ភ្នំពេញ៖ យុវជនមួយចំនួននៅតែមានជំនឿលើការបោះបាយបិណ្ឌ ថានឹងបានទៅដល់ញាតិរបស់ខ្លួន ប្រសិនបើពួកគាត់ភ្លាត់សតិធ្លាក់ទៅកើតជាសត្វតិរច្ឆាន ឬទៅកើតក្នុងអបាយភូមិ។ តាមរយៈចិត្តសទ្ធាជ្រះថ្លាចំពោះបុណ្យកុសល យុវជនទាំងនោះបានតាំងចិត្តផ្សាយមេត្តានិងផលបុណ្យទាំងឡាយដែលខ្លួនបានធ្វើ ដល់ជាតិរបស់ពួកគេឱ្យឆាប់រួចផុតចាកបាបទាំងពួកផងដែរ។
នាម៉ោងប្រមាណ៤កន្លះទៀបភ្លឺ ដែលជាវេលាមិនមានព្រះសុរិយា យុវជនប្រុសស្រី និងវ័យចំណាស់ផង កាន់ចានជ័រនិងចានថ្មពេញដោយបាយមានលាយសណ្ដែក ដូង ល្ង ស្ករ និងផ្កាពណ៌ក្រហមជាដើមផង លើកឡើងត្រឹមចង្កាឱនមុខចុះក្នុងកិរិយាឧទ្ទិសដល់ញាតិរបស់ខ្លួន។ បាយនេះហៅថាបាយបិណ្ឌ។ នៅរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គេបោះបាយបិណ្ឌនេះទៅតាមខឿនព្រះវិហារ នៅវេលាព្រឹកមិនមានពន្លឺព្រះអាទិត្យ។ គេមានជំនឿថាពពួកប្រេតនឹងអាចមកទទួលបាយដែលញាតិបោះទៅនោះ។
ក្នុងចំណោមមនុស្សចម្រុះវ័យ អ្នកនាង សេង ច័ន្ទពិសី អាយុ២៧ឆ្នាំ បានប្រាប់ថា នាងក្រោកពីម៉ោង៤ទៀបភ្លឺ ដើម្បីដាំបាយដំណើបនិងលាយជាមួយគ្រឿងផ្សេងៗ ធ្វើជាបាយបិណ្ឌយកមកវត្ត។ នារីសម្បុរស្រអែមសរូបនេះមានជំនឿថា ការបោះបាយបិណ្ឌនឹងបានដល់ប្រេត។ ក្រោយពីសូត្រធម៌តាមព្រះសង្ឃនិងអាចារ្យរួច នារីកំព្រាទាំងឪពុកនិងម្ដាយរូបនេះ អះអាងថា ព្រោះតែមិនដឹងថាអ្នកមានគុណរបស់នាងទៅចាប់បដិសន្ធិនៅទីណា ដូច្នេះទើបបានជានាងប្រឹងប្រែងធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលទៅដល់ពួកគាត់។
នាងបញ្ជាក់៖«ការបោះបាយបិណ្ឌនេះគឺជាទំនៀមទម្លាប់របស់ខ្មែរយើង។ កាលគាត់នៅមានជីវិតយើងមិនដឹងថាគាត់បានធ្វើបាបអ្វីខ្លះ? ហើយយើងក៏មិនដឹងទាំងអស់គ្នា ថាជីដូនជីតានិងអ្នកមានគុណរបស់យើងទៅកើតនៅទីណា? ខ្ញុំខ្លាចគាត់ភ្លាត់សតិធ្លាក់ទៅជាប្រេតឬទៅអបាយភូមិ ដូច្នេះខ្ញុំបោះបាយបិណ្ឌនេះដើម្បីឧទ្ទិសកុសលជូនគាត់។ ក្រៅពីបោះបាយបិណ្ឌខ្ញុំក៏រៀបចំចង្ហាន់ព្រឹកនិងចង្ហាន់ត្រង់មកប្រគេនព្រះសង្ឃដែរ។ បើទោះបីជាគាត់មិនទៅកើតក្នុងអបាយភូមិ ក៏ខ្ញុំនៅតែបោះបាយបិណ្ឌ ព្រោះនេះជាប្រពៃណីខ្មែរ។ ខ្ញុំបានឧទ្ទិសដល់ញាតិក្នុងសង្សារវដ្ដ ដែលមិនមានញាតិឧទ្ទិសឱ្យដែរ ដើម្បីឱ្យគាត់បានឆ្អែត»។
