គ្រួសារ​សព​នាង Nusara ទារ​សំណង​១០​លាន​ដុល្លារ តែ​ម្ចាស់ Leicester បដិសេធ​
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រួសារ​សព​នាង Nusara ទារ​សំណង​១០​លាន​ដុល្លារ តែ​ម្ចាស់ Leicester បដិសេធ​
25, Sep 2019 , 6:09 pm        
រូបភាព
​ម្ចាស់​ក្លិប Leicester City បច្ចុប្បន្នលោក Aiyawatt Srivaddhanaprabha ​បាន​បដិសេធ​ផ្តល់​សំណង​តាម​ការទាមទារ​ពី​សំណាក់​ក្រុមគ្រួសារ​សព​នាង Nusara Suknamai ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡដ្ឋាន King Power ក្នុង​រង្វង់​ទឹក​ជិត​១០​លាន​ដុល្លារ​។



​នាង Nusara Suknamai អតីត​បវរកញ្ញា Miss Universe លេខ​២​ថៃ ក៏​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ទាំង​៥​នាក់​រួមទាំង​ម្ចាស់​ក្លិប Leicester លោក Vichai Srivaddhanaprabha ផង ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​។​



​ក្រុមគ្រួសារ​របស់​នាង Nusara បាន​ប្តឹង​ទារ​សំណង​ខូចខាត​ពី​លោក Vichai ដែល​ទើប​ឡើងកាន់​កាប់​ក្លិប​កញ្ជ្រោង​នៃ​ក្របខណ្ឌ Premier League ក្នុង​ចំនួន​ទឹកប្រាក់ ៣០០​លាន​បាត (៩,៨ លាន​ដុល្លារ​អាមេរិក​)​។ យ៉ាងណា ក្រុមហ៊ុន King Power ដែល​គ្រប់គ្រង​ក្លិប​នៅ​អង់គ្លេស​នេះ​បាន​បដិសេធ​នឹង​ការទាមទារ​សំណង​នេះ​។​

​លោក Aiyawatt ជា​កូនប្រុស​លោក Vichai Srivaddhanaprabha និង​ជា​ប្រធាន​ក្រុមហ៊ុន King Power មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​។ ក្រុមហ៊ុន​ទេសចរណ៍​ឈានមុខ​គេ​របស់​ថៃ​មួយ​នេះ ធ្លាប់មាន​នាង Nusara ជា​បុគ្គលិក​ម្នាក់​ផងដែរ​។​

​ក្នុង​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​បានលើកឡើង​ថា​៖« King Power បានផ្តល់​ដល់​គ្រួសារ​របស់ Nusara រួចរាល​ហើយ ដែល​រួមទាំង​ការទាមទារ​ការធានារ៉ាប់រង​ផង​បន្ទាប់ពី​គ្រោះថ្នាក់​នោះ​។ ប៉ុន្តែ​ក្រុមគ្រួសារ​​ទទួល​យកតែ​ការបង់ប្រាក់​តាម​លក្ខន្តិក និង​សុខុមាលភាព​ប៉ុណ្ណោះ ដោយ​បដិសេធ​ការជួយឧបត្ថម្ភ​ផ្សេងៗ​ទៀត​»​។​
King Power បន្ថែមទៀតថា ​ខ្លួន​​បានផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​តាមបែប​មនុស្សធម៌បន្ថែម​ដល់​គ្រួសារ​របស់ Nusara ប៉ុន្តែ​ពួកគេ​បដិសេធ​។​

​យ៉ាងណាក៏ដោយ មេធាវី​របស់​ក្រុមគ្រួសារ​នាង Nusara និយាយថា​ពួកគេ​បានទទួល​ប្រាក់​តែ​ចំនួន ៧៥០០០​បាត (២,៤៦០​ដុល្លារ​) សម្រាប់​ពិធី​បុណ្យសព និង​ថវិកា​មួយចំនួន​ដើម្បី​បរិច្ចាគ​ដល់​ព្រះសង្ឃ​ប៉ុណ្ណោះ​។​

​មេធាវី​បន្តថា​ក្រុមហ៊ុន King Power លើក​ទី​១​បានផ្តល់​ប្រាក់​ចំនួន ២៥០០០​ដុល្លារ និង​ក្រោយមក​ចំនួន ៥០០០០​ដុល្លារ ប៉ុន្តែ​គ្រួសារ​មិន​ទទួលយក​នោះទេ ព្រោះតែ​លុយ​នេះ​តម្រូវ​ឲ្យ​ពួកគេ​លះបង់​សិទ្ធិ​ក្នុងការ​ទាមទារ​ប្រាក់​ធានារ៉ាប់រង​បន្តទៀត​។ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​បានប្រកាស​​ថា​ពួកគេ​បដិសេធ​រាល់​ការទាមទារ​របស់​ក្រុមគ្រួសារ​របស់​សព​នាង Nusara តែម្តង​៕

Tag:
 Nusara Suknamai
  King Power
  Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com