ជាតិ
សង្គមជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ករណី​អគ្គិភ័យ​ក្នុងអំឡុង​ភ្ជុំបិណ្ឌ​
25, Sep 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នឹង​ចាក​ចេញពីផ្ទះ​ទៅ​ស្រុកកំណើត​របស់ខ្លួន ត្រូវមាន​សា្មរ​តី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។



​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ដូច្នេះ​៖«​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ម្ចាស់ការ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ដើមចម​ដែល​បណ្តាល​ឲ្យ​មាន​ករណី​អគ្គិភ័យ ដែលមាន​ដូចជា​ភ្លើងចង្កៀង ភ្លើងចង្ក្រាន ទៀន ធូប ការដុត​សំរាម ការដុត​ព្រៃ ការ​បោះចោល​កន្ទុយបារី​ផ្តេសផ្តាស ការភ្ជាប់ ឬ​ប្រើប្រាស់​ចរន្តអគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេងឥន្ធនៈ ឧស្ម័ន​ចំហេះ វត្ថុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ​ឆេះ​។​ល​។ ដោយ​មុននឹង​ចេញ​ទៅណា​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ករណី​អគ្គិភ័យ​កើតឡើង និង​រាលដាល​ដល់ផ្ទះ​ដទៃ ដែល​នាំ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង  និង​បាត់បង់​អាយុជីវិត​»​។

​សេចក្តីជូនដំណឹង​នេះ ធ្វើឡើង​ដោយសារតែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញថា អគ្គិភ័យ​ច្រើនតែ​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​តាំងតែ​ពី​ដើមឆ្នាំ​ឆ្នាំ​២០១៩​មក មាន​អគ្គិភ័យ​កើតឡើង​ចំនួន​៥៣៤​ករណី​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៧​នាក់​ស្លាប់  និង​រង​១៥០​នាក់​របួស ។​

 ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រៀម​រៀបចំ និង​រក​មធ្យោបាយ​បង្ការ​ទប់ស្កាត់​អគ្គិភ័យ ដែល​កើតមាន​ជាយថាហេតុ ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ នៅក្នុង​អំឡុង​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕


Tag:
 ​រដ្ឋបាល​រាជធានី​ភ្នំពេញ​
 ​ភ្ជុំបិណ្ឌ​
 ​អគ្គិសនី​
 ​អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com