ចំណែកអ្នកនាង សម ច័ន្ទម្លិះ អាយុ២៥ឆ្នាំ កំពុងតែអង្គុយក្នុងសាលាឆាន់ក្រោយពីបានបោះបាយបិណ្ឌរួច។ ម្លិះ ក៏មានជំនឿថាបាយបិណ្ឌដែលនាងបោះទៅដោយបានសូត្រធម៌ឧទ្ទិសនោះ នឹងបានទៅដល់ពពួកញាតិរបស់ខ្លួនដែរ ប្រសិនបើញាតិរបស់នាងពិតថាបានធ្លាក់អបាយភូមិមែន។ អ្នកនាង ច័ន្ទម្លិះ បន្ថែមទាំងទឹកមុខញញឹមរីករាយ៖«ខ្ញុំមិនដែលបោះផ្ដេសផ្ដាសទេ គឺខ្ញុំសូត្រធម៌បាលីតាមអាចារ្យ។ ខ្ញុំជឿថាប្រេតនឹងបានទទួល»។
នារីដែលទទួលបានការអប់រំទូន្មានឱ្យចេះធ្វើបុណ្យទានតាំងពីក្មេងរូបនេះ អាចបោះបាយបិណ្ឌបានប្រហែល៦ដងក្នុងមួយរដូវភ្ជុំ។ នារីសម្រស់មិនចាញ់តារាសម្ដែងរូបនេះ តែងត្រូវបានមិត្តភក្ដិប្រាប់មិនឱ្យបោះបាយបិណ្ឌ ប៉ុន្តែនាងនៅតែមានជំនឿថាការធ្វើបុណ្យកុសលមានច្រើនរូបភាព ហើយមានចិត្តដល់មុន។
«មុនបោះបាយបិណ្ឌខ្ញុំលើកចានបាយឡើង ហើយខ្ញុំឧទ្ទិសដល់ញាតកាទាំង៧សណ្ដានដែលបានបាក់បែកចែកឋានទៅ ឱ្យមកទទួលបាយបិណ្ឌដែលកូនចៅបានធ្វើជូន។ បើចាំឈ្មោះខ្ញុំហៅចំឈ្មោះ តែបើខ្ញុំមិនចាំឈ្មោះ នោះខ្ញុំឧទ្ទិសដល់ញាតកាទាំង៧សណ្ដាន ហើយសូមកុំឱ្យគាត់ប្រកាន់ខ្ញុំ។ ខ្ញុំឧទ្ទិសបែបនេះហើយ ទើបខ្ញុំសូត្របាលីតាមអាចារ្យ»។ នេះជាការបញ្ជាក់របស់អ្នកនាង ច័ន្ទម្លិះ។
ចំណែកលោក ថាច់ យូរី ដែលមានអាយុ២៤ឆ្នាំ បានមកបោះបាយបិណ្ឌជាលក្ខណៈគ្រួសារ ដែលមានប្រពន្ធកូនម្ដាយក្មេកនិងបងថ្លៃ។ មានរាងស្គមសម្បុរស្រអែមអង្គុយក្បែរចានស្រាក់របស់ខ្លួនលោក យូរី មកបោះបាយបិណ្ឌព្រោះធ្វើតាមប្រពៃណីនិងជំនឿរបស់ខ្មែរ។ ហើយលោកក៏មានជំនឿលើការបោះបាយបិណ្ឌដែរ។
អ្វីដែលជាការសង្កេតរបស់លោក យូរី នៅពេលមកបោះបាយបិណ្ឌ គឺយុវជនមួយចំនួនយកការមកបោះបាយបិណ្ឌ ដើម្បីគ្រាន់តែជាការកម្សាន្ត លេងសើចសប្បាយដោយមិនបានតម្កល់ចិត្តឧទ្ទិសបុណ្យដល់ញាតិឡើយ។ លោកបញ្ជាក់៖«មានយុវជនខ្លះមកបោះបាយបិណ្ឌ បែរជាមកលេងសើចទៅវិញ។ អ្នកខ្លះមកប្រឡែងគ្នា។ ខ្ញុំយល់ថាទង្វើនេះមិនសមគួរគេ បើគាត់មកគ្រាន់តែចង់សប្បាយ គាត់កុំបោះបាយបិណ្ឌអីល្អជាង។ បើគាត់គ្រាន់តែបោះលេងសើច ញាតិរបស់គាត់ក៏មិនបានទទួលអ្វីដែរ»។
