អន្តរជាតិ
សាសនាធំៗនៃប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន
× អាស៊ាន ជាតំបន់មានការប្រតិបត្តិសាសនាផ្សេងពីគ្នា។ សាសនាធំៗមានដូចជា សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាហិណ្ឌូ។ សាសនាដែលមានការគោរពតាមច្រើនជាងគេនៅក្នុងតំបន់អាស៊ាន គឺព្រះពុទ្ធសាសនា និងសាសនាឥស្លាម។
ព្រះពុទ្ធសាសនា បានជះឥទ្ធិពលទៅលើប្រទេសចំនួនប្រាំមួយ នៅក្នុងអាស៊ាន ដែលមានដូចជា ថៃ, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, វៀតណាម, និងសិង្ហបុរី។ ចំណែកឯសាសនា ឥស្លាម គឺត្រូវបានប្រកាន់យកដោយប្រជាជនភាគច្រើនក្នុងប្រទេសចំនួនបី ដូចជា ប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, និងប្រុយណេ ខណៈដែលប្រទេស ហ្វីលីពីន កាន់សាសនាគ្រិស្ត។
ចំពោះសាសនាហិណ្ឌូ សាសនានេះ មិនមែនជាសាសនាផ្លូវការក្នុងប្រទេសអាស៊ានឡើយនិងមានអត្រាភាគរយទាបជាងគេក្នុងចំណោមសាសនាធំៗទាំង៤។ សាសនាត្រូវបានគោរពជាទូទៅនៅប្រទេសដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី ។
បើទោះបីជាយ៉ាងណាក្តី នៅក្នុងប្រទេសមួយ មិនមែនប្រជាជនសុទ្ធតែកាន់សាសនារបស់រដ្ឋទាំងអស់នោះទេ។ ជាឧទាហរណ៍ នៅក្នុងប្រទេសកម្ពុជា បានទទួលយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ដែលមានអត្រាប្រជាជន៨០% កាន់សាសនានេះ ប៉ុន្តែក៏មានប្រជាជនចំនួន ៤% ផ្សេងទៀតកាន់សាសនាឥស្លាម និង ០.៤%កាន់សាសនាគ្រិស្ត ផងដែរ។ នេះបើតាមទិន្នន័យរបស់វេបសាយ ASEAN Religious Diversity។
ប្រទេសដែលកាន់សាសនាព្រះពុទ្ធច្រើនគឺ ថៃ។ រីឯប្រទេសឥណ្ឌូណេស៊ីវិញ ប្រជាជនស្ទើតែទាំងអស់ទៅហើយ ដែលកាន់សាសនាឥស្លាម។ ចំណែកសាសនាគ្រិស្ត គឺត្រូវបានប្រកាន់ខ្ជាប់ដោយប្រជាជនហ្វីលីពីន។ ក្រៅពីសាសនាធំៗទាំង៤នេះ ក៏នៅមានសាសនាតូចៗផ្សេងទៀតដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com