អន្តរជាតិ
ចិន សម្ពោធព្រលានយន្តហោះទីក្រុងប៉េកាំងថ្មីដែលអាចទទួលអ្នកដំណើរ៧០លានក្នុងមួយឆ្នាំ អាកាសយានដ្ឋានអន្តរជាតិ Daxing
× នៅថ្ងៃទី២៥ ខែកញ្ញា អាកាសយានដ្ឋានអន្តរជាតិដ៏ធំ ត្រូវបានបើកជាផ្លូវការនៅក្រោយអធិបតីភាពលោកប្រធានាធិបតី ស៊ី ជិនភីង មុនថ្ងៃគំរប់ខួបសាធារណរដ្ឋប្រជាមានិតចិនលើកទី ៧០។ អាកាសយានដ្ឋានមួយនេះ នឹងត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងជាមួយអាកាសយានដ្ឋានអាមេរិក និងក្លាយជាបណ្ដុំអ្នកដំណើរដ៏ធំរបស់ពិភពលោក។
អាកាសយានដ្ឋានមានរាងដូចនឹងផ្កាយសមុទ្រ ដែលមានទីតាំងនៅភាគខាងត្បូងទីក្រុងប៉េកាំង នឹងជួយសម្រាលបន្ទុកអាកាសយានដ្ឋានអន្តរជាតិ Beijing Capital International Airport នៅភាគខាងជើងនៃរដ្ឋធានី។ អាកាសយានដ្ឋាននេះ បានឈានដល់កម្រិតពេញបន្ទុក ដោយមានយន្តហោះធ្វើដំណើរចេញចូលជាច្រើនពេក និងបង្កឲ្យមានការពន្យារជើងហោះហើរជានិច្ច។
អាកាសយានដ្ឋាននេះ មានឈ្មោះកាត់ថា PKX នឹងក្លាយជាប្រភពដ៏សំខាន់ក្នុងអភិវឌ្ឍចិន ត្រូវបានសម្ពោធដោយប្រធានាធិបតី ស៊ី ជិនភីង។ បើតាមកម្មវិធី Umetrip ដែលជាកម្មវិធីហោះហើរចិន ជើងហោះហើរដំបូងបំផុត ត្រូវចេញពីអាកាសយានដ្ឋានមួយនេះនៅម៉ោង៣:៣០នាទីថ្ងៃទី២៥ ខែកញ្ញាតែម្ដង។
មានចំងាយឆ្ងាយជាងអាកាសយានដ្ឋានចាស់ជិតពីរដង ព្រលានយន្តហោះ Beijing Daxing International Airport នឹងបើកឲ្យដំណើរការពេញលេញនៅក្នុងឆ្នាំ ២០២៥ ជាមួយនឹងផ្លូវសម្រាប់ហោះហើរចំនួន ៤ និងត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវទេសចរ ៧២លាននាក់ក្នុងមួយឆ្នាំ។ ជាពិសេសនៅក្នុងឆ្នាំ ២០៤០ខាងមុខទៀត មជ្ឈមណ្ឌលមួយនេះនឹងពង្រីកទៅជា ៨ផ្លូវ រួមបញ្ចូលមួយផ្លូវទៀតសម្រាប់យោធាប្រើប្រាស់។
ពិតណាស់ថា ក្នុងឆ្នាំ ២០៤០ អាកាសយានដ្ឋានមួយនេះ ត្រូវបានគេប្រមាណថា នឹងអាចទទួលភ្ញៀវទេសចរបាន ១០០លាននាក់ ដែលជាចំនួនដ៏ច្រើនជាងគេបង្អស់ ក្នុងចំណោមព្រលានដែលមានសំណង់អាគារតែមយប៉ុណ្ណោះ។ ព្រលានយន្តហោះអាមេរិក Atlanta អាចទទួលភ្ញៀវទេសចរបានរហូតដល់ជាង ១០០លាននាក់ ប៉ុន្តែមានអាគារ (Terminal) ចំនួនពីរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Channel New Asia។
អាកាសយានដ្ឋានភាគខាងត្បូងទីក្រុងប៉េកាំងមួយនេះ មានទំហំ ៧សែនមែត្រការ៉េ ឬស្មើរនឹងទំហំតារាងបាល់ទាត់ចំនួន ១០០ ។ វាជាបណ្ដុំហេដ្ឋារចនាសម្ពន្ធដ៏ធំមួយ ក្នុងចំណោមអាកាសយានដ្ឋានពិភពលោកផ្សេងទៀត។ ចំពោះការគូសប្លង់វិញ អាគារមួយនេះត្រូវបានរចនាឡើងដោយលោកស្រី Zaha Hadid ស្ថាបត្យករល្បីឈ្មោះដែលបានទទួលមរណភាពក្នុងឆ្នាំ ២០១៦។ សម្រាប់ការរចនាផ្នែកខាងក្នុងវិញ អាគារទាំងមូលមានលំអរ ដោយផ្កា បន្ទាត់កោង ភ្លើង ដែលធ្វើឲ្យភ្ញៀវទេសចរមានភាពការពេញចិត្ត។ ចំណែកនៅខាងក្រោមអាកាសយានដ្ឋានវិញ វាមានស្ថានីយរថភ្លើង សម្រាប់ឲ្យអ្នកដំណើរជិះទៅកណ្តាលទីក្រុងប៉េកាំងត្រឹមតែ ២០នាទីប៉ុណ្ណោះ។
បន្ថែមពីលើនេះទៅទៀត ការចំណាយលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Daxing បានអស់ ១៧,៥ពាន់លានដុល្លារ ឬអាចច្រើនជាងនេះ ប្រសិនបើគិតជាមួយផ្លូវរថភ្លើងទៅក្នុងតម្លៃនេះ ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានចិនភាគខាងត្បូង និងភាគខាងកើត គឺជាអាកាសយានដ្ឋានដ៏សំខាន់នៅក្នុងស្រុក Daxing។ ចំណែកអាកាសចរណ៍បរទេសចំនួន៥០ក្រុមហ៊ុន រួមបញ្ចូលក្រុមហ៊ុន British Airways និង Finnair មានគម្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលពីរ ឬបីត្រីមាសទៀតទៅអាកាសយានដ្ឋានថ្មីនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com