ជាតិ
× បទ គោព័ទ្ធស្នឹង
-ជីផាតអារ៉ែងស្តែងល្បីឈ្មោះ ឈ្មោះទីសង្គ្រោះគ្រប់សត្វព្រៃ
ព្រៃភ្នំជម្រកសត្វផុតភ័យ ភ័យភិតមានព្រៃលៃពួនជ្រក។
-ជ្រកជ្រៀតឆ្លៀតរស់ព្រោះព្រឹក្សា សាគន្ធបុប្ផាខ្លឹមឈើពក
ពកឈើតម្លៃច្នៃខ្លឹមយក យកឆ្លាក់លាក់លកច្នៃបានប្រាក់។
-ប្រាក់ពីព្រឹក្សាថាថាងថែ ថែទុកឲ្យខ្មែរតទុកដាក់
ដាក់មិនឲ្យបង់លង់លិចបាក់ បាក់បែកចែកចាក់ពីជាតិទៅ។
-ទៅទៀតឆ្លៀតតដល់រឿងក្រុង ក្រុងខេត្តកោះកុងគាប់ចិត្តនៅ
នៅពាមក្រសោបក្តោបភ្ញៀវទៅ ទៅលេងស្នាក់នៅគយគន់ព្រៃ។
-ព្រៃកោងកាងដើមស្រាងស្រាយស្រស់ ស្រស់ស្រូបទុក្ខអស់សល់តែជ័យ
ជ័យដល់អ្នកស្រុកសម្រុកលៃ លៃលូតលែងភ័យរស់ថ្កើងថ្កាន។
-ថ្កានថ្កើងឡើងលូតទាំងរាស្ត្ររដ្ឋ រដ្ឋរីកមុខមាត់រាស្ត្រក៏បាន
បានទាំងស្ពានថ្នល់សល់លុយឡាន ឡានម៉ូតូបានមានផ្ទះថ្ម។
-ថ្មថ្មីក្បឿងក្បាច់កាច់រាងម៉ូដ ម៉ូដផ្លាស់រហូតឲ្យតែល្អ
ល្អច្រើនកោះកុងលែងផុងក្រ ក្រសល់ដោះតមានគ្រប់គ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com