បុរសកូនមួយរូបនេះសំណូមពរដល់យុវជនថា សូមសង្រួមចិត្តឧទ្ទិសកុសលដល់ញាតិដែលបានស្លាប់ទៅនៅរាល់ពេលធ្វើបុណ្យ។
ទាក់ទងនឹងការបោះបាយបិណ្ឌនេះដែរព្រះភិក្ខុ ឈន វិបុល ព្រះលេខាវត្តសន្សំកុសល បានពន្យល់ពីសត្វដែលអាចទទួលបាយបិណ្ឌបាន។ ព្រះអង្គមានថេរដីកាថា បាយបិណ្ឌមិនមែនបោះទៅឱ្យប្រេតឡើយ ប៉ុន្តែគេបោះបាយបិណ្ឌដើម្បីអនុគ្រោះដល់ពពួកសត្វតិរច្ឆានទាំងឡាយមានដូចជាសត្វឆ្កែ ឆ្មា ស្រមោច សង្អារ និងសត្វល្អិតដទៃទៀតបានស៊ី។
ព្រះអង្គបន្ថែមថា បើគេចង់ឧទ្ទិសអាហារភោជនឱ្យដល់ពពួកប្រេត នោះត្រូវតែឆ្លងកាត់អង្គ៣។ អង្គទី១ ត្រូវប្រគេនទានឬជូនទាននោះដល់អ្នកមានសីល។ អង្គទី២ ត្រូវតែឧទ្ទិសបុណ្យឱ្យចំឈ្មោះ។ និងអង្គទី៣ ប្រេតដែលអាចទទួលទានដែលញាតិឧទ្ទិសទៅឱ្យបានមានតែប្រេតមួយចំនួនតែប៉ុណ្ណោះ។ ដូចជាប្រេតឈ្មោះ បរតទ្ទោជីវកប្រេតជាដើម ដែលរស់ដោយសារបុណ្យ ឬផលទានដែលអ្នកដ៏ទៃឧទ្ទិសឱ្យ។
ព្រះអង្គមានថេរដីកាបញ្ជាក់បន្ថែម៖«បើគ្រាន់តែបោះបាយបិណ្ឌ ហើយឱ្យប្រេតមកទទួលតែម្ដងគឺមិនបានទេ។ បាយបិណ្ឌបានទៅដល់ត្រឹមពពួកញាតិ ដែលបានទៅកើតជាសត្វតិរច្ឆានក្នុងវត្តឬនៅជិតវត្តតែប៉ុណ្ណោះ ពេលដែលពួកគេមកស៊ី។ ប្រេតខ្លះយើងឧទ្ទិសបុណ្យទៅឱ្យបាន ប៉ុន្តែពពួកញាតិដែលទៅចាប់បដិសន្ទិក្នុងនរកគឺមិនអាចទទួលបានទេ»។
ព្រះអង្គមានថេរដីកាបន្ត៖«ចាស់ពីដើមលោកបាននិយាយថា រដូវភ្ជុំត្រូវធ្វើបុណ្យឱ្យបាន៧វត្ត ព្រោះបង្ការក្រែងលោញាតិទាំងនោះទៅកើតជាសត្វតិរច្ឆាននៅកន្លែងជិតយើងរស់នៅ ឬនៅតំបន់ឆ្ងាយក្ដីគាត់អាចបានទទួល។ មិនមានអ្នកណាម្នាក់ដឹងថាសត្វចុតិពីជាតិនេះហើយ នឹងទៅចាប់បដិសន្ធិនៅទីណាទេ គឺមានតែព្រះសម្មាសម្ពុទ្ធតែមួយអង្គប៉ុណ្ណោះដែលដឹង»។
ពីមុនគេបោះបាយបិណ្ឌទៅលើដីផ្ទាល់តែម្ដង ប៉ុន្តែនៅពេលបច្ចុប្បន្ននេះដើម្បីរក្សាអនាម័យ និងសោភ័ណ្ណភាពវត្ត គេយកកញ្ច្រែងឬភាជន៍ផ្សេងៗ មកដាក់នៅជ្រុងដែលត្រូវបោះបាយបិណ្ឌ។ ក្រោយពីពិធីចប់គេក៏នាំយកបាយទាំងនោះទៅចាក់នៅកៀនណាមួយ ឬទីទំនេរណាមួយ ដើម្បីឱ្យសត្វតិរច្ឆានទាំងឡាយបានអាស្រ័យ៕