អន្តរជាតិ
ប្រធានរដ្ឋសភាអាមេរិក ប្រកាសបើកនីតិវិធីស៊ើបសួរដើម្បីដកតំណែងប្រធានាធិបតីលោក ត្រាំ លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក (ឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
× ប្រធានសភាតំណាងអាមេរិក លោកស្រី Nancy Pelosi បានប្រកាសបើកនីតិវិធីស៊ើបសួរផ្លូវការនៃការបណ្តេញប្រធានាធីបតី ដូណាល់ ត្រាំ ពីតំណែង។ លោកស្រី អះអាងថា លោកត្រាំ បានក្បត់ពាក្យសម្បថនៅពេលចូលកាន់តំណែង ដោយចង់សុំជំនួយពីកម្លាំងបរទេសដើម្បីដាក់សម្ពាធគូប្រជែងបក្សប្រជាធិបតេយ្យ លោក Joe Biden ខណៈការបោះឆ្នោតអាមេរិកជិតមកដល់នាឆ្នាំ២០២០ខាងមុខ។
ក្នុងសន្និសីទព័ត៌មាននៅរដ្ឋធានី វ៉ាស៊ីនតោន លោកស្រីប្រធានរដ្ឋសភា Nancy Pelosi គូសបញ្ជាក់ថា ទង្វើក្នុងអាណត្តិលោក ត្រាំ បានលាតត្រដាងអង្គហេតុមិនស្មោះត្រង់ នៃអំពើក្បត់របស់ប្រធានាធិបតីចំពោះពាក្យសម្បថរបស់លោកនៅពេលចូលកាន់តំណែង, អំពើក្បត់ចំពោះសន្តិសុខជាតិ និងអំពើក្បត់ចំពោះសុចរិតភាពនៃការបោះឆ្នោតអាមេរិក។
«ម្ល៉េះហើយ ខ្ញុំសម្រេចប្រកាសឲ្យសភាតំណាងអាមេរិកដំណើរការទៅមុខជាមួយការស៊ើបសួរជាផ្លូវការ នៃការបណ្តេញ [ប្រធានាធិបតីពីតំណែង]»។ លោកស្រី បញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា ប្រធានាធិបតីត្រូវទទួលរ៉ាប់រងចំពោះរឿងនេះ ហើយគ្មានបុគ្គលណាមួយ នៅលើច្បាប់ឡើយ។
ការឈានដល់ការប្រកាសបើកនីតីវិធីដកតំណែងប្រធានាធិបតីនេះ បានបញ្ឆេះឡើងក្រោយលេចធ្លាយរបាយការណ៍មួយថា លោក ត្រាំ ប៉ុនប៉ង់ដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនជាប់ឆ្នោតថ្មី លោក Volodymyr Zelensky ឲ្យបើកការស៊ើបអង្កេតស្វែងរកអំពើពុករលួយលើលោក Biden និងកូនប្រុស ដែលបានធ្វើជំនួញក្នុងប្រទេសអឺរ៉ុបខាងកើតនេះ។
ក្រោយដឹងរឿងនេះ លោកដូណាល់ ត្រាំ បានប្រតិកម្មលើបណ្តាញសង្គម Twitter ថា៖«ការបៀតបៀតប្រធានាធិបតី»។ បន្ថែមនេះ លោក បន្តថា៖«ជាថ្ងៃដ៏សំខាន់នៅអង្គការសហប្រជាជាតិ ការងារច្រើន និងជោគជ័យច្រើន, បែរជាបក្សប្រជាធិបតេយ្យត្រូវបំផ្លាញវាទៅវិញ»។
លោក ដូណាល់ ត្រាំ សារភាពថាបានពិភាក្សារឿងលោក Biden ជាមួយប្រធានាធិបតីអ៊ុយក្រែន Zelensky ប៉ុន្តែច្រានចោលរឿងថា លោកភ្ជាប់លុយរាប់លានដុល្លារក្នុងជំនួយទៅកាន់ក្រុងកៀវ ដើម្បីឲ្យពួកគេបើកការស៊ើបអង្កេតលើលោកអតីតអនុប្រធានាធិបតីអាមេរិក ជំនាន់លោក អូបាម៉ា ។
ទន្ទឹមនេះ នៅថ្ងៃអង្គារ ២៤ កញ្ញា មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា លោកបានផ្អាកជំនួយដល់អ៊ុយក្រែន ប៉ុន្តែមានគោលដៅតែមួយគត់ គឺដើម្បីបង្ខំឲ្យសម្ព័ន្ធមិត្តអឺរ៉ុបបង្កើនការគាំទ្រពួកគេដល់រដ្ឋាភិបាលរបស់លោក Zelensky៕
Tag:
សហរដ្ឋអាមេរិក
រដ្ឋសភា
ដូណាល់ត្រាំ
Impeachment
© រក្សាសិទ្ធិដោយ thmeythmey.com