អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការទូត​ចិន​៖ ចិន គ្មាន​បំណង​ប្រើ​យុទ្ធសាស្ត្រ Game of Thrones ដើម្បី​យកឈ្នះ​អាមេរិក​ឡើយ​
26, Sep 2019 , 7:39 pm        
រូបភាព
រូបភាព (Reuters)
រូបភាព (Reuters)
​ប្រមុខ​ការទូត​ចិន​លោក វ៉ាង យី នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់​អាមេរិក​លើ​របៀប​រកស៊ី​របស់​ចិន​ថា ចិន​គ្មាន​បំណង​ចង់​ប្រើ​យុទ្ធសាស្ត្រ​ដូច​ក្នុង​រឿង Game of Thrones នៅលើ​ឆាក​អន្តរជាតិ​ឡើយ​។ លើសពីនេះ លោក វ៉ាង ថែមទាំង​ព្រមាន​អាមេរិក កុំ​ចង់​គំរាមកំហែង​ចិន និង​កុំ​ចេះដឹង​រឿង​ផ្ទៃក្នុង​របស់​ចិន​ច្រើនពេក​។ 
​នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៅឯ​អង្គការសហប្រជាជាតិ ទីក្រុង​ញូវយ៉ក លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​ចិន បាន​ជំរុញ​ឲ្យ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​អាមេរិក និង​ចិន ធ្វើ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ទាញ​ផលប្រយោជន៍​សេដ្ឋកិច្ច​ពីគ្នា​ទៅវិញ​មក ជាជាង​ប្រឈមមុខ​ដាក់គ្នា​។​
 
​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ជំនួញ​អាមេរិក និង​ចិន លោក វ៉ាង សង្ឃឹមថា កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នាពេលខាងមុខ​នឹង​ទទួលបាន​ផល​ល្អ​។ ប៉ុន្តែ​ប្រមុខ​ការទូត​ចិន​រូបនេះ​ក៏បាន​ព្រមាន​ថា កិច្ចចរចា​ត្រូវតែ​ផ្អែក​លើក​ការគោរព​គ្នា​ទៅវិញទៅមក និង​មិនត្រូវ​ស្ថិតនៅក្រោម​ការគំរាមកំហែង​ឡើង​។ នេះ​តាម​ការចុះផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel News Asia​។ 
 
«​ចិន​មិនមាន​ចេតនា​ប្រើ​យុទ្ធសាស្ត្រ​ដូច​ក្នុង​រឿង Game of Throne នៅលើ​ឆាក​អន្តរជាតិ​ទេ​។ សម្រាប់​ពេលបច្ចុប្បន្ន និង​ពេលអនាគត អាមេរិក​គឺជា​ប្រទេស​ខ្លាំងជាងគេ​បំផុត​ក្នុង​ពិភពលោក​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ាង ដោយ​បន្តថា ចិន​គ្មាន​បំណង​ចង់​ឈ្នះ​អាមេរិក ធ្វើជា​មេដឹកនាំ​ពិភពលោក​នោះទេ ព្រោះ​វា​មិនមែន​ចរិត​របស់​ចិន​ឡើយ​ក្នុងការ​ស្វែងរក​នូវ​អនុត្តរភាព​និយម ហើយ​ចិន គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​នៅ​ពីក្រោយ​អាមេរិក​ឆ្ងាយ​ណាស់​។​
 
​បន្ថែម​ពីលើ​នេះ ប្រមុខ​ការទូត​ចិន​ទទូច​ឲ្យ​ភាគី​ទាំងពីរ​ប្រកាន់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា គោរព​ដែន​អធិបតេយ្យភាព​គ្នា និង​មិន​ដាក់ទណ្ឌកម្ម​លើ​គ្នា​ទៅវិញទៅមក​។ ច្បាស់​ណាស់​ថា ដោយ​លើកឡើង​បែបនេះ លោក វ៉ាង គឺ​ចង់​សំដៅ​ទៅលើ​បញ្ហា​ហុងកុង ព្រោះ​កន្លងមក​អាមេរិក​តែងតែ​និយាយ និង​ជ្រែ​ត​ជ្រៀត​បញ្ហា​នៅលើ​ដែនដី​មួយ​នេះ ក៏ដូចជា​បញ្ហា​នៅ​ស៊ីន​ជាំ​ង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក វ៉ាង យី​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​មហាសន្និបាទ​អង្គការសហប្រជាជាតិ​ថា អាមេរិក​នឹងមិន​ទទួល​នូវ​កិច្ចព្រមព្រៀង​អាក្រក់​មួយ ដែល​កើតចេញពី​ការចរចា​ពាណិជ្ជកម្ម​ឡើយ​។ លោក​ត្រាំ ថែមទាំង​ព្រមាន​ថា ពិភពលោក​ទាំងមូល​កំ​ពុង​មើល ថា​តើ​ចិន​ដោះស្រាយ​បញ្ហា​ហុងកុង​ដោយ​របៀប​ណា​៕

Tag:
 ចិន​
  វ៉ាង យី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com