចិន បាន​បញ្ជាក់ថា ឲ្យ​រង់ចាំ​មើលថា​តើ​ចិន​នឹងដាក់​ប្រភេទ​អាវុធ​អ្វី​ឲ្យ​ប្រាកដ​នៅក្នុង​ព្យុហយាត្រា​នេះ​។

​សូមបញ្ជាក់ថា កងទ័ព​ជាតិចិន​ចំនួន ១៥​ពាន់​នាក់​នឹង​បង្ហាញ​ក្បួនព្យុហយាត្រា ជាមួយ​សំភារៈ​យោធា ៥៨០​ប្រភេទ ដែល​ត្រូវបាន​ផលិត​ដោយ​ចិន​ផ្ទាល់​។ ជាពិសេស យន្តហោះ​ចម្បាំង​ច្រើនជាង ១៦០​គ្រឿង នឹង​ត្រដាង​ខ្លួន​នៅលើ​អាកាស ដើម្បី​បង្ហាញ​ជា​ទស្សនីយភាព​ឲ្យ​មន្ត្រី​យោធា​១៨៨​នាក់ មកពី​៩៧​ប្រទេស និង​អ្នកចូលរួម​ជាច្រើន​នាក់​បាន​ទស្សនា​៕


Tag:
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com