ជាតិ
បុណ្យភ្ជុំបិណ្ឌ
ខ្មែរក្រោម ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខ្លី​ជាង​ពលរដ្ឋ​ពល​ខ្មែរ​កណ្ដាល​
23, Sep 2022 , 3:59 pm        
រូបភាព
រូបភាពពីលោក ប៊ុន មុនី
រូបភាពពីលោក ប៊ុន មុនី
​ខ្មែរក្រោម​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​យ៉ាង​ខ្ជាប់ខ្ជួន ដូច​ខ្មែរ​កណ្តាល​ដែរ​។ ប៉ុន្តែ​មាន​ភាពខុសគ្នា នៅត្រង់ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​ក្រោម មាន​រយៈពេល​ខ្លី ដោយសារតែ​ពួកគេ មិនមាន​ពេល​គ្រប់គ្រាន់ ហើយ​មិនមែនជា​ថ្ងៃ​ឈប់សម្រាក​របស់​ប្រទេស​វៀតណាម​។

 
​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តាម​វត្ត​ខ្មែរ​ខ្លះ នៅ​កម្ពុជា​ក្រោម មាន​ត្រឹម​តែង​៣​ថ្ងៃ ឬមួយ​សប្ដាហ៍​។ ទោះយ៉ាងណា​ក៏ដោយ ក៏មាន​វត្ត​តិចតួច​ខ្លះ ដែល​ប្រារព្ធ​ដល់​១៥​ថ្ងៃ​។ វត្ត​អារាម​ដែល​អាច​រៀបចំ​១៥​ថ្ងៃ គឺ​ដោយសារតែ មានការ​រៀបចំ​ដោយ​កិច្ចសហការ​គ្នា​រវាង​វត្ត និង​ពលរដ្ឋ​។​
 
​វត្ត​នៅ​កន្លែង​ខ្លះ​មាន​ពលរដ្ឋ​កាន់បិណ្ឌ​ច្រើន​ក៏បាន​ប្រារព្ធ​ច្រើន​ថ្ងៃ ដោយឡែក​វត្ត​ខ្លះ​មាន​ពលរដ្ឋ​កាន់បិណ្ឌ​ត្រឹម​៣​ទៅ​៧​ថ្ងៃ​។ នេះ​តាម​ថេរ​ដីកា​របស់​ព្រះអង្គ ហា សំអាង ដែលជាអតីតព្រះចៅអធិការវត្ត​សាមគ្គី​រង្សី នៅ​សង្កាត់​ស្ទឹងមានជ័យ​ខ័​ណ្ឌ​មានជ័យ ជា​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ភ្នំពេញ​។​
 
«​វត្ត​ខ្លះ​មាន​បងប្អូន​ពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ធូរធា ក៏​ប្រារព្ធ​បាន​ច្រើន​ថ្ងៃ​ហើយ​វត្ត​មួយចំនួនទៀត​មិនសូវមាន​ពលរដ្ឋ​ចូលរួម ដោយ​ជាប់រវល់​ការងារ​មិនមាន​ឈប់សម្រាក​។​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ព្រះ​តេជគុណ ហា សំអាង​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក ប៊ុន មុន្នី ប្រធាន​មិត្តសមាគម​ខែ្មរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ការងារ​មិនបាន​ចូលរួម​ច្រើន​នោះទេ ដោយសារ​មិនមាន​ពេល​ឈប់សម្រាក ព្រោះ​បុណ្យប្រពៃណី​ខ្មែរ​ក្នុងប្រទេស​វៀតណាម​។ 
 
«​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មិនសូវមាន​ការជួយជ្រោមជ្រែង កន្លែង​ខ្លះ​ពលរដ្ឋ​មិនសូវ​ធូរធា និង​មិនមាន​ពេល​គ្រប់គ្រាន់​ព្រោះ​គ្មាន​ពេល​ឈប់សម្រាក​។ វត្ត​ដែល​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​បាន​ច្រើន​ថ្ងៃ​ឬ​១៥​ថ្ងៃ​មាន​នៅតែ​ខេត្ត​មាត់ជ្រូក​ប៉ុណ្ណោះ​។ ចំពោះ​ការ​ទៅ​វត្ត កាន់បិណ្ឌ និង​បោះ​បាយបិណ្ឌ គឺមាន​លក្ខណៈ​ដូច​ខ្មែរ​កណ្ដាល​ដែរ​។​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​៕
 

Tag:
 ខ្មែរ​កម្ពុជា​ក្រោម​